​រយៈពេល ១០​ខែ ឆ្នាំ​២០១៥ រមណីយដ្ឋាន​អង្គរ ទទួលបាន​ចំណូល​ពី​ការលក់​សំបុត្រ ជាង ៤៧ លាន​ដុល្លារ កើន​ជាង​ឆ្នាំមុន​

ភ្នំពេញ: រយៈពេល​១០​ខែ ឆ្នាំ​២០១៥ នេះ ប្រាក់ចំណូល ដែល​បានមកពី​ការលក់​សំបុត្រ ជូន​ភ្ញៀវទេសចរ​បរទេស ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៥ មាន​ចំនួន ៤៧.៦៨១.០៨០ ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ០,៦២ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៤​។ ចំណែក​ចំនួន​ភ្ញៀវទេសចរ ដែល​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ មាន​ចំនួន ១.៦៧៧.៣៥២ នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៤  កើនឡើង​ប្រមាណ ២,០៥ ភាគរយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា ចុះ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សម្រាប់​ខែតុលា  ចំនួន​ភ្ញៀវទេសចរ ដែល​ចូលមក​ទស្សនា រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១៥៣.៣០៨ នាក់ ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៤ មាន​កំណើន ៤,០៩ ភាគរយ ។ ប្រាក់ចំណូល​ដែល​បានមកពី ការលក់​សំបុត្រ ជូន​ជនបរទេស ចូល​ទស្សនា​អង្គរ ក្នុង​ខែតុលា ឆ្នាំ​២០១៥ មាន​ចំនួន ៤.៣៨១.០៤០ ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៤,៥២ ភាគរយ ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៤ ។​

​ម្យ៉ាងទៀត អាជ្ញាធរ​ជាតិ​អប្សរា បានកំណត់​ម៉ោង ចូល​ទស្សនា​ប្រាសាទ​នានា នៅ​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​អង្គរ ដល់​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន​ជាតិ​-​អន្តរជាតិ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ សមាគម សណ្ឋាគារ ក្រុមហ៊ុន​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ អ្នក​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណ ជន​ទាំងអស់ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ នឹងមាន​ការកំណត់​ពេល​វេលា ដើម្បី​សម្រួល​ដល់​ការ​ទស្សនា ក៏ដូចជា​ធានា​សណ្តាប់ធ្នាប់ សុវត្ថិភាព ប្រាសាទ និង​ភ្ញៀវទេសចរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានកំណត់​ពី​ពេលវេលា សម្រាប់​ការចូល​ទស្សនា ប្រាសាទ​នានា ដូចខាងក្រោម​៖  ភ្ញៀវ​អាច​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត និង​ស្រះស្រង់ ចាប់ពី​ម៉ោង ៥:០០ នាទី​ព្រឹក ដល់ ម៉ោង ៥:៣០​នាទី​ល្ងាច , ប្រាសាទភ្នំបាខែង និង​ប្រាសាទប្រែរូប ចាប់ពី​ម៉ោង ៥:០០​នាទី​ព្រឹក ដល់ ម៉ោង ៧:០០​នាទី​ល្ងាច និង​ប្រាសាទ​ផ្សេងទៀត ចាប់​បើក​ទស្សនា ពី​ម៉ោង ៧:៣០​នាទី​ព្រឹក ដល់ ម៉ោង ៥:៣០​នាទី​ល្ងាច​៕V/S