ក្រុមហ៊ុន​យួន​កំពុង​បំផ្លាញ​ព្រៃ​ឡង់​យ៉ាង​មហន្តរាយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

​ក្រុមហ៊ុន​យួន​ឈ្មោះ​ធី​ង៉ា​(Ty Nga) ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ព្រៃ​ឡង់​ជាប់​ព្រំប្រទល់​រវាង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ គ្រោង​ដំណើរការ​រោងចក្រ​កែច្នៃ​ឈើ​ប្រណីត​របស់ខ្លួន​នៅ​អំឡុង​ខែធ្នូ​ឆាប់ៗ​ខាងមុខនេះ​។ ប្រការនេះ​បានធ្វើ​ឲ្យ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​មហន្តរាយ​ព្រៃ​ឡង់ ព្រោះ​ក្រុមហ៊ុន​ធី​ង៉ា មិន​ត្រឹមតែ​កាប់​ឈើ​ប្រណីត​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​កាប់​ឈើ​ប្រណីត​នៅក្រៅ​បរិវេណ​ដី​សម្បទាន​របស់ខ្លួន​ផងដែរ​។

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​ថា ឈើ​ប្រណីត​នៅក្នុង​ព្រៃ​ឡង់​កាន់តែ​វិនាស​ហិនហោច​ថែមទៀត នៅពេលដែល​ក្រុមហ៊ុន​ធី​ង៉ា គ្រោង​ដំណើរការ​រោងចក្រ​កែច្នៃ​ឈើ​នាពេល​ឆាប់ៗ​ខាងមុខ​។ តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ខេត្តកំពង់ធំ ដែល​បាន​ទៅដល់​ទីតាំង​រោងចក្រ​របស់​ក្រុមហ៊ុន​ធី​ង៉ា បាន​ឲ្យ​ដឹងថា​រោងចក្រ​នោះ​ដំឡើង​គ្រឿងចក្រ​រួចរាល់​អស់ហើយ នឹង​គ្រោង​ដំណើរការ​នៅ​ខែធ្នូ​ខាងមុខនេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​ធី​ង៉ា អះអាង​អំពី​ការធ្វើ​អាជីវកម្ម​ឈើ​លើ​បរិវេណ​ដី​សម្បទាន​របស់ខ្លួន តែ​ការពិត​ក្រុមហ៊ុន​យួន​មួយ​នេះ នឹង​ប្រមូល​ដើមឈើ​ទាល​ឬ​ដើម​ច្បោះ​ជ័រ​ពី​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅក្នុង​តំបន់​ព្រៃ​ឡង់​ទាំងមូល ដើម្បី​ធ្វើ​អាជីវកម្ម​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ធី​ង៉ា​របស់​យួន ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​៦០០០​ហិកតា នៅក្នុង​ភូមិសាស្ត្រ ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ មាន​ព្រំប្រទល់​ជាប់​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ក្បែរ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ ផងដែរ​។ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ឲ្យ​ដឹងថា នៅពេលដែល​ក្រុមហ៊ុន​ធី​ង៉ា​របស់​យួន ដំណើរការ​រោងចក្រ​កែច្នៃ​ឈើ​ប្រណីត ប្រាកដជា​នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​នៅ​ខាងក្រៅ​បរិវេណ​ដី​សម្បទាន​ជាមិនខាន​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​តាមដាន​បញ្ហា​នេះ​ដោយ​យកចិត្តទុកដាក់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​យួន​បំផ្លាញ​ព្រៃឈើ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​៕

08-12-2014_meet_australyលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ 4