ធ្លាយទំនប់រ៉ែដែក នៅប្រេស៊ីល បណ្តាលឲ្យ មនុស្សស្លាប់ និង បាត់ខ្លួន ៦០នាក់

រីយ៉ូ ៖ កន្ទុយនៃទំនប់ ដែលធ្វើឡើងដើម្បីជីកយករ៉ែដែកនោះ បានប្រេះធ្លាយស្ថិតនៅរដ្ឋ មីណាស ហ្គឺរែស ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្ស ១៥នាក់ ស្លាប់ និង ៤៥នាក់ទៀត កំពុងបាត់ខ្លួន នៅឡើយ។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៥។

ទំនប់ ហ្វាន់ដាវ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន សាម៉ាកូ បានបែកធ្លាយកាលពីវេលាម៉ោង ៤ និង ២០នាទី រសៀលថ្ងៃព្រហស្បតិ៍ ម៉ោងនៅក្នុងតំបន់ ហើយបន្ទាប់មកចរន្តទឹកដ៏មហិមា បានបាចសាចពាសពេញតំបន់ ទំាងមូលនៃទីក្រុង ប៊ែនតូ រ៉ូឌ្រីហ្គែស ដែលមានមនុស្ស រស់នៅចំនួន ៦២០នាក់ មានចម្ងាយតែ ៧គីឡូម៉ែត្រពីទំនប់នោះប៉ុណ្ណោះ។

តាមរូបភាពពីប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល នោះ គឺផ្ទះរបស់ប្រជាជនជាច្រើនខ្នង ត្រូវបានទឹក កួចយកទៅបាត់ ហើយរថយន្តជាច្រើនគ្រឿងក៏ដូចគ្នាផងដែរ។ ក្នុងចំណោមមនុស្សបាត់ខ្លួន ទាំង ៤៥នាក់នោះ គឺ ៣០នាក់ជាកម្មករធ្វើការនៅក្នុងទំនប់។

យ៉ាងណាក៏ដោយ អាជ្ញាធរនៃទីក្រុង ម៉ារីណា ដែលនៅក្បែរខាង បានសម្រេចបញ្ចេញកម្លាំង ជួយសង្គ្រោះទៅ កាន់តំបន់ទំនប់ខាងលើនេះហើយ ព្រមទាំងធ្វើការស្វែងរកមនុស្សបាត់ខ្លួន ទាំងឡាយ។ ចំពោះមូលហេតុនៃការបែកធ្លាយទំនប់ខាងលើនេះ នៅមិនទាន់មានមន្ត្រី ជំនាញណាមួយ បញ្ជាក់ឲ្យដឹងនោះឡើយ៕

ធ្លាយទំនប់រ៉ែដែក នៅប្រេស៊ីល បណ្តាលឲ្យ មនុស្សស្លាប់ និង បាត់ខ្លួន ៦០នាក់