អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សេរីភាព នឹង​មក​កម្ពុជា ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​៧​វិច្ឆិកា​

ភ្នំពេញ: ​លោក ម៉ៃ​ណា គី​អៃ (Maina Kiai) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួលបន្ទុក​ផ្នែក​សេរីភាព​ប្រមូលផ្ដុំ ដោយ​សន្តិវិធី និង​ការបង្កើត​សមាគម នឹងធ្វើ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា ចំនួន ២​ថ្ងៃ ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៧ វិច្ឆិកា​។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក ម៉ៃ​ណា គី​អៃ បានធ្វើ​ដំណើរ​ទស្សនកិច្ច​ក្រៅផ្លូវការ មកកាន់​ប្រទេស​កម្ពុជា រយៈពេល ៣ ថ្ងៃ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៤​។ កាលណោះ លោក​បាន​ជួប​ជាមួយនឹង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស ព្រមទាំង​ជួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ក៏បាន​តស៊ូ​មតិ ព្រមទាំង​អំពាវនាវ​ផងដែរ ដល់​រដ្ឋាភិបាល រដ្ឋសភា ព្រមទាំង​ព្រឹទ្ធសភាកម្ពុជា​ ឲ្យ​មានការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ល្អិតល្អន់ ពាក់ព័ន្ធ​នឹង​ច្បាប់​អង្គការ​សមាគម​ដ៏​ចម្រូងចម្រាស់​នៅ​កម្ពុជា​ផងដែរ​៕​

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សេរីភាព នឹង​មក​កម្ពុជា ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​៧​វិច្ឆិកា​
លោក Maina Kiai អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ផ្តល់សម្ភាសន៍ដល់អ្នកកាសែត ក្រោយលោកចូលជួបមន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស កម្ពុជា កាលពីពេលកន្លងមក​