វិចារណកថាៈ ជនជាតិវៀតណាម បន្តឆ្លងដែនខុសច្បាប់ ចូលមកកាប់ឈើ លើទឹកដីខ្មែរ

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ជនជាតិដើមភាគតិច រស់នៅតាមតំបន់ព្រំដែន ក្នុងស្រុកអូរយ៉ាដាវ និងស្រុក អណ្តូងមាស ខេត្តរតនគិរី បានរាយការណ៍ជាបន្តបន្ទាប់ជុំវិញ ករណីជនជាតិវៀតណាម ទាំងក្រុមៗឆ្លងដែន ចូលមកកាប់ ឈើលើដីខ្មែរដោយគ្មានញញើតអ្វីទាំងអស់ ។ តាមការអះអាងរបស់ជនជាតិ ដើមភាគតិចបានឲ្យ ដឹងថា ការដែលជនជាតិវៀតណាម អាចឆ្លងដែនខុសច្បាប់ ចូលមកកាប់ឈើលើទឹកដីខ្មែរជាប់ព្រំដែន និងអាច ដឹកជញ្ជូនឈើត្រឡប់ទៅវិញ យ៉ាងរលូន គឺមានការឃុបឃិតជាមួយសមត្ថកិច្ចខ្មែរ ដែលឈរជើងការពារ ព្រំដែនផងដែរ ។ បញ្ហានេះអាជ្ញាធរខេត្តរតន គិរី ក៏ដូចជាមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ជាពិសេសត្រូវមាន វិធានការទៅលើសមត្ថកិច្ច ការពារព្រំដែនដែលជាអ្នកបើក ដៃឲ្យជនជាតិវៀតណាមចូលមកកាប់ឈើលើទឹកដីខ្មែរ ដើម្បី ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយខ្វះការពិចារណា ។

ប្រភពពីសហគមន៍ជនជាតិ ដើមភាគតិច និងមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងភូមិឃ្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរីបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះប្រជាជនវៀតណាមជាក្រុមៗប្រដាប់ដោយរណាយន្ត និងរថយន្ត កែច្នៃ ឬត្រាក់ទ័របានចូលមកអាររំលំ ឈើមូលជាទ្រង់ទ្រាយធំក្នុងព្រៃអភិរក្ស ហើយដឹកជញ្ជូន ឆ្លងដែនតាមច្រករបៀង ក្បែរប៉ុស្តិ៍អូរលាវយ៉ាងរលូនចូលទៅប្រទេសវៀតណាម ។ ជនជាតិដើមភាគតិចក្នុង ភូមិឃ្វែងបានសួរជនជាតិវៀតណាម ទាំងនោះ ហើយពួកគេបានឆ្លើយតបថា តម្រួតការពារព្រំដែនខ្មែរ គឺជាអ្នកបើកដៃឲ្យពួកគេឆ្លងដែនខុសច្បាប់ចូលមក កាប់ឈើក្នុងព្រៃអភិរក្សនៅតាមព្រំដែន ។ ប្រជាសហគមន៍ ភូមិឃ្វែងបានអំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរីចុះពិនិត្យ និង ស៊ើបអង្កេត ក៏ដូចជាទប់ស្កាត់ករណី ជនជាតិ វៀតណាម ចូលមកកាប់ឈើលើទឹកដីខ្មែរជាទ្រង់ទ្រាយធំនៅតំបន់ព្រៃស្រោងចំណុចអូរតាង៉ត ជាប់នឹងប៉ុស្តិ៍ ការពារព្រំដែនអូរលាវ ។ ប្រជាសហគមន៍បានឲ្យដឹងទៀតថា ឈើមូលដែលជន ជាតិវៀតណាមអាររំលំ ហើយដឹកជញ្ជូនចេញពីទឹកដីខ្មែរ គឺជាប្រភេទធ្នង់ សុក្រំ ផ្ចឹក ដែលមានមុខកាត់ធំៗ ។

មន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងឃុំយ៉ាទុង បានឲ្យដឹងថា ជនជាតិវៀតណាមឆ្លងដែនចូលមកកាប់ឈើខុសច្បាប់ក្នុង ទ្រង់ទ្រាយធំ ហើយឈើមូលរាប់ពាន់ដើមត្រូវបានគេអាររំលំ រួចដឹកជញ្ជូនចេញតាមរថយន្តកែច្នៃ និងត្រាក់ ទ័រដែលគ្មាន សមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ ។ ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងឃុំយ៉ាទុង បានត្អូញត្អែរថា ពួកគាត់ មិនអាចទប់ស្កាត់បទល្មើសកាប់ឈើរបស់ជនជាតិវៀតណាមបានទេ ព្រោះសមត្ថកិច្ច ការពារព្រំដែនខ្មែរប្រចាំតំបន់ប៉ុស្តិ៍ អូរលាវគឺជាអ្នកបើកដៃឲ្យជនជាតិវៀតណាមចូលកាប់ឈើតាមអំពើចិត្ត ។ ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៥ ប្រជាសហគមន៍ពេលល្បាតការពារ ព្រៃឈើបានប្រទះឃើញជន ជាតិវៀតណាម ជាង១០នាក់កំពុងអាររំលំឈើ មូលជាច្រើនដើម ហើយថែមទាំងឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ទៀតផង ។ ការដែលជនជាតិវៀតណាមចូលមក បំផ្លាញព្រៃឈើលើទឹកដីខ្មែរតាមតំបន់ព្រំដែន ខេត្តរតនគិរី ជារឿងដែលអាជ្ញាធរមិនគួរមើលរំលងឡើយ ។

ចំណែកប្រភពពីប្រជាសហគមន៍ជនជាតិដើមភាគតិចរស់នៅជាប់ព្រំដែនខ្មែរ-វៀតណាម ក្នុងឃុំញ៉ាង ស្រុក អណ្តូងមាស ខេត្តរតនគិរី ក៏បានអំពាវនាវឲ្យអាជ្ញាធរ និងមន្រ្តីស្ថាប័នពាក់ព័ន្ធចាត់វិធានការ ទប់ស្កាត់ករណី ជនជាតិវៀត ណាមឆ្លងដែនខុសច្បាប់ចូលមកកាប់ឈើលើទឹកដីខ្មែរដែរ ។ សេចក្តីរាយការណ៍ ពីប្រជាសហគមន៍ ការពារព្រៃឈើរស់ នៅភូមិតាំងលោម ឃុំញ៉ាង បានឲ្យដឹងថា ជនជាតិវៀតណាមជាច្រើននាក់ បានឆ្លងដែន ខុសច្បាប់មកកាប់ឈើលើទឹកដី ខ្មែរ រួចដឹកជញ្ជូនចេញតាមច្រករបៀងខាងកើត ប៉ុស្តិ៍ការពារព្រំដែនផាតាម ។ ជនជាតិវៀតណាមទាំងនោះប្រដាប់ដោយ រណារយន្ត ត្រាក់ទ័រ និងរថយន្តស្ទូច ចូលមកកាប់ឈើនៅ តំបន់ភ្នំពោច ហើយដឹកជញ្ជូនឆ្លងអូរព្រំដែនចូលទៅប្រទេស វៀតណាមវិញយ៉ាងរលូន ។ ជនជាតិចារ៉ាយ រស់នៅតាមព្រំដែនក្នុងភូមិតាំងលោមបានឲ្យដឹងថា ជនជាតិវៀតណាម ដែលចូលមកកាប់ឈើនោះមាន មេខ្លោងឈ្មោះ ក្លាន ប៉ាន និងមានការឃុបឃិតជាមួយសមត្ថកិច្ចប៉ុស្តិ៍ការពារព្រំដែន ផាតាម ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ។

  តាមការអះអាង របស់ប្រជាសហគមន៍ ភូមិតាំងលោម និងភូមិតាំងសេ ឃុំញ៉ាង បានឲ្យដឹងទៀតថា ជនជាតិ វៀត ណាមត្រូវរ៉ូវជាមួយសមត្ថកិច្ចការពារព្រំដែន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ទើបអាចឆ្លងដែនចូល មកកាប់ឈើ ខុសច្បាប់នៅលើទឹកដីខ្មែរដោយគ្មានញញើតអ្វីទាំងអស់ ។ ជាមួយគ្នានេះមន្រ្តីអង្គការក្រៅ រដ្ឋាភិបាល និងសកម្មជនការ ពារព្រៃឈើបានឲ្យដឹងថា មន្រ្តីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ព្រមទាំងសមត្ថកិច្ច ការពារព្រំដែនគឺជាអ្នកឃុបឃិតបើកដៃឲ្យ ជនជាតិវៀតណាមចូលមកកាប់ឈើលើទឹកដីខ្មែរ ហើយដឹកជញ្ជូន ចូលទៅប្រទេសវៀតណាមយ៉ាងរលូន ។ ប្រជាពល រដ្ឋបានអំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី និងសមត្ថកិច្ច ពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ករណីជនជាតិវៀតណាមចូលមក កាប់ឈើលើទឹកដីខ្មែរ ព្រោះរយៈពេលប៉ុន្មាន សប្តាហ៍កន្លងទៅនេះបទល្មើសបានកើតឡើងជាបន្តបន្ទាប់ ។ លើសនេះ ទៅទៀតប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពុំមានលទ្ធភាពទប់ស្កាត់ជនជាតិវៀតណាមបានឡើយ ព្រោះនៅពេល ដែលពួកគាត់ឃាត់ខ្លួនជនជាតិ វៀតណាមប្រគល់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចបែរជាអាជ្ញាធរ និងសមត្ថកិច្ចដោះលែងជន ជាតិវៀតណាមទាំងនោះ ឲ្យត្រឡប់ទៅវិញយ៉ាងស្រួលៗ ៕