យុវជន​ស្វាយ​រៀង​អត់​ទៅ Liverpool ​ទេ ដោយ​ត្រូវ​ទៅ​ Arsenal ​វិញ

យុវជន​ស្វាយ​រៀង​អត់​ទៅ Liverpool ​ទេ ដោយ​ត្រូវ​ទៅ​ Arsenal ​វិញ

ក្រុម​យុវជន​របស់​ក្លិប​ស្វាយរៀង​ដែល​កំពុង​ហ្វឹកហាត់​នៅ​អង់គ្លេស​មិន​អាច​ទៅ​លេង​នៅ​កីឡដ្ឋាន​របស់​ក្លិប Liverpool ​បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយ​ខាង​ក្រុម​ការងារ​ត្រូវ​ប្ដូរ​គោលដៅ​បន្តិច​ ពោល​គឺ​បង្វែរ​ពី​ហង្ស​ក្រហម Liverpool ​ទៅ​កាំភ្លើង​ធំ Arsenal ​វិញ។

 

 យុវជន​ស្វាយ​រៀង​អត់​ទៅ Liverpool ​ទេ ដោយ​ត្រូវ​ទៅ​ Arsenal ​វិញក្រុមយុវជន​ស្វាយរៀង

 

លោក សុខ វាសនា គ្រូ​បង្វឹក​ក្រុម​យុវជន​ស្វាយ​រៀង​ទាំង​៨​នាក់​ដែល​កំពុង​ហ្វឹកហាត់​នៅ​អង់គ្លេស​ បាន​ប្រាប់ Sabay ​ថា​ ខាង​ក្រុម​របស់​លោក​មិន​អាច​ទៅ​លេង​កីឡដ្ឋាន​របស់​ក្រុម Liverpool ​បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយសារ​តែ​ចម្ងាយ​ពី​កន្លែង​ស្នាក់​នៅ​ទៅ​កីឡដ្ឋាន​ហង្ស​ក្រហម​មាន​ចម្ងាយ​ឆ្ងាយ ខ្លាច​មក​វិញ​មើល​ការ​ប្រកួត​របស់ Manchester United ​មិន​ទាន់។ “យើង សុខចិត្តរើសយកមើលការប្រកួតវិញ​ ព្រោះ​នៅ​ទីនេះ​គេ​មាន​ច្បាប់​របស់​គេ​ ចូល​មក​ទស្សនា​មុន​៤៥​នាទី​ បើ​បាល់​ចាប់​ផ្តើម​ប្រកួត​គឺ​គេ​លែង​អោយ​ចូល​ហើយ​ ទោះ​យើង​មាន​សំបុត្រ​ក៍​ដោយ”។ សម្ដី​លោក សុខ វាសនា ។

 

ទន្ទឹម​នឹង​ការ​ផ្អាក​នេះ​ដែរ គ្រូ​បង្វឹក​ខាង​លើ​បាន​បញ្ជាក់​ដែរ​ថា ​ក្រុមហ៊ុន​​អធីវី ធួរ (RTV Tours) ​នឹង​រៀប​ចំ​គម្រោង​ថ្មី​មួយ​ទៀត ដោយ​ឱ្យ​យុវជន​របស់​ស្វាយរៀង​ទាំង​អស់​ទៅ​ទស្សនកិច្ច​នៅ​តាម​ក្លិប​ក្នុង​ទីក្រុង​ឡុងដុង​ទាំង​អស់​វិញ ដែល​ក្នុង​នោះ​មាន​ដូចជា Arsenal , Chelsea ​និងWimbley stadium ​ដែល​ជា​កីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស។

 

តាម​គម្រោង​ថ្ងៃ​សុក្រ​នេះ ក្រុម​យុវជន​ស្វាយ​រៀង​នឹង​ចូល​កីឡដ្ឋាន​ក្រុម Leicester ខណៈ​ដែល​ថ្ងៃ​ស្អែក​មើល​ការ​ប្រកួត​របស់ Manchester United ជាមួយ West Brom ​និង​ថ្ងៃ​អាទិត្យ​ទៅ​លេង​ទីក្រុង​ឡុងដុង ចូល​មើល​កីឡដ្ឋាន​របស់​ក្លិប​នៅ​ក្នុង​ទីក្រុង​នេះ​ទាំង​អស់​៕

 

អត្ថបទ៖ មុន្នី រម្យ