ទឹកប្រាក់ ១០០លានដុល្លារ ជាតម្រូវការ សម្រាប់ដោះស្រាយបញ្ហា ហូរចូលជនភៀសខ្លួន ទៅអឺរ៉ុប

យូអិន៖ ភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា ទឹកប្រាក់ជិត ១០០លាន ដុល្លារអាមេរិក ជាតម្រូវការសម្រាប់ជួយ ដល់ប្រទេសក្រិក និង បណ្ដាប្រទេស ផ្សេងទៀតនៅ បាល់កាន ដើម្បី ដោះស្រាយបញ្ហាហូរចូល នូវជនភៀសខ្លួន ជាមួយនឹងការរំពឹងទុកថាចំនួន ៥ពាន់នាក់ នឹងមកដល់អឺរ៉ុប ជារៀង រាល់ថ្ងៃនារដូវរងា ខាងមុខនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា ការិយាល័យ ឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានធ្វើការ បរិច្ចាគទឹកប្រាក់ ជាង ៩៥ លានដុល្លារ អាមេរិក ដើម្បីធានានូវការតាំងទីលំនៅបន្ទាន់ ប្រយោជន៍ការពារវិធានការផ្សេងទៀតដែល អាចកើតឡើងនៅ រដូវរងានោះ។

អ្នកនាំពាក្យអង្គការ សហប្រជាជាតិលោក ស្ទេហ្វិន ឌូចារិក បានឲ្យដឹងទៀតថា ភ្នាក់ងារ នេះ គ្រោងនឹងទទួលជន ភៀសខ្លួនរហូតដល់ ៥ពាន់នាក់នឹងមកដល់តំបន់អឺរ៉ុបជារៀងរាល់ថ្ងៃ នៅក្នុងចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ និង បានចេញសេចក្ដីប្រកាសអាសន្នថា អាកាសធាតុ នៅរដូវរងានេះ អាចបង្កឲ្យមានការបាត់បង់ជីវិត ប្រសិនបើ មិនមាន វិធានការគ្រប់គ្រាន់ ដើម្បីដាក់ចេញជាបន្ទាន់។

គួរបញ្ជាក់ផងដែរថា អាកាសធាតុអាក្រក់ក្នុងរដូវរងា នឹងបង្កការវេទនាដល់ជនភៀសខ្លួន ដែលធ្វើដំណើរ ទៅដល់ ប្រទេសក្រិក និងឆ្លងកាត់តំបន់បាល់កាន៕

ទឹកប្រាក់ ១០០លានដុល្លារ ជាតម្រូវការ សម្រាប់ដោះស្រាយបញ្ហា ហូរចូលជនភៀសខ្លួន ទៅអឺរ៉ុប