ការលត់ប្រ៊ុយណេ ៦-១ នាំឲ្យកម្ពុជា ឡើងចំណាត់ថ្នាក់៣លេខនៅ FIFA

បន្ទាប់​ពី​ធ្លាក់​ទៅ​ឈរ​នៅ​​លេខ​រៀង​១៨៦នៃ​ចំណាត់​ថ្នាក់ FIFA World Ranking ក្នុង​ចំណោម​ប្រទេស​ចំនួន​២០៧ កាល​ពី​ខែ​មុន នៅ​ពេល​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ឡើង​ចំណាត់​ថ្នាក់ចំនួន​៣​លេខវិញ ខណៈ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ជា​មួយ​គ្នា​រួម​មានថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ទីម័រ​ខាង​កើត ឡាវ និង​ប្រ៊ុយណេ សុទ្ធតែ​បាន​ឡើង​​ចំណាត់​ថ្នាក់​ដូច​គ្នា ប៉ុន្តែ​ក្រុម​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី បាន​ធ្លាក់​ចុះ​៣​លេខដូច​គ្នា។
1
បើ​ទោះ​បី​ជា​កម្ពុជា បាន​បន្ត​ចាញ់​ក្រុម​សិង្ហបុរី ២-១ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​​​បាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី កាល​ពី​ថ្ងៃ​ទី​១៣ ខែតុលា ប៉ុន្តែ​​ការ​លត់​ក្រុមប្រ៊ុយណេ ៦-១ ក្នុងការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​​យប់​ថ្ងៃអង្គារ ទី​៣ ខែវិច្ឆិកា​នេះ គឺ​ជា​ការ​ជួយ​រួម​ចំណែក​យ៉ាង​ធំ​ដែល​នាំ​ឲ្យ​កម្ពុជា បាន​ឡើង​ចំណាត់​ថ្នាក់​៣​លេខ​នេះ ​ព្រោះ​ចំណាត់​ថ្នាក់​ប្រចាំ​ខែ​វិច្ឆិកា​នេះ ត្រូវ​បាន FIFA ​គិត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា ម្សិល​មិញ។

ដោយ​ឡែក​ក្រុម​បែលហ្សិក បាន​ឡើង​ទៅ​ឈរនៅ​​លេខរៀង​ទី​១ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​​របស់​ខ្លួន បន្ទាប់​ពី​​ក្រុម​មួយ​នេះ បាន​លោត​ផ្លោះ​​២ចំណាត់​ថ្នាក់​​គឺ​ពី​លេខ​៣ ​កាល​ពី​ខែ​មុន មក​ឈរ​លេខ​១ ​ក្នុង​ខែ​វិច្ឆិកា​នេះនោះ ​​ដោយ​​​រុញ​ទម្លាក់​ក្រុម​អាហ្សង់ទីន ​ពី​លេខ​១​ទៅ​ឈរ​នៅ​លេខ​៣វិញ ប៉ុន្តែ​ក្រុម​ជើង​ឯក​ពិភពលោក​អាល្លឺម៉ង់ ​នៅតែ​បន្ត​​ឈរ​លេខ​២​ដដែល៕