សុខភាព​ទ្រុឌទ្រោម​ដោយសារ​ផ្លែឈើ​

Sanofi

​ក្បួនតម្រា​សុខភាព​ច្រើនណាស់​ដែល​និយាយ​អំពី​ការ​ញ៉ាំ​ផ្លែឈើ​ច្រើន​ជួយ​ឲ្យ​សុខភាព​ល្អ ស្បែក​ស្អាត ប៉ុន្តែ​មិនសូវមាន​តម្រា​ណា​ដែល​ព្រមាន​យើង​ថា ផ្លែឈើ​មួយចំនួន​ក៏​មិនល្អ ញ៉ាំ​ញឹកញាប់​ធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា​បានដែរ ។​

១-​ទុរេន​
​គេ​ធ្លាប់​បានធ្វើ​តេ​ស្តិ៍​កម្រិត​ជាតិ​ស្ករ​រួចមកហើយ ជា​លទ្ធផល​គេ​បាន​រកឃើញថា​ទុរេន​មា​នស​ន្ទ​ស្សន៍ ជាតិ​ស្ករ​ស្ថិតក្នុង​កម្រិត​មួយ​ផ្អែម​ខ្លាំង ។ បានសេចក្តីថា អ្នក​ដែល​កើតរោគ​ទឹកនោមផ្អែម លើសឈាម រោគ​ធាត់ គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទុរេន ប៉ុន្តែ​បើ​អ្នកមាន​សុខភាព​រឹងមាំ​ល្អ នោះ​ទុរេន​នឹង​ជួយ​ឲ្យ​ពោះវៀន​ធ្វើ​ការល្អ កម្ចាត់​បាក់តេរី​ក្នុង​ពោះវៀនថែមទាំង​ជួយ​កែ​បញ្ហា​ទល់លាមក​បាន​ទៀតផង។​

២-​ទំពាំងបាយជូរ ទំពាំងបាយជូរ​ក្រៀម មៀន ឪឡឹក
​ទោះបី​ជាមាន​រូបនាង​ល្អ​គួរ​ឲ្យ​ចង់​ញ៉ាំ ប៉ុន្តែ​ផ្លែឈើ​ទាំង ៤ មុខ​នេះ​មាន​ជាតិ​ស្ករ Fructose ខ្ពស់​ខ្លាំង ណាស់​មិន​សម​ចំពោះ​អ្នក​ដែល​កើតរោគ​សន្លាក់ ព្រោះ​ជាតិ​ស្ករ​នឹង​ទៅ​បង្កើន​អាស៊ីដ​យូ​រិ​ក​ក្នុង​ចរន្តឈាម រួច​ចូលទៅ​កក​ក្នុង​សន្លាក់ជាហេតុ​ធ្វើ​ឲ្យ​អ្នកមាន​ការឈឺចាប់​ឆ្អឹង​ស្ទើរ​ទ្រាំ​មិនបាន។​

៣-​ផ្លែឈើ​ត្រកូល​ប៊ឺ​រី​
​រួមទាំង​ពពួក​ប៊ីត​រូត ស្ពឺ សម្បក​ក្រូច សម្បក​ក្រូចឆ្មារ​ផងដែរ ទាំងអស់នេះ​នឹង​បំផ្លាញ​តម្រង នោម និង ផ្លូវ​នោម ព្រោះ​ប្រព័ន្ធ​បឺត​ស្រូប​យកជាតិ​អាហារ​ក្នុង​ក្រពះ​នឹង​បឺត​ស្រូបយក​សារធាតុ​អក់​សា​ឡេ​ត​ពី​ផ្លែឈើ​អស់ទាំង​នេះ​ទៅ​ទុក​នៅ​តម្រងនោម ។ បើ​មាន​ច្រើន សារធាតុ​អក់​សា​ឡេ​ត នឹង​ផ្តុំគ្នា​ក្លាយជា​ដុំ​ក្រួស ពេលនោះ​ប្រាកដជា​បញ្ហា​វីវរ​ធំ​ហើយ ។​

៤-​ផ្លែឈើ​ដែល​ញ៉ាំ​ទាំង​សម្បក
​ដូចជា ផ្លែ​ប៉ោម ត្របែក ទំពាំងបាយជូរ ស្ត្រ៊​ប៊ឺ​រី ច្បាស់​ណាស់​ថា វា​មាន​ជាតិ​សរសៃ​ខ្ពស់ ប៉ុន្តែ​ការដែល​មាន​ជាតិ​សរសៃ​ច្រើន​ក្នុង​ពោះវៀន​នឹងធ្វើ​ឲ្យ​អ្នក​តានតឹង​រសេះរសោះហើមពោះ ហើយថែមទាំង​ភ្ញោ​ច​ឲ្យ​អាការ​ពោះវៀន​ប្រែប្រួល​រើ​កំរើក​បាន​ងាយៗ​ទៀតផង។​

៥-​អម្ពិល
​បើ​ចង់បាន​វីតាមីន C ទៅ​បន្ថែម​ភាពស្រស់ថ្លា​ដល់​ស្បែក​គឺ​ត្រូវ​ញ៉ាំ​អម្ពិល​នេះឯង ប៉ុន្តែ​អម្ពិល​មាន​ប្រសិទ្ធ​ភាពជា​ថ្នាំ​បញ្ចុះ​ខ្សោយៗ បើ​យើង​ញ៉ាំ​ច្រើនៗ​ធានាថា​មក​ព្រូៗ (​រាក​) ។ ជាងនេះទៅទៀត​បើ​អ្នក​កើតរោគ​ពោះវៀន​ប្រែប្រួល ឬ ជា​មនុស្ស​ដែល​ពោះ ងាយ​ប្រឈម​ស្រាប់ នោះ​អម្ពិល​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ ។​

៦-​ម្នាស់ ក្រូចឆ្មារ
​ជា​ផ្លែឈើ​ដែលមាន​ជាតិ​អាស៊ីដ​ខ្ពស់ វា​មិន​សម​ចំពោះ​អ្នក​ដែលមាន​ដំបៅ​ក្នុង​មាត់​អ្នក​ដែល​កើតរោគ​ឡើងជា​តិ​អាស៊ីដ ហើយ​មិនត្រូវ​ញ៉ាំ​ពេល​ពោះ​ទំនេរ បើ​មិន​ដូច្នេះ​ទេ​សុខភាព​ដែល​ធ្លាប់តែ​ល្អ​សុខៗ​ក៏​អាច​ក្លាយជា​កើតរោគ​ក្រពះ​ដោយ​មិនដឹង​ខ្លួន ៕​ ឆាន់​-​ចំ​រ៉ា​

Related