ចៅ ផលឌឿ ត្រៀមសងសឹក ពុទ្ធ ឆាយរិទ្ធី នៅលើសង្វៀន SEA-TV

ភ្នំពេញ៖ អ្នកប្រដាល់ ចៅ ផលឌឿ ក្លឹបសំរោងកោង ខេត្តបាត់ដំបង នឹងឡើងសងសឹកជាមួយអ្នកប្រដាល់ ពុទ្ធ ឆាយរិទ្ធី ក្លឹបពុទ្ធសេរីវង្សកីឡាម្តងទៀត គ្រាដែលអ្នកប្រដាល់ កង មករា ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ ប៉ូ វណ្ណស័ក្ត ក្លឹបគីសែមានរិទ្ធ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើសង្វៀន SEA-TV ។

ចៅ ផលឌឿ ធ្លាប់ប៉ះជាមួយ ពុទ្ធ ឆាយរិទ្ធី ចំនួន៣លើកហើយ ចាញ់ទាំងអស់ ដោយពេលនេះជាការឡើងសងសឹកលើកទី៤ នៅព្រឹកថ្ងៃអាទិត្យខានស្អែកនេះ ។ ចៅ ផលឌឿ អាចយកឈ្នះពុទ្ធ ឆាយរិទ្ធី បានទេ ។ ចៅ ផលឌឿ ជាអ្នកប្រដាល់ដែលមានកម្លាំងកាយសម្បទារឹងមាំ និងសម្រុកខ្លាំង វាយមិនចេះហត់ឡើយ ដោយសារ អាងកម្លាំងបាយបែប នេះ ផលឌឿ គេវាយអត់ខ្លាចទាល់តែសោះផ្ទុយទៅវិញ គេរឹតតែសម្រុកចូលវាយគូប្រកួតខ្លាំងលើសដើម ។

ពុទ្ធ ឆាយរិទ្ធី និង ចៅ ផលឌឿ ក៏វេទនាខ្លួនដែរ ព្រោះអី រិទ្ធី ក៏ជាជើងខ្លាំងខាងវាយសម្រុកណាស់ដែរ និយាយរួម ឆាយរិទ្ធី មានផ្លែល្អជាង ផលឌឿ ល្បិចកលក្នុងការប្រកួតក៏សម្បូរបែបដែរ ។ ការប្រកួតចុងក្រោយរបស់ ពុទ្ធ ឆាយរិទ្ធី វាយឈ្នះ វ៉ែន សុវណ្ណ អ្នកប្រដាល់ជើងចាស់ក្លឹបកងកេងមានរិទ្ធ ខេត្តបាត់ដំបងដោយពិន្ទុ រីឯ ចៅផលឌឿ គេប្រកួតចុង ក្រោយវាយចាញ់ អ៊ុំ ចំរើន ក្លឹបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។

ចំណែកអ្នកប្រដាល់ កង មករា ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ ប៉ូ វណ្ណស័ក្ត អ្នកប្រដាល់ក្លឹបគីសែមានរិទ្ធ ។ ប៉ូ វណ្ណស័ក្ត ជាអ្នកប្រដាល់ជើងចាស់ និងមានកណ្តាប់ដៃខ្លាំង តែអន់ផ្លែ ។ វណ្ណស័ក្ត មានកាយ សម្បទាល្អ ខ្ពស់ ហើយចិត្តប្រដាល់របស់គេក៏ធំថែមទៀត ដោយហ៊ានវាយប្តូរជាមួយគូប្រកួត ។ កង មករា មានផ្លែមិន ជាល្អប៉ុន្មានទេ គឺប្រហាក់ប្រហែលគ្នាជាមួយនឹង ប៉ូ វណ្ណស័ក្ត ដែរទេ ។

ការប្រកួតចុងក្រោយរបស់កង មករា គឺវាយចាញ់ គង់ សំបូរ អ្នកប្រដាល់ក្លឹបកងពលធំអន្តរាគមន៍លេខ២ ក្នុងទឹកទី៤ ឯការប្រកួតចុងក្រោយរបស់ ប៉ូ វណ្ណស័ក្ត វិញ គេវាយចាញ់ ឡុង សំណាង អ្នកប្រដាល់ក្លឹបកុសលកីឡាក្នុងទឹកទី១ ដោយសារវាយខុសលក្ខណះបច្ចេកទេសវាយថែមទៅលើ ឡុង សំណាងនោះ ។ អ្នកប្រដាល់ វេន សំណាង ក្លឹបសាលវ័ន្តកីឡា សងសឹកជាមួយ អ្នកប្រដាល់ ថាន់ គីម ក្លឹបរស្មីកុមារកំព្រា ដោយប្រកួតក្នុងទម្ងន់៦០គីឡូក្រាម ៕

ចៅ ផលឌឿ ត្រៀមសងសឹក ពុទ្ធ ឆាយរិទ្ធី នៅលើសង្វៀន SEA-TV