អគ្គិភ័យឆេះ​រថ​យន្ត​អស់​៣​គ្រឿង​ក្នុង​ដីឡូត៍ខាង​ក្រោយ​ស្ថាន​ទូត​ថៃ

រាជ​ធានីភ្នំពេញ ៖ ​រថយន្ត​៣​គ្រឿង​ចត​នៅ​ក្នុង​រោង​ទុក​ក្នុង​ដី​ឡូ​លេខ​១ នៅ​ខាងក្រោយ​ស្ថានទូត​ថៃ ផ្លូវ​លេខ​៧៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​ និង​១៥​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ​វិច្ឆិកា ។

សាក្សី​ដែលឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា ដី​ឡូត៍​ខាងលើ​នេះ​មិន​មាន​ម្ចាស់​ស្នាក់​នៅទេ​ គ្រាន់តែ​ធ្វើ​ជា​រោង​សម្រាប់​ចត​រថយន្ត​ខូច​ដែល​ប្រើ​ការ​លែង​កើត​ទៅ​ហើយ​ចំនួន​៣​គ្រឿង​មិន​ស្គាល់​ម៉ាក ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ទាំង​៣​គ្រឿង ចត​ទុក​ចោល​យូរ​មក​ហើយ ។

នៅ​យប់​កើតហេតុ​មិន​មាន​នរណា​ដឹង​ថា ​ឆ្លង​ចរន្ត ឬ​ក៏​គេ​បោះចោល​កន្ទុយបារី​ទេ ស្រាប់តែ​ឮ​សម្លេង​ផ្ទុះ​ហើយ​ឈ្ងៀម​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោ​សន្ធៅទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​មក​បាញ់​ពន្លត់ ។

តាម​សំដី​លោកនាយ​ប៉ុស្តិ៍​ស្រះ​ចក​បានឱ្យ​ដឹង​ថា ​រូប​គាត់​បាន​ផ្លាស់​មក​កាន់​ប៉ុស្តិ៍​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មិន​បានដឹង​ថា ​មាន​រថយន្ត​ទុក​ចោល​ទេ ទាល់តែ​មាន​អគ្គិភ័យ​ទើប​ដឹង ។ អគ្គិភ័យ​ខាងលើ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញអស់​៧​គ្រឿង ក្នុង​នោះ​មាន​ទាំង​លាយ​ទឹកសាប៊ូ​បាញ់​លាយ​ទឹក​ផង​ដែរ ទើប​រលត់​ទាំងស្រុងនៅ​វេលា​ម៉ោង៣​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ​ចំណែក​រថយន្ត​ទាំង​៣​គ្រឿង​បាន​ឆេះ​ខ្ទេច​ទាំងស្រុង ៕