ក្រុម​ជម្រើស​ជាតិ​អាច​យក​ឈ្នះ African All Star បាន​ទេ​ល្ងាច​នេះ?


ក្រុម​ជម្រើស​ជាតិ​អាច​យក​ឈ្នះ African All Star បាន​ទេ​ល្ងាច​នេះ?

ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​កីឡាករ​​​អាហ្វ្រិក​​ប្រកប​អាជីព​​នៅ​កម្ពុជា(African All Star) វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច​នេះ ដើម្បី​កម្ដៅ​សាច់​ដុំ​ត្រៀម​បន្ត​យុទ្ធនាការ​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ពូលE ជុំទី២ ជើង​ទី២។ តើ​ក្រុម​កម្ពុជា ដែល​ទើប​បំបាក់​ក្រុម​ប្រ៊ុយណេ ៦-១ អាច​ស្វែង​រក​ជ័យ​ជម្នះ​ម្ដង​ទៀត​ទេ​នៅ​ថ្ងៃ​នេះ?

 

ក្រុម​ជម្រើស​ជាតិ​អាច​យក​ឈ្នះ African All Star បាន​ទេ​ល្ងាច​នេះ?
ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទើប​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ៦-១ កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​កន្លង​ទៅ ដែល​ជោគជ័យ​ធំ​បំផុត​ក្នុង​រយៈពេល​ជាង៤០​ឆ្នាំ​ចុង​ក្រោយ។ កីឡាករ​កម្ពុជា​ទាំង​អស់ សុទ្ធតែ​ប្រកប​អាជីព​នៅ​លីក​ក្នុង​ស្រុក មក​ពី​ក្លិប​ខ្លាំង​ៗ ទាំង​៦។ ទោះ​បែប​នេះ​ក្ដី កីឡាករ​មក​​ពី​ក្លិប​២ គឺ​ណាហ្គាវើល និង​បឹងកេតអង្គរ ទំនង​មិន​​បង្ហាញ​វត្តមាន​លើ​ទីលាន​ប្រកួត​នេះ​ឡើយ ដោយសារ​ជាប់​ភារកិច្ច​ប្រកួត Play Off ជើង​ទី២ នៅ​ថ្ងៃ​ស្អែក។

 

ងាក​ទៅ​មើល​ក្រុម African All Star វិញ ពោរពេញ​ទៅ​ដោយ​កីឡាករ​ខ្លាំង​ៗ មក​ពី​គ្រប់​ក្លិប​ក្នុង​លីក​កំពូល​កម្ពុជា ដែល​​មាន​ទាំង​ខ្សែ​ប្រយុទ្ធ ខ្សែ​បម្រើ និង​ខ្សែ​ការពារ​ដ៏​លេច​ធ្លោ។ ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល​៤​រូប កំពុង​​ជាប់​ឈ្មោះ​ក្នុង​ចំណាត់​ថ្នាក់​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត​ទាំង៥ នៅ​លីក​កំពូល​កម្ពុជា។ ចំណែក​ខ្សែ​បម្រើ និង​ខ្សែ​ការពារ​ក៏​ពោរ​ពេញ​ដោយ​កម្លាំង និង​មាន​ល្បឿន​លឿន។

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្វ្រិក​ខាង​ត្បូង Shane Booysen និង​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា George Bisan របស់​ក្លិប​ភ្នំពេញ​ក្រោន ព្រម​ទាំង​ខ្សែ​ប្រយុទ្ធ Dzarma Bata របស់​ក្លិប​ស្វាយ​រៀង សុទ្ធតែ​ជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ។ ឯ​ខ្សែ​បម្រើ Jean Marie Privat របស់​ក្លិប Cambodian Tiger ក៏​ជា​កីឡាករ​បញ្ជូន​បាល់​យ៉ាង​ល្អ​គ្រប់​ការ​ប្រកួត​ដូច​គ្នា បូក​រួម​ទាំង​ខ្សែ​ការពារ​ដ៏​រឹង​មាំ​ជា​ច្រើន​ទៀត។

 

ក្រុម​ជម្រើស​ជាតិ​អាច​យក​ឈ្នះ African All Star បាន​ទេ​ល្ងាច​នេះ?
ក្រុម African All Star

 

ក្រុម African All Star បាន​បង្ហាញ​ភាព​ខ្លាំង​កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា​កន្លង​ទៅ ដោយ​បំបាក់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ២៣​ឆ្នាំ​ក្នុង​លទ្ធផល ៤-០ ប៉ុន្តែ​ជំនួប​ជាមួយ​ជម្រើស​ជាតិ​ក្រុម​ធំ​​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា​ដដែល បញ្ចប់​ត្រឹម​លទ្ធផល ២-២៕

 

សូម​ចូល​រួម​ទស្សនា​ដោយ​សេរី​នៅ​ពហុកីឡដ្ឋាន​ជាតិ​ម៉ោង ៦:៣០​នាទី​ល្ងាច​នេះ។

 

​​​​អត្ថបទ៖ គង់ វិសាល