កម្មការិនីម្នាក់ ស្លាប់ និង៤នាក់ទៀត ដួលសន្លប់ក្នុងរោងចក្រ សម្បត្តិត្រេឌីង ដោយសារថប់ដង្ហើម

ភ្នំពេញ៖ កម្មការិនី ម្នាក់បានស្លាប់ និង ៤នាក់ទៀត បានដួលសន្លប់ នៅរោងចក្រសម្បត្តិត្រេឌីង ស្ថិតក្នុងស្រុកស្វាយអន្ទរ កាលពីវេលាម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្មករនៅរោងចក្រសម្បត្តិត្រេឌីង ៥នាក់ (ស្រី) បានថប់ដង្ហើមសន្លប់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗផងដែរ ប៉ុន្តែជាអកុសលកម្មការិនីម្នាក់ បានស្លាប់នៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានបន្តថា កម្មការិនី ដែលបានស្លាប់នោះមាន ឈ្មោះ រ៉ន ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ មានលំនៅភូមិព្រៃឫស្សី ឃុំជាខ្លាង បានស្លាប់នៅមន្ទីរពេទ្យ។

ចំណែកឯអ្នកដួលសន្លប់ ទាំង ៤នាក់ រួមមាន ទី១ ឈ្មោះ អៀន អ៊ីត ភេទស្រីអាយុ១៧ឆ្នាំ, ទី២ ឈ្មោះ អៀន អ៊ិន ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំងពីរជាបងប្អូនបង្កើត រស់នៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ច្រៀច, ទី៣ ឈ្មោះ វ៉ាង ស្រីម៉ុច ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិត្នោតទ្រេត ឃុំតាកោរ ស្រុកពោធិរៀង និងទី៤ ឈ្មោះ ចាន់ ស្រីរ៉ា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំជាខ្លាង។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទាំង ៤នាក់ គ្រាន់តែសន្លប់ និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាព ស្វាយអន្ទរ មូលហេតុមកពីខ្យល់ ថប់ដង្ហើម ។ ចំណែកកម្មការិនីដែលបានស្លាប់ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី៕

កម្មការិនីម្នាក់ ស្លាប់ និង៤នាក់ទៀត ដួលសន្លប់ក្នុងរោងចក្រ សម្បត្តិត្រេឌីង ដោយសារថប់ដង្ហើម