ឧបសគ្គ​​ដែល​ធ្វើ​ឲ្យ​ សុផាលែន សឹង​តែ​លា​ឈប់​ពី​សិល្បៈ​


ឧបសគ្គ​​ដែល​ធ្វើ​ឲ្យ​ សុផាលែន សឹង​តែ​លា​ឈប់​ពី​សិល្បៈ​

តារា​ចម្រៀង​ក្នុង​ផលិត​កម្មភ្លេង​រីខត លាង សុផាឡែន តាំង​ពី​ចូល​សិល្បៈ​មក​ដល់​ឥឡូវ​​នាង​ប្រាប់​ថា​មាន​ឧបសគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​នាង​សឹង​តែ​ឈប់​ពី​សិល្បៈ។

 

ឧបសគ្គ​មួួ​នោះ គឺ​ការ​ចេញ​បទ​ចម្រៀង​យឺត​។ “ចាស​អូន​…​កាល​បង​នៅ ផលិត​កម្ម​មួយ ​បង​សឹង​តែ​ឈប់​ពី​សិល្បៈ​ ដោយសារ​តែ​​បទ​ចម្រៀង​ចេញ​យឺត​ខ្លាំង​ពេក​ ហើយ​កេរ្ត៍​​​ឈ្មោះ​បង​ក៏​ស្ងាត់​នៅ​លើ​ទី​ផ្សារ​ទៀត។ អីចឹង​ហើយ បង​ស្ទើរ​តែ​ឈប់…”។ សុផាឡែន ថ្លែង។​​

 

ឧបសគ្គ​​ដែល​ធ្វើ​ឲ្យ​ សុផាលែន សឹង​តែ​លា​ឈប់​ពី​សិល្បៈ​

 

​ម្ចាស់​បទ​ “​បេះ​ដូង ១០០”​បាន​ប្រាប់​ថា កាល​នៅ​​ផលិតកម្ម​ព្រះ​អាទិត្យ ​នាង​បទ​ចម្រៀង​ច្រើន​គួរសម ហើយ​​បទ​ដែល​ចាប់​ផ្តើម​ទស្សនិកជន​ស្គាល់​ នាង គឺ​បទ​ “កុំ​ចោទ​អូន​ព្រៃ​ផ្សៃ” “ជួប​ពេល​ណា​ក៏​ផឹក​” “ភ្លឺឡើង​បាត់​ស្នេហ៍” ជាដើម។

 

ប៉ុន្តែ​បន្ទាប់​ពី​ចេញ​បទ​ចម្រៀង​ប៉ុន្មាន​បទ​នោះ​រួច​មក​ ក៏​លែង​មាន​បទ​នាង​ចរាចរណ៍​លើ​ទី​ផ្សារ​ទៀត​ សុផាឡែន ​​ថ្លែង​ថា ៖ “មាន​មនុស្ស​ស្គាល់​បង​បាន​ច្រើន​ហើយ​ ស្រាប់​តែ​ជាប់​គាំង​​បង​អត់​មាន​​ បទ​អី​ចេញ​ ហើយ​ Fans តែង​តែ​សួរ​ថា ​កាល​ណា​បទ​ចម្រៀង​បង​ចេញ​ទៀត​ បង​សឹង​តែ​អស់​សង្ឃឹម​ម្តងៗ​ហើយ​ប្រុង​សម្រេច​ថា​នឹង​ឈប់​ពី​សិល្បៈ​​ហើយ​អូន”។

 

ទន្ទឹម​នឹង​ភាព​អស់​សង្ឃឹម​ពេល​នោះ​ ម្ចាស់​បទ “ជីវិតគ្រួសារ” បន្ត​ទៀត​ថា ដោយ​សារ​តែ​មាន​ទស្សនិកជន​ដែល​ស្រលាញ់​រូប​នាង​ខ្លាំង​ បាន​ព្យា​យាម​លើក​ទឹក​ចិត្ត​នាង​រហូត​ ៖ “Fans​ បង​លើក​ទឹក​ចិត្ត​បង​ខ្លាំង​មែន​ទែន គេ​ថា​​បង​មាន​សមត្ថភាព​ កុំ​ទាន់​អាល​ឈប់ ហើយ​អ្នក​ខ្លះ​គេ​និយាយ​ថា​ បង​ឯង​ត្រូវ​គិត​វែង​ឆ្ងាយ​ រឿង​ប៉ុណ្ណឹង​ បង​ឯង​ប្រឹង​បន្តិច​ទៀត​ទៅ​គង់​តែ​ល្អ​ជាង​មុន​ទេ​បង និយាយ​រួម​ទៅ​ពួក​គេ​ជំរុញ​ទឹក​ចិត្ត​បង​ច្រើន​ណាស់​ ពេល​ខ្លះ​គិត​ក្នុង​ចិត្ត​ថា យី​ក្មេងៗ​នេះ​គិត​បាន​វែង​ឆ្ងាយ​ជាង​បង​ទៀត(សើច)​”។

 

​​ឧបសគ្គ​​ដែល​ធ្វើ​ឲ្យ​ សុផាលែន សឹង​តែ​លា​ឈប់​ពី​សិល្បៈ​

 

រូបថត៖ ហ្វេសប៊ុក ​លាង សុផាឡែន

 

សុផាឡែន បន្ត៖ “ជីវិត​បង​ជោគ​ជ័យ​​គឺ​ឲ្យ​តែ​មាន​​ចេញ​អាល់ប៊ុម​ចម្រៀង បើ​អត់​ចេញ​ទេ បង​ច្បាស់​ជា​ស្ងាត់​ទៀត​ហើយ ក្រោយ​មក​ពេល​ដែល​បង​ចូល​ក្នុង​ផលិត​កម្ម​ ប៊ីកមែន ក៏​មាន​បទ​ល្បី​ៗ​ច្រើន​ដែរ​អូន​​ប្រិយ​មិត្ត​ចាប់​ផ្តើម​ស្គាល់​បង​ម្តង​ទៀត​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ បទ​ចម្រៀង​បង​ជាប់​គាំង​លែង​មាន​ចេញសារ​ជា​ថ្មី​ បង​ក៏​ស្ងាត់​ទៀតទៅ​”។

​​​​អតីត​តារា​ចម្រៀង​ក្នុង​​ផលិតកម្ម​ប៊ីក​មែន​រូប​នេះ​ បន្ថែម​ថា តាំង​ពី​ចូល​ក្នុង​ផលិតកម្ម​​ថ្មី​មក​ គឺ​ ភ្លេង​រី​ខត​​ បណ្តា​ប្រិយ​មិត្ត​ជា​ច្រើន​ស្គាល់​នាង​ ហើយ​កេរ្តិ៍​ឈ្មោះ​ចាប់​ផ្តើម​ឡើង​ខ្លាំង​ជាង​មុន​ផង​ដែរ​ ហើយ​បទ​ចម្រៀង​ក៏​មាន​ជា​បន្ត​បន្ទាប់​ ជាពិសេស​អាច​ទាញ​យក​បេះដូង ទស្សនិកជន​ក្រាស់​ក្រែល​ទៀត​ផង​។ នាង​ក៏​សូម​អរគុណ​ទៅ​ដល់​ Fans នាង​ដែល​តែង​តែ​គាំ​ទ្រ​និង​លើក​ទឹក​ចិត្ត​នាង​​កន្លង​មក​ ជា​ពិសេស​ធ្វើ​ឲ្យ​នាង​អាច​បន្ត​អាជីព​សិល្បៈ​នេះ​មក​ដល់​ឥឡូវ​៕

 

លាង សុផាឡែន ​ថត​​រឿងមិន​យកកម្រៃ ត្បិត​ចង់​​ជួយ​​​យុវជន​ខ្មែរ

 

យ៉ាដាវ មាន​ជាង១០ក្បាច់ ត្រៀម​រឿង​ថ្មី

 

អត្ថបទ៖ ថា ម៉ាលីដា