ព្រះកាយ​ច័ន្ទ : ក្រៅពី​ច្រមុះ​ខ្ញុំ​មិនបាន​កែ​ចំណុច​ណា​ទៀត​ទេ !

Sanofi

​​ចុងក្រោយ​នេះ​តារា​សម្តែង​វ័យក្មេង តា​រារ៉ាយ ព្រះកាយ​ច័ន្ទ កាន់តែ​ស្អាត​ប្លែក​ជាង​មុន​ទាំង​ការតុបតែង​ខ្លួន ជាពិសេស​រូប​សម្រស់​តែម្តង ។ មានការ​និយាយ​ពី​សំណាក់​មហាជន​ថា ព្រះកាយ​ច័ន្ទ ស្អាត​ប្លែក ដោយសារ​នាង​ទើប​កែកុន​សម្រស់ ។ មកដល់​សម័យ​នេះហើយ​កម្រ​មាន​តារា​ណា​មាន​សម្រស់​ធម្មជាតិ​ណាស់​។ អ្នកខ្លះ​និយាយថា នាង​ទើបនឹង​ចាក់​ចង្កា​បន្ថែម ។

តា​រារ៉ាយ ព្រះកាយ​ច័ន្ទ បាន​ទទួលស្គាល់ថា នាង​បាន​កែកុន​ដូច​អ្វីដែល​គេ​និយាយ​នោះ​មែន តែ​ក្រៅពី​កែ​បន្ថែម​ខ្ទង់ច្រមុះ​នាង​មិនបាន​កែកុន​ចំណុច​ណា​ផ្សេងទៀត​នោះទេ ។​ ជាមួយនឹង​ប្រជាប្រិយភាព​កំពុង​ស្ទុះ​ឡើង​ដូច​កាំជណ្តើរ គេ​សង្កេតឃើញ​តា​រារ៉ាយ ព្រះកាយ​ច័ន្ទ កាន់តែ​មាន​រូប​សម្រស់​ផូរផង់ និង តុបតែង​ខ្លួន​ហ៊ឺហា​ទាន់សម័យ​ប្លែក​ជាង​ពេលមុន​ដែល​មហាជន​ទូទៅ​គិតថា នេះ​ជា​រឿង​ធម្មតា​សម្រាប់​អ្នកសិល្បៈ​ក្នុងការ​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ ។ ស្របពេល​ដែល​ប​ចេ្ច​ក​វិជ្ជា​កាន់តែ​ទំនើប មាន​តារា​ជាច្រើន​បានជ្រើសរើស​យក​ការ​កែកុន​ប៉ះប៉ូវ​ចំណុច​ខ្វះខាត​នៃ​រូប​សម្រស់​របស់ខ្លួន ដោយ​ចំណាយ​ទឹកប្រាក់​រាប់ពាន់​ដុល្លារ ។

ការវះកាត់​សម្ផស្ស​ដែល​ពេញនិយម​ជាងគេ គឺ​ការ​កែកុន​ខ្ទង់ច្រមុះ​ឱ្យ​ខ្ពស់​ស្រួច ចាក់ ចង្កា និង ធ្វើ​ទម្រង់​មុខ​ឲ្យ​ទៅជា​អក្សរ​វី​ជាដើម​។ ក្នុងនោះ​មាន​តារា​ខ្លះ​បានជ្រើសរើស​ហាង​កែ​សម្ផស្ស​ក្នុងស្រុក ហើយ​តារា​ខ្លះទៀត​ទៅធ្វើ​នៅ​ប្រទេសជិតខាង ។ ជាមួយគ្នា​នោះ តារា​ខ្លះ​បាន​សារភាព​តាម​ត្រង់ តែ​តារា​ខ្លះ​បាន​ព្យាយាម​បិទបាំង ដោយ​អះអាងថា ជា​សម្រស់​ធម្មជាតិ​រប​ស់​ពួកគេ ។​​អ្វីដែល​គេ​បានកត់សម្គាល់​នោះ ដោយសារ​សម្រស់​របស់​តា​រារ៉ាយ ព្រះកាយ​ច័ន្ទ មានការ​ប្រែប្រួល​ច្រើន ជាពិសេស​ទម្រង់​មុខស្រួច​វែង​របស់​នាង​ធ្វើឱ្យ​មហាជន​ជាច្រើន​និយាយថា ព្រះកាយ​ច័ន្ទ ទើបនឹង​កែកុន​បន្ថែម ។

មាន​អ្នកខ្លះ​និយាយថា ទម្រង់​មុខ​របស់ ព្រះកាយ​ច​ន្ទ័ ស្រស់ស្អាត​មិន​ដូច​ធម្មជាតិ​នោះទេ ។ទាក់ទង​ជាមួយ​រឿងនេះ​តារា​សម្តែង​ដែលមាន​ឈ្មោះ​គួរឱ្យ​ទាក់ទាញ​រូបនេះ បាន​ទទួលស្គាល់ថា មួយរយៈ​កន្លងមកនេះ​ពិតជា​មាន​គេ​សរសើរ​នាង​ថា​ស្រស់ស្អាត​ពិតមែន ប៉ុន្តែ​នាង​សុំ​បញ្ជាក់ថា ក្រៅពី​ច្រមុះ​នោះ​គឺ​នាង​មិនបាន​កែកុន​បន្ថែម​ត្រង់ណា​ទៀត​នោះទេ ។ ភាពស្រស់ស្អាត​ទាំងនេះ​ត្រូវបាន​ព្រះកាយ​ច័ន្ទ ប្រាប់ថា «​កាល​ចូល​សិល្បៈ​ដំបូង​ខ្ញុំ​មិនសូវ​ចេះ​តុបតែង​ខ្លួន​នោះទេ តែ​ពេលនេះ​ខ្ញុំ​បាន Update ការតុបតែង​ខ្លួន​ឱ្យ​មើលទៅ​មានការ​ទាក់ទាញ​ជាង​មុន​»​។

ព្រះកាយ​ច័ន្ទ​ធ្លាប់​សារភាពថា ច្រមុះ​របស់​នាង​បានធ្វើ​ចំនួន​ពីរដង​រួចមកហើយ ធ្វើ​លើក​ទី​ពីរ​គឺ​នាង​ធ្វើ​នៅ​ហាង​ឌែ​រ​ម៉ូ​គ្លីនិក ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ចំនួន ២ ពាន់​ដុល្លារ ។ មានការ​កត់សម្គាល់ថា ចាប់តាំងពី​នាង​កែ​ខ្ទង់ច្រមុះ​មក​ការងារ​របស់​នាង​កាន់តែ​ល្អប្រសើរ​ជាង​មុន ។ ព្រះកាយ​ច័ន្ទ បាន​និយាយថា នាង​មិន​មានបំណង​កែ​បន្ថែម​ឱ្យលើស​ហ្នឹង​ទៀត​ទេ ។ សម្រាប់​សម្បុរស្បែក​គឺ​នាង​ថែរក្សា​តាម​ធម្មជាតិ ដោយ​ម៉ាស្សា​អម្ពិល​ទុំ ជាមួយ​ទឹកដោះគោ​នៅ​រៀងរាល់​ពេលទំនេរ ។​ សព្វថ្ងៃនេះ ព្រះកាយ​ច័ន្ទ ក្តោប​បានការ​ងារ​ជាច្រើន​ទាំង​ការសម្តែង និង ពិធី​ការិនី ។

ស្រស់​ស្រី​រូបនេះ​បាន​ប្រាប់ថា រាល់ថ្ងៃនេះ​នាង​មានការ​ងារ​រវល់​ច្រើន​ស្ទើរ​រក​ពេល​សម្រាក​មិនបាន ។ ក្រៅពី​ធ្វើជា​ពិធី​ការិនី នៅតាម​ទូរទស្សន៍ នាង​ត្រូវបាន​គេ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន និង ឡើង​គេហដ្ឋាន​ផងដែរ ។ អ្វីដែល​កត់សម្គាល់​នោះ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ គេ​មិន​បានឃើញ​ព្រះកាយ​ច័ន្ទ លេចមុខ​នៅក្នុង​ការថត​រឿង​ភាគ​ដូច​មុន​នោះទេ ។ ព្រះកាយ​ច័ន្ទ បាន​ប្រាប់ថា ដោយសារ​នាង​រវល់​ជាមួយ​ការងារ​ពិធី​ការិនី​ច្រើន ទើប​នាង​សម្រេចចិត្ត​ផ្អាក​ការថត​រឿង​មួយរយៈ ។

កេរ្តិ៍ឈ្មោះ​កាន់តែ​លេចធ្លោ តម្លៃ​ខ្លួន​របស់ ព្រះកាយ​ច័ន្ទ ក៏​កាន់តែ​ឡើង​ទ្វេដង ។ ក្រៅពី​សម្តែង និង ពិធី​ការិនី​នោះ ព្រះកាយ​ច័ន្ទ ក៏​អាច​ច្រៀង និង រាំ​បាន​យ៉ាង​រស់​រវើក​មិន​ចាញ់​តារា​អាជីព​ប៉ុន្មាន​ឡើយ ។ មានការ​និយាយ​ពី​សំណាក់​យុវវ័យ​ថា ពួកគេ​ចូលចិត្ត​មើល​ការ​រាំ​របស់ ព្រះកាយ​ច័ន្ទ ច្រើនជាង​ស្តាប់​សំឡេង ។ បច្ចុប្បន្ន​នាង​ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់ «​នាវា​តន្ត្រី​» របស់​ទូរទស្សន៍​បុ​ស្តិ៍​លេខ ៩ និង កម្មវិធី «​សើច​ហ្មង​» របស់​ទូរទស្សន៍ PNN ។ ក​ន្ល្​ង​មក ព្រះកាយ​ច័ន្ទ ធ្លាប់​ចូលរួម​សម្តែង​រឿង​ជាច្រើន គឺមាន​ទាំង​រឿង​ដុំ និង រឿង​ភាគ មានដូចជា​រឿង​«​ស្រមោល​ក្រួស​» « គំនុំ​ព្យាបាទ​» និង​«​រឿង​កូន​ខ្ញុំ​ចម្លែក​»​ជាដើម ។

អ្វី​ដែលជា​ចម្ងល់ និង ប្លែក​ខុសពី​តារា​ដទៃទៀត​នោះ នាង​ចូលប្រឡូក​ក្នុង​សិល្បៈ​រាប់​ឆ្នាំ​មកហើយ ព្រះកាយ​ច័ន្ទ ទើបនឹង​បាន​សម្តែង​ចម្រៀង​ខារ៉ាអូខេ​តែ​ប៉ុន្មាន​បទ​ប៉ុណ្ណោះ​។​ ​បើ​និយាយ​ពី​រឿង​ស្នេហា ព្រះកាយ​ច័ន្ទ ក៏មាន​មន្ត​ស្នេហ៍​មិនធម្មតា​ដែរ កន្លងមក​មាន​ព័ត៌មាន​ជា​បន្តបន្ទាប់​ថា មាន​បុរស​ជាច្រើន​ទាំង​ក្នុង និង ក្រៅប្រទេស​សុំចូល​ខ្លួន​ថ្នាក់ថ្នម​នាង ។ អ្នកខ្លះ​ចូល​ស្តី​តាម​ប្រពៃណី តែ​អ្នកខ្លះ​ចូលមក​ស្រឡាញ់​បែប​លេងសើច ។

ដូច​សព្វដង ព្រះកាយ​ច័ន្ទ និយាយថា នាង​មិនទាន់​រក​អ្នក​ពិសេស​ឃើញ​នោះទេ ណាមួយ​ទូរស័ព្ទ​របស់​នាង​ត្រូវ​ប៉ា​របស់​នាង​ជា​អ្នក​កាន់ ។ បុរស​ដែល​នាង​ចង់បាន​ធ្វើជា​គូ​អនាគត​គឺ​អ្នកជំនួញ នាង​មិន​ស្រឡាញ់​អ្នកសិល្បៈ​ដូចគ្នា​ឡើយ ។ ដោយឡែក​លោក ពៅ ចាន់​តារា ជា​ឪពុក​របស់ ព្រះកាយ​ច័ន្ទ ធ្លាប់​ប្រាប់ថា លោក​មិន​ចង់ទុក​កូន​ឲ្យ​នៅ​ព្រៅ​ទេ បើ​មាន​អ្នក​ល្អ​លោក​នឹង​លើក​ឱ្យ​ភ្លាម ៕ សុធារៈ

Related