នគរបាល​ជឿថា គ្រូថ្នាំខ្មែរ​​​​​ត្រូវ​​​ឃាត​​​ករ​​​សម្លាប់​​​ដោយ​​​សារ​​​មាន​​​ពាក្យ​​​ចចាម​អារ៉ាម​ថាគាត់​ចេះ​អំពើ​​អាប​ធ្មប​់

នគរ​​​បាល​​​មូល​​​ដ្ឋាន​​​​​​បាន​​​និយាយ​​​កាល​​​ពី​ម្សិល​​​មិញ គ្រូថ្នាំ​​​ខ្មែរ​​​វ័យ​​​ចំណាស់​​​ម្នាក់​​​ដែល​ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​ក្នុង​​អណ្តូងទឹក​​​មួយ​​​ស្ថិត​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ នៅ​​​សប្តាហ៍​​​នេះ​​​ ​​​​គេ​​​ជឿ​​​ថា ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​ជុំ​​​វិញ​​​ពាក្យ​​​ចចាម អារ៉ាម​​​ថា គាត់​​​ជា​​​អ្នក​​​ចេះ​​​អំពើ​​​អាបធ្មប់​​​ ។

យោង​​​តាម​​​​​​លោក​​​ ឈិន ឈុំ អធិការ​​​នគ​​​រ​បាល​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​​​​ដើរ​​​រក​​​បាន​​​រក​​​ឃើញ​​​​​​សាក​​​សព​​​លោកតា​ ហែម ទី អាយុ​​​៨១​​​ឆ្នាំ​​​ នៅ​​​បាត​​​អណ្តូង​​​​ជម្រៅ​​​៣​​​ម៉ែត្រ​​​ស្ថិត​​​ក្នុង​​​ចម្ការ​​​ស្វាយ​​​ចន្ទី​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ឃុំ​​​ដូង​​​ ស្រុក​​​ប្រាសាទ​​​បល្ល័ង្ក កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ ។

លោក​​​ ឈិន ឈុំ បាន​​​និយាយ​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​លោកតា ហែម ទី បាន​​​ចាប់​​​ផ្តើម​​​ដើរ​​​រក​​​គាត់​​​នៅ​​​ពេល​​​មិន​​​ឃើញ​​​គាត់​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​ដើម្បី​​​បរិភោគ​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ នៅ​​​ពេល​​​គាត់​​​ទៅ​​​មើល​​​ចម្ការ​​​ស្វាយ​​​ចន្ទី ចម្ងាយ​​​ប្រហែល​​​១គីឡូម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់​​​គាត់​​​។ កូន​​​ៗ​​​របស់​​​បុរស​​​រូប​​​នេះ​​​បាន​​កត់​សម្គាល់​​​ឃើញ​​​ថ្លុក​​​ឈាម​​​នៅ​​​មុខ​​​ខ្ទម​​​ចាំ​​​ចម្ការ​​​ ហើយ​​​បាន​​​រាយ ការណ៍​​​ទៅ​​​នគរ​បាល​​​។

លោក​​​បាន​​​ថ្លែង​​​ថា”នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​យប់​​​ យើង​​​បាន​​​រក​​​ឃើញ​​​សាក​​​សព​​​របស់​​​គាត់​​​នៅ​​​ក្នុង​​អណ្តូងទឹក​​​ បន្ទាប់​​​ពី​​​យកស្នទៅរាវក្នុង​​​ទឹក​​​ជាប់​​​អាវ​​​របស់​​​គាត់”។ លោក​​​បាន​​​បន្ថែម​​​ថា បន្ទាប់​​​ពី​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​សាក​​​សព​​​ នគ​​​រ​បាល​​​បាន​​​កំណត់​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​វាយ​​ និង​កាប់​​​​ដោយ​វត្ថុ​​​មុខ​ស្រួច​​​មុន​​​ពេល​​​គាត់​​​ស្លាប់​​​។

លោក​​​បាន​​​ថ្លែង​​​ថា “គាត់​​​ត្រូវ​​​បាន​​​វាយ​​​និង​​​​​​កាប់​​​ជាច្រើន​​​ពូថៅ…។ ពីរ​​​ពូថៅ​​​ត្រង់​​​ផ្នែក​​​ខាង​​​ក្រោយ​​​ក្បាល​​​ ហើយ​​​ពីរ​​​ពូថៅ​​​ទៀត​​​​​ត្រង់​​​សៀត​​​ផ្កា​​​ខាង​​​ស្តាំ​​​ និង​​​មួយ​​​ពូថៅ​​​ទៀត​​ត្រង់ ដៃស្តាំ​​​។

លោកតា ហែម ទី ត្រូវ​​​បាន​​​តាម​​​ដាន​​​ជា​​​ច្រើន​​​ខែ​​​ដោយការ​​​ចោទ​​ថា ចេះអំពើ​​​អាប​​​ធ្មប់​បណ្តាល​​​ឲ្យ​​​នគ​​​របាល​​​ជឿ​​​ថា ពាក្យ​​​ចចាម អារ៉ាម​​​​​​​នេះ​​​ជា​​​ចំណែក​​​នៃ​​​ការ​​​ស្លាប់​​​របស់​​​គាត់​​​បើ​​​ទោះ​​​​​​ជាមិន​​​ទាន់​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​ជន​​​ណា​​​ម្នាក់​​​​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះក៏ដោយ។

លោក​​​បាន​​​ថ្លែង​​​ថា ”យើង​​​ជឿ​​​ថា អំពើ​​​មនុស្សឃាត​​​នេះ​​​ទាក់​​​ទង​​​នឹង​​​ការងារ​​​របស់​​​គាត់​​​ព្រោះ​​​មនុស្ស​​​ក្នុង​​​មូល​​​ដ្ឋាន​​​បាន​​​ចោទគាត់​​​ថា ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​ ដែល​​​បា​​​ន​​​ដាក់អាគម​អូម​អាម​​​​បណ្តាល​ឲ្យ​​សាច់​ញាតិ​​​​​របស់​​​ពួកគេ​​​ឈឺ និង​​​ស្លាប់​​​ដោយ​មិន​ដឹង​មូលហេតុ”។

នគរ​​​បាល​​​សង្ស័យថា មនុស្ស​​​ជា​​​ច្រើន​​​ជាប់ពាក់ព័ន្ធ​នៅក្នុង​​​អំពើ​​​មនុស្ស​​​ឃាត​​​នេះ  ប៉ុន្តែ ដោយសារ​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ ធ្វើ​​​ឲ្យការ​​​សើុប​​​អង្កេត​​​របស់​​​យើង​​​ជួប​ការ​​​លំបាក​​​។

លោក​​​ ឈិន ឈុំ បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា  មាន​​​ឃាត​​​ករ​​​លើស​​​ពី​​​ម្នាក់​​​ ពីព្រោះ​​​សាក​​​សព​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​គេ​​​អូស​​​ចម្ងាយ​​​១២​​​ម៉ែត្រ​​​ពី​​​ខ្ទម​​​របស់​​​គាត់​​​ ហើយ​​​យក​​​ទៅ​​​បោះ​​​ចូល​​​​​​ក្នុង​​​អណ្តូងទឹក​​​ដើម្បី​​​បំផ្លាញ​​​ភ័ស្តុតាង។យើង​​​ត្រូវ​​​សើុបអង្កេត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​បន្ថែម​​​ទៀត ពីព្រោះ​​​កាល​​​ពី​​​ល្ងាច​​​ម្សិលមិញ ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​​​​​​ពេក​​​ ហើយ​ប្រហែល​​ជា​​​​​អាច​បាត់​​​ភ័ស្តុតាង​​​”។

លោក ហ៊ុន សឿន នាយ​​​ប៉ុស្តិ៍ឃុំ​​​​​​បាន​​​មានប្រសាសន៍​​​ថា អាកប្បកិរិយា​​​ប្លែក​​​របស់​​​លោក​តា​ហែម​​​ ទី នៅ​​​ពិធី​​​បុណ្យ​​​សព​​​ក្មេង​​​ស្រី​ជំទង់​​​ម្នាក់​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​មាន​​​ការ​​​សង្ស័យ​​​កាន់​​​តែ​​​ខ្លាំង​​​ចំពោះ​​​បុរស​​​ចំណាស់​​​រូប​​​នេះ​​​។

លោក​​​ ហ៊ុន សឿន បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​មាន​​​រឿង​​​អ្វី​​​ឡើយ​​​ ប៉ុន្តែ កាល​​​ពី​​​បីខែ​​​មុន ​​​ក្មេង​​​ស្រី​​​អាយុ​​​១៧​​​ម្នាក់​​​បាន​​​ស្លាប់​​​ ហើយ​​​អំឡុង​​​ពេល​​​ធ្វើ​បុណ្យ​​​សព​​​​​នាង​​​ តា ទី បាន​​​បើក​​​​ក្រណាត់​​​គ្រប​​​​​​សាក​​​សព​​​ ហើយ​​​យក​​​ដៃ​​​របស់​​​គាត់​​​ទៅ​​​អង្អែល​​​បាត​​​ជើង​​​របស់​​​ក្មេង​​​ស្រី​​​រូប​​​នេះចុះឡើងៗ​​​​​​”។ សកម្ម​​​ភាព​​​របស់​​​គាត់​​​បាន​​​ធ្វើ​ ​​ឲ្យអ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ចោទ​​​គាត់​​​ថា បានព្យាយាម ​​​ខាប​​​​​​​ព្រលឹង​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​៕ សារុន

The post នគរបាល​ជឿថា គ្រូថ្នាំខ្មែរ​​​​​ត្រូវ​​​ឃាត​​​ករ​​​សម្លាប់​​​ដោយ​​​សារ​​​មាន​​​ពាក្យ​​​ចចាម​អារ៉ាម​ថាគាត់​ចេះ​អំពើ​​អាប​ធ្មប​់ appeared first on ខេមបូឌា ដេលី.