បាក់​ច្រាំង​ស្ទឹង​សែន​ទម្លាក់​ផ្ទះបាយ​ធំ​2​ខ្នង​ចូល​ទឹកស្ទឹង​ទាំង​ថ្ងៃ

បាក់​ច្រាំង​ស្ទឹង​សែន​ទម្លាក់​ផ្ទះបាយ​ធំ​2​ខ្នង​ចូល​ទឹកស្ទឹង​ទាំង​ថ្ងៃ

ខេត្តកំពង់ធំ ៖ ភាព​ឆោឡោ​មួយ​បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ឈុ​ល​ទាំង​ថ្ងៃ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយសារ​ការ​បាក់​ដី​តាម​ដងស្ទឹង​សែន​ចំ​តំបន់​មានផ្ទះ​ធំ​ៗ​សង់​តម្រៀប​គ្នា​តាម​មាត់​ស្ទឹង​ធ្វើ​ឱ្យ​ផ្ទះបាយ​មួយ​កំណាត់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​បែក​ទឹក​សំពោង ។

នៅ​ក្នុង​ករណី​បាក់​ដី​មាត់​ស្ទឹង​សែន​នេះ បើ​តាម​ប្រសាសន៍​របស់​លោក លី គឹ​ម​ពា​វ ជា​មន្ត្រី​សាលាខេត្ត បាន​ប្រាប់​ថា ផ្ទះ​របស់​លោក​ត្រូវ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ស្ទឹង​សែន​អស់​មួយ​កំណាត់​ផ្នែក​ខាងក្រោយ រួម​ជាមួយនឹង​ផ្ទះបាយ​របស់​ឈ្មោះ ឆៃ ស៊ី​ហេង ដែល​នៅ​ក្បែរ​គ្នា ។ ចំណែក​ផ្ទះ​២​ទៀត​នោះ ពុំ​ទាន់​មាន​ផល​ប៉ះពាល់​នោះ​ទេ គឺ​ផ្ទះ​របស់​ឈ្មោះ ម៉ៅ លឹ​ម និង​ផ្ទះ​ឈ្មោះ រី ប៊ុ​ន្នី ។ ទោះបីជា​បែប​នេះ​ក្តី ដោយសារ​តែ​ការ​ភ័យ​ខ្លាច ម្ចាស់ផ្ទះ​នៅ​ជួរ​ជាប់​ៗ​គ្នា​នេះ បាន​នាំ​គ្នា​រើស​អីវ៉ាន់​ចេញពីផ្ទះ​រៀង​ៗ​ខ្លួន បង្ការ​ទុក​មុន​ជា​ស្រេច​ហើយ ។

លោក លី គឹ​ម​ពា​វ មាន​ប្រសាសន៍​ឱ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ពួក​លោក​បានដឹង​មុន​រយៈពេល​២​ម៉ោង គឺ​ចាប់តាំងពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយសារ​ឮ​សូរ​សំឡេង​ជា​សញ្ញា បញ្ជាក់​ឱ្យ​ពួក​គាត់​បានដឹង​ជា​មុន​ថា​ដី​ជិត​បាក់​ហើយ ទើប​ពួក​គាត់​នាំ​គ្នា​ជញ្ជូន​របស់របរ និង​សម្ភារ​ចេញពីផ្ទះ​អស់​ដែរ ។ លុះ​មក​ដល់​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល​នេះ ទើប​ដី​មាត់​ស្ទឹង​ស្រុត​បាក់ បណ្តាល​ឲ្យ​ដាច់​ធ្លាក់​កន្ទុយ​ផ្ទះ​ទាំង​២​ខ្នង​របស់​ពួក​គាត់ ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សែន ។

លោក​បន្ត​ថា ចំពោះ​ផ្ទះបាយ​របស់​លោក​នេះ គឺ​ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង​ហើយ​មិន​បាន​ភ្ជាប់​ជាមួយនឹង​តួ​ផ្ទះ​ធំ ដែល​ធ្វើ​អំពី​ថ្ម​នោះ​ទេ គ្រាន់តែ​សង់​ផ្អិ​ប​គ្នា​ព្រោះ​បាន​បង្ការ​ក្រែង​បាក់​ដី​នេះឯង ។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល ដី​មាត់​ស្ទឹង​មិន​មានការ​បាក់​ជា​បន្ត​មក​ដល់​ផ្ទះ​ធំ​នោះ​ទេ គឺ​បាន​ត្រឹមតែ​មាត់ច្រាំង​ដី​ចោត​តែ​ប៉ុណ្ណោះ ។

លោក លី គឹ​ម​ពា​វ បាន​បញ្ជាក់​ថា ករណី​បាក់​ដី​នេះ ក៏​ដូច​ជា​ប្រផ្នូល​ឲ្យ​ពួក​លោក​បានដឹង​មុន ហើយ​នេះ​ក៏​ជា​សំណាងល្អ​មួយ​ដែរ ដែល​ដី​ផ្ទះ​វា​បាក់​ពេល​ថ្ងៃ​ហើយ​បានដឹង​មុន​ទៀត ។ តែ​ប្រ​សិន​ណា​មានការ​បាក់​នៅ​ពេល​យប់​ជ្រៅ​ចំ​ពេល​ដែល​មនុស្ស​ម្នា​កំពុង​តែ​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​ក្នុង​ដំណេក​វិញ​នោះ ប្រហែលជា​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​ថែម​ទាំង​បាត់បង់​ទ្រព្យសម្បត្តិ​ជា​ច្រើន​មិន​ខាន​ឡើយ ។

មិន​ទាន់​មានការ​សន្និដ្ឋាន​បែប​ណា​ទេ​ថា តើ​ការ​បាក់​ច្រាំង​នេះ​បណ្តាល​មក​ពី​អ្វី​នោះ​នៅឡើយ​ទេ ។ ទំនង​ច្រាំង​ស្ទឹង​ចោត​ខ្លាំង​ណាស់ ចៀស​មិន​រួច​ពី​បាក់​ទៅ​តាម​ធម្មជាតិ ៕