រដ្ឋ​បាល​សាលា​ខេត្ត​សៀម​រាបបើកកិច្ចប្រជុំ​ត្រៀម​រៀបចំព្រះរាជ​ពិធីបុណ្យអុំ​ទូក​

ខេត្តសៀមរាប ​៖ កាល​ពី​រសៀល​ថ្ងៃ​ទី​០៥ ​វិច្ឆិកា​ ​​២០១៥​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​ធ្វើ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រះ​រាជពិធី​បុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​សំពះ​ព្រះ​ខែ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មានការ​ចូលរួម​ពី​លោកគណៈ​អភិបាលខេត្ត និងអស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ចូលរួម​ផង​ដែរ ។

មាន​ប្រសាសន៍​បើក​កិច្ចប្រជុំ​នា​ពេល​នោះ លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើងពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នា​ពេល​នោះ ដោយ​បាន​បញ្ជាក់​អំពី​ការ​រៀបចំប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ អុំទូក​ បណ្តែត ប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើងតាម​បណ្តោយ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដោយ​មាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង ​និង​ក្រៅ​ខេត្ត ព្រមទាំង​ភ្ញៀវ​ទេសចរណ៍ បាន​ទស្សនា​កម្សាន្តអំពី​វប្បធម៌ ប្រពៃណី របស់​ប្រជាពលរដ្ឋ​ខែ្ម​រ​យើងដែល​មាន​រយៈពេល​០២​ថ្ងៃ ។

​លោក​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រំលឹក និងគោរព​ដល់​វីរភាព​នៃ​បុព្វបុរស​ទាហាន​ជើងទឹក​ជំនាន់​ដើមដែល​បាន​ពលី​ជិ​វិតក្នុង​ការ​ធ្វើសឹក​សង្គ្រាម​តាម​ផ្លូវទឹក​ក្នុង​ការ​កម្ចាត់​ពួក​សត្រូវ​ឈ្លានពាន ​ហើយ​ទទួលបាន​ជ័យ​ជំនះ​ជូន​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង ។

លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​បន្ត​ទៀត​ថា ការ​ជួបជុំ​គ្នា​នា​ឱកាស​នេះក៏​ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​ និង​ពិនិត្យ​មើល​រាល់​ការងារ​ដែល​អនុ​គណៈកម្មការ​ទាំង​៦អនុវត្ត​ក​ន្ល​ងមក​ដើម្បី​ធ្វើការ​រៀបចំ​ក្រុង​សៀមរាប​យើងឱ្យ​មាន​សោ​ភ័ណភាព​កាន់តែ​មានភាព​ស្រស់​ត្រកាល​ឡើងក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យអុំទូក ​បណ្តែតប្រទីប​ អកអំបុក​ សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៥​នេះ ក្នុង​ការ​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវ​ទេសចរ​​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​ឱ្យ​កាន់​តែ​ច្រើន​ផង​ដែរ៕