មហាសេដ្ឋីអចលនទ្រព្យចិន ត្រូវប៉ូលីសចាប់ខ្លួន ព្រោះធ្លាប់ប្លន់ធនាគារ កាលពីជាង ១០ឆ្នាំមុន

ចិន៖ យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា​ ប៉ូលីសចិន បានចាប់ខ្លួន ​មហាសេដ្ឋីផ្នែកអចនទ្រព្យដ៏ល្បីឈ្មោះម្នាក់ និងបក្ខពួក ៤នាក់ទៀត បន្ទាប់ពីរកឃើញថា មហាសេដ្ឋីរូបនេះ មានជាប់ពាក់ព័ន្ធ នឹងករណីប្លន់ធនាគារ នៅក្នុងទីក្រុង Zhengzhou ខេត្តហេណាន កាលពីឆ្នាំ១៩៩៩។

ជនសង្ស័យជាមហាសេដ្ឋីរូបនេះ មានឈ្មោះ Shi Erqun បានរៀបរាប់សារភាពថា «រឿងដែលខ្ញុំធ្លាប់បានធ្វើ គួរតែរំលឹកដល់កាលពីអំឡុងឆ្នាំនោះ ជាពេលដែលក្រុមហ៊ុនរបស់ខ្ញុំ ត្រូវធ្វើគម្រោងមួយចំនួន រហូតដល់បណ្តាលឲ្យខ្ញុំជំពាក់បំណុលធនាគារយ៉ាងច្រើន ហើយពេលនោះខ្ញុំក៏បានព្យាយាមខ្ចីប្រាក់ពីសាច់ញាតិរបស់ខ្ញុំដែរ តែពួកគេមិនព្រមឲ្យប្រាក់ខ្ញុំខ្ចីឡើយ ទើបខ្ញុំសម្រេចចិត្ត ចេញប្លន់ធនាគារ ជាមួយនឹងក្រុមមិត្តភក្តិ ដើម្បីបានប្រាក់សងបំណុល»។

លោក Shi បានសារភាពបន្តទៀតថា «ខ្ញុំជាមួយនឹងបក្ខពួកបានរួមគ្នា ប្រព្រឹត្តបទឧក្រិដ្ឋនេះ ហើយពួកយើងបាន ស្បថរួមគ្នាថា នឹងទុករឿងនេះជាអាថ៌កំបាំង សូម្បីតែប្រពន្ធក៏មិនអាចឲ្យដឹងបានដែរ»។

គូសបញ្ជាក់ផងដែរថា បក្ខពួកដែលបានចូលប្លន់ ធនាគារជាមួយលោក Shi Erqun រួមមាន Yu Quanshou, Li Fuli, Chen Decheng និង Shi Xinchun ហើយក្រោយពីប្លន់រួច ពួកគេបានចែកប្រាក់គ្នា រួចគេចខ្លួនទៅក្រៅប្រទេស។ តែសម្រាប់លោក Shi Erqun វិញ បានយកប្រាក់នោះមកសងបំណុល របស់ក្រុមហ៊ុន និងមានគម្រោង រត់ចេញទៅក្រៅប្រទេស ក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ តែបន្ទាប់ពីការរកស៊ីចេះតែកាក់កប និងកើនឡើងជាលំដាប់ ទើបធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីប្រចាំប្រទេស ហើយក៏លែងចាកចេញ ទៅរស់នៅក្រៅប្រទេសទៀត រហូតទាល់តែ ប៉ូលីសរកឃើញបទល្មើស កាលពីអតីតរបស់លោក និងឈានទៅដល់ការចាប់ខ្លួន បានសំរេច។ ចំពោះការចោទប្រកាន់ ឬកាត់ទោសយ៉ាងណានោះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

មហាសេដ្ឋីអចលនទ្រព្យចិន ត្រូវប៉ូលីសចាប់ខ្លួន ព្រោះធ្លាប់ប្លន់ធនាគារ កាលពីជាង ១០ឆ្នាំមុន
Shi Erqun មហាសេដ្ឋីផ្នែកអចលនទ្រព្យ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីបានរកឃើញ ទោសកំហុសរបស់លោក

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត