​កម្ពុជា និង​អេ​ហ្សី​ប ប្តេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​

ភ្នំពេញ: ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​អារ៉ាប់​អេ​ហ្សី​ប ប្រចាំ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ ចំពោះ​ការប្តេជ្ញា​របស់ លោក​ឯកអគ្គរដ្ឋទូត ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការពង្រីក ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​ប្រទេស​ទាំងពីរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួល​ជួប​សម្តែង​ការគួរសម ពី​សំណាក់​លោក Hazem El Tahry ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ អារ៉ាប់​អេ​ហ្សី​ប ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា លោក​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​អារ៉ាប់​អេ​ហ្សី​ប ប្រចាំ​កម្ពុជា បាន​សម្តែង​អំណរគុណ និង​ការកោតសរសើរ ចំពោះ​លោក​ទេសរដ្ឋមន្ត្រី ដែល​បានផ្តល់​កិច្ច​ស្វាគមន៍ យ៉ាង​កក់ក្តៅ និង​ការអញ្ជើញ​ចូលរួម ជា​អធិបតី​របស់ លោក​ទេសរដ្ឋមន្ត្រី នាពេល​ថ្មីៗ​នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ព្រែកជីក​ផ្លូវ​សមុទ្រ ស៊ុយ​អេ​ថ្មី (Suez Canal) របស់​ប្រទេស​អេ​ហ្សី​ប ដែល​បាន​ប្រព្រឹត្តទៅ នៅ​ទីក្រុង Cairo ប្រទេស​អេ​ហ្សី​ប​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី អំពី​ការធ្វើ​ឲ្យ​ធូរស្រាល នូវ​ស្ថានភាព​នយោបាយ នៅ​ប្រទេស​អេ​ហ្សី​ប និង​ការប្តេជ្ញា​របស់ខ្លួន ក្នុង​ការជួយ ជ្រោមជ្រែង ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម រវាង​កម្ពុជា និង​អេ​ហ្សី​ប​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន លោក​ឯកអគ្គរដ្ឋទូត អំពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រសួង​ពាក់ព័ន្ធ នឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា និង​ការត្រៀមខ្លួន​របស់​កម្ពុ​ជា សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ ចំពោះ​ការប្តេជ្ញា​របស់ លោក​ឯកអគ្គរដ្ឋទូត ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​។ លោក​បាន​មានប្រសាសន៍ថា​៖ លោក​រង់ចាំ​បំពេញការងារ យ៉ាង​ជិតស្និទ្ធ ជាមួយ​ឯកអគ្គរដ្ឋទូត​អេ​ហ្សី​ប ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​ប្រទេស​ទាំងពីរ​៕V​/S

​កម្ពុជា និង​អេ​ហ្សី​ប ប្តេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​

​កម្ពុជា និង​អេ​ហ្សី​ប ប្តេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​

​កម្ពុជា និង​អេ​ហ្សី​ប ប្តេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​