NAGA World រុះរើ​សំណង់​មុខ​ពុទ្ធសាសនបណ្ឌិត្យ របៀប​ស៊ីម៉ោង​

ភ្នំពេញ: ដោយ​អនុវត្តតាម​ស្មារតី នៃ​អង្គប្រជុំ​បន្ទាន់ ដែល​លោក អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ក្រុមហ៊ុន NAGA World បានសម្រេច​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ​ដោយ​ខ្លួនឯង គឺ​រុះ​ដំបូល​ដែក និង​វាយកម្ទេច​ជញ្ជាំង​បេតុងមុខ​ពុទ្ធសាសនបណ្ឌិត្យ​។

​ប្រជាពលរដ្ឋ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​កំពុង​ឈរ​មើល ការរុះរើ​សំណង់​ការដ្ឋាន ក្រុមហ៊ុន NAGA World នោះ បាន​និយាយថា ក្រុម​ជាង និង​កម្មករ នៃ​ការដ្ឋាន​ក្រុមហ៊ុន NAGA World បានចាប់ផ្តើម​រុះរើ តាំងពីព្រឹក​ព្រលឹម​ថ្ងៃនេះ ប៉ុន្តែ​ការរុះរើ​នោះ ហាក់បីដូចជា​ធ្វើការ​លំៗ មិន​ស្វាហាប់​សោះ ពោលគឺ​ក្រុមកម្មករ បាន​យក​ញញួរ​តូចៗ មក​វាយកម្ទេច​ជញ្ជាំង​បេតុង ពី​ខាងមុខ​ពុទ្ធសាសនបណ្ឌិត្យ​។ ពលរដ្ឋ​រូបនោះ បាន​បន្តថា កម្មករ បាន​វាយ​ជញ្ជាំង ធ្វើ​របៀប​ដូចជា​ស៊ីម៉ោង​អីចឹង វាយ​ជញ្ជាំង​ដូច​ខ្លាច​ជញ្ជាំង​ឈឺ ហើយ​ជញ្ជាំង​ថ្ម​នោះ បាន​របេះ​ម្តង​បន្តិចៗ ជា​ដុំ​តូចៗ ពុំមែន​បែក​ធ្លាក់​ទាំង​ផ្ទាំងៗ​នោះទេ​។​

​ប្រភព​បាន​បន្តទៀតថា ក្រុមហ៊ុន NAGA World ប៉ុនណា​ណី សូម្បីតែ​ម៉ាស៊ីន​បុក​បេតុង ក៏​គ្មាន​ឬ​? បានជា​យក​ញញួរ​តូចៗ ហើយ​ប្រើ​កម្មករ មក​វាយ​ជញ្ជាំង​ថ្ម​ទៅវិញ ចុះ​ម៉េច​មិន​យក​ម៉ាស៊ីន មក​បុក​បំបែក​ជញ្ជាំង​តែម្តងទៅ​។ ចំណែកឯ​ដំបូល​ដែក ក៏ត្រូវ​បាន​កម្មករ ដោះ​ទម្លាក់​ចុះមក​ដី ជា​បណ្តើរៗ​ផងដែរ​។​

​ប្រភព​បាន​បន្តថា កាលពី​ដំបូង ការដ្ឋាន​នេះ ហាក់ដូចជា​ធ្វើបាន​លឿន​ណាស់ គឺ​ធ្វើ​ទាំងយប់ ទាំង​ថ្ងៃ ប៉ុន្តែ​ដល់ពេល​រុះរើ​ទម្លាក់​ចេញ​វិញ គឺ​ធ្វើ​មួយៗ យឺតៗ របៀប​លេង ក្នុង​បំណង​ទុក ចរចា​ទេ​ដឹង​?​។​

​កិច្ចប្រជុំ​បន្ទាន់ ពាក់ព័ន្ធ​នឹង​សំណង់​របស់ ក្រុមហ៊ុន NAGA World ដែល​បាន​សាងសង់​ខុសច្បាប់ អនុញ្ញាត របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​លោក អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស កាលពី​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​ផ្លូវច្បាប់ និង​បច្ចេកទេស​។​

​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​គឺ​៖ ១-​ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ ។ ២-​ក្រុម​ជាង​ក្រុមហ៊ុន ចាប់ផ្តើម​រុះរើ ដោយ​ខ្លួនឯង​ពីថ្ងៃ​ស្អែក គឺ​រុះ​ដំបូល​មុខ ពុទ្ធសាសនបណ្ឌិត្យ​មុន ។ ៣-​ចាត់​មន្ត្រី​ជំនាញ ប្រចាំ​ការជំរុញ​ដំណើរការ​នេះ រហូតដល់​ទីបញ្ចប់​។​

​សូមបញ្ជាក់ថា ភ្លាមៗ ក្រោយពី​ចប់​ពិធី​សម្ពោធ គម្រោង​ការពារ​ទឹកជំនន់ ជំ​ហាន​ទី​៣ របស់ JICA រួចមក នា​ព្រឹក​ថ្ងៃទី​៥ វិច្ឆិកា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​មើល​ដោយផ្ទាល់ការដ្ឋាន​សំណង់​របស់ ក្រុមហ៊ុន NAGA World ដែល​បាន​សង់​ខុសច្បាប់​អនុញ្ញាត ក៏ដូចជា​ការប៉ះពាល់ដល់​សោភ័ណភាពរាជធានី​ភ្នំពេញ​៕V/S

NAGA World រុះរើ​សំណង់​មុខ​ពុទ្ធសាសនបណ្ឌិត្យ របៀប​ស៊ីម៉ោង​

NAGA World រុះរើ​សំណង់​មុខ​ពុទ្ធសាសនបណ្ឌិត្យ របៀប​ស៊ីម៉ោង​

NAGA World រុះរើ​សំណង់​មុខ​ពុទ្ធសាសនបណ្ឌិត្យ របៀប​ស៊ីម៉ោង​