ក្មេង​ស្ទាវ​តែងតែ​នាំ​គ្នា​ទៅ​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​រូងភ្នំ​ស្តេច​គង់

ខេត្តកំពត ៖ ក្រុម​ក្មេង​ស្ទាវ​មាន​ប្រុស មាន​ស្រី តែងតែ​នាំ​គ្នា​ពពាក់ពពូន​ជិះ​ម៉ូតូ​មក​ពួន​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​រូងភ្នំ​ស្តេច​គង់​ស្ទើរតែ​រាល់ថ្ងៃ ដែល​ស្ថិត​ក្នុងភូមិ​ច​គង់ ឃុំ​ស្តេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត ។

បើ​តាម​ការ​អះអាង​របស់​លោក កែវ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្តេច​គង់ ហៅ​ភូមិ​ថ្មី បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកក្មេង​ស្ទាវ​មាន​ប្រុស មាន​ស្រី តែងតែ​ជិះ​ម៉ូតូឌុប​គ្នា​មក​សម្ងំ​ជក់​ថ្នាំ​នៅ​ក្នុង​រូងភ្នំ​ស្តេច​គង់​នេះ ។ លោក​បន្ត​ថា ដំបូង​ឡើយ​អ្នក​ភូមិ​ស្មាន​តែ​ក្រុម​ក្មេង​ៗ​មក​លេង​កំសាន្ត​នៅ​ក្នុង​រូងភ្នំ តែ​យូរ​ៗ​ទៅ​ទើប​ដឹង​ថា​ពួក​គេ​ចូល​ទៅ​សម្ងំ​ជក់​ថ្នាំ​ញៀន​សោះ​ដោយ​បន្សល់​ទុក​នៅ​ក្នុង​រូងភ្នំ​មាន​ដូច​ជា សំបក​ដប​ទឹក​សុទ្ធ បំពង់​បឺត កញ្ចប់​បារី ដែល​ក្រុម​ក្មេង​ៗ​ស្ទាវ​ទាំងនោះ​អ្នក​ភូមិ​មិន​ដែល​ស្គាល់​ទេ ភាគច្រើន​គឺ​មក​ពី​ឆ្ងាយ​ៗ ណាត់គ្នា​មក​ជក់​នៅ​ក្នុង​រូងភ្នំ​នេះ​តែ​ម្តង ។

លោក ទ​ន ភ​ន ប្រធាន​ភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស បាន​ប្រាប់​ឲ្យ​ដឹង​ថា ទោះជា​ភូមិ​ស្តេច​គង់ និង​ភូមិ​ដើម​ចំរៀក ស្ថិត​ក្នុង​ឃុំ​ខុស​គ្នា​ក៏​ដោយ តែ​ភូមិសាស្ត្រ​នៅ​កៀក​គ្នា លោក​ក៏​អាច​ដឹង​ថា មាន​ក្រុម​ក្មេង​ស្ទាវ​នាំ​គ្នា​មក​ជក់​ថ្នាំ​ញៀន​ប្រាកដ​មែនហើយ​នៅ​ក្នុង​រូងភ្នំ ។ លោក​បាន​និយាយ​ថា នៅ​ក្នុង​រូងភ្នំ​ស្តេច​គង់​នេះ គេ​ឃើញ​មាន​ដាន​កង់​ម៉ូតូ​តូច​-​ធំ​ចេញចូល​ទក់ទី​អស់ហើយ និង​វត្ថុ​តាង​មួយ​ចំនួន​ដែល​គេ​ជក់​ហើយ​បោះចោល​ទៅ​ក្នុង​ទឹក​ក្នុង​ល្អាង​ភ្នំ ។

ប្រជាពលរដ្ឋ​ខេត្តកំពត​បាន​កត់សម្គាល់​ឃើញ​ថា នៅ​ចុងឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ឡើង​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​មក មានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បញ្ហា​ចែកចាយ​គ្រឿងញៀន និង​អ្នក​ជក់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ហូរហែរ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ ៕