ស្ត្រី​ក្រីក្រ​កើត​ជំងឺមហារីក​ដោះ​​អំពាវនាវ​រក​ជំនួយ​សម្រាប់​ជីវិត​ចុង​ក្រោយ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​កើត​ជម្ងឺមហារីក​ដោះដ៏​កំសត់​ និង​ទុរគត​​ម្នាក់បាន​អំពាវនាវតាម​រយៈសារព័ត៌មាន និង​ទូរ​ទស្ស​ន៍ដើម្បី​ស្វែងរក​អំណោយ​សង្គ្រោះដល់​រូប​គាត់​​ សព្វថ្ងៃ​គាត់​ត្រូវ​បាន​អ្នក​ជិតខាង​រាប់អានឱ្យ​កន្លែង​ស្នាក់​នៅ និង​ឱ្យទាន​អាហារ​គ្រាន់​រស់​កំដ​ជិ​វិតចុង​ក្រោយ ។

នៅ​លើ​គ្រែក្នុង​បន្ទប់​តូច​ចង្អៀត​ក្រោមផ្ទះរបស់​អ្នកមាន​ចិត្ត​ធ​ម៌ ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ស្ត្រី​អភ័ព្វ​រូប​នោះ​ដែល​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ស្គាំងស្គម ស្លេកស្លាំង ដង្ហើម​ផុតៗស្ទើរមិន​ដល់​គ្នា បាន​ប្រឹង​រៀបរាប់​ដោយ​សម្លេង​ខ្សាវ និង​បង្ហូរទឹកភ្នែក​ថា រូប​គាត់​មានឈ្មោះ សំ ធឿ​ន អាយុ៥២ឆ្នាំ ​​មានកូន​ប្រុស​៣​នាក់ បែកទៅ​មាន​ប្រ​ព​ន្ធអស់​ហើយ និង​ខ្លះ​ទៀត​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ 

គាត់​ត្រូវ​បាន​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ កេ​ត នាង អាយុ​៥៦​ឆ្នាំ និងកេ​ត នី​ម អាយុ​៥៣​ឆ្នាំ បានឱ្យ​បន្ទប់ស្នាក់​នៅតាំងពីរូប​គាត់​ធ្លាក់ខ្លួន​ឈឺ​ជម្ងឺមហារីក​ដោះ​ខាងឆ្វេង ។ គាត់​បាន​បន្ត​ថា ​មុនដំបូង​ឡើយ​ គឺដោះគាត់​គ្រាន់តែ​កើត​គីស ហើយ​បាន​ព្យាបាល​ជា​សះស្បើយ ។​

បន្ទាប់​មក​គាត់​បាន​ទៅ​ធ្វើការនៅប្រទេស​ថៃ ដោយ​បេះ​ផ្លែ​តា​ង៉ែ​នឱ្យ​គេ តែ​ចៃដន្យ​អាក្រក់គាត់​បាន​ធ្លាក់​ពីលើ​ចុង​តា​ង៉ែ​នបណ្តាលឱ្យ​ត្រូវ​ងោង​ត្រគាកដើរ​មិន​រួចក៏​ត្រឡប់​មក​ស្រុក​វិញសុំ​ផ្ទះ​ស្ត្រី​​​ខាងលើ​ស្នាក់​នៅ ហើយ​ដោះ​ខាងឆ្វេងរបស់​គាត់​ចាប់ផ្តើម​ឈឺ​ពី​ពេល​នោះ​មករហូត​បាន​ក្លាយជា​មហារីក  ។

គាត់​បាន​ទៅ​មន្ទីរពេទ្យ​ឱ្យគ្រូពេទ្យ​ពិនិត្យ​ដែរ តែ​គ្រួពេទ្យ​ប្រាប់​ថា ហួសពេលដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ ។ ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ កេ​ត នាង អាយុ​៥៦​ឆ្នាំ និង កេ​ត នី​ម អាយុ​៥៣​ឆ្នាំ បានឱ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃពួក​គាត់​ជា​អ្នក​បញ្ចុកបាយ បបរ​ព្រឹកល្ងាច តែ​ប៉ុន្មាន​ថៃ្ង​នេះច្រក​អ្វី​ក៏​មិន​បាន​ដែរ បាន​តែ​ទឹកបបរ​ ឬ​ទឹក​ផ្លែ​ឈើ​បន្តិច​ប​ន្តួច រស់​ចាំ​ថ្ងៃ​ស្លាប់​តែ​ប៉ុណ្ណោះ ព្រោះ​ដំបៅ​មហារីក​បាន​រីក​រលួយ​ពេញ​មួយចំហៀ​ង​ខ្លួន​ទៅ​ហើយ ។

ស្ត្រី​កំសត់​រូប​នោះ ក៏​ដូច​ជា​ម្ចាស់ផ្ទះ​បាន​លើ​កដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​សប្បុរសជនជិត​ឆ្ងាយ​សូម​មេត្តាជួយ​ឧ​ប​ត្ថ​ម​ដល់​ស្ត្រី​រូប​នោះ​ផង​៕
                                                                                               ​