រាជរដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សុខភាពសត្វ និង​ផលិត​កម្មសត្វ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តនិងមានការកែប្រែ នូវមាត្រាមួយចំនួន លើសេចក្តីព្រាងច្បាប់ ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ។ នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន។

សេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វត្រូវបានរៀបចំឡើងដោយអនុលោមតាមក្របខ័ណ្ឌគោលនយោបាយ និងមូលដ្ឋានគតិយុត្តនានាមានជាអាទិ៍៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តប្រចាំតំបន់របស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) សម្រាប់ជម្ងឺផ្តាសាយបក្សី និងជម្ងឺឆ្លងសត្វ កិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ (SPS) នៃអង្គការពាណិជ្ជកម្មពិភពលោក ចត្តាឡីស័យសត្វនៅអាស៊ី និងច្បាប់ពាក់ព័ន្ធផ្សេងទៀតនៃប្រទេសជិតខាង និងក្នុងតំបន់។

ជារួមការបង្កើតច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វឲ្យស្របតាមច្បាប់អន្តរជាតិ និងតំបន់គឺជាតម្រូវការចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការងារចិញ្ចឹមសត្វ ការអនុវត្តវិធានការអនាម័យ និងភូតគាមអនាម័យដើម្បីការពារសុខភាពសត្វ សុខភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមលទ្ធផលនៃការសិក្សារបស់អង្គការស្បៀង និងកសិកម្មសហប្រជាជាតិបានបង្ហាញ ថានៅឆ្នាំ២០២០ តម្រូវការសាច់ ស៊ុត ទឹកដោះ និងផលិតផលសត្វ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នឹងមានការកើនឡើងយ៉ាងលឿនប្រកៀកទៅនឹងតម្រូវការក្នុងប្រទេសអភិវឌ្ឍន៍។ កំណើននៃតម្រូវការ ដ៏លឿននេះនឹងជះឥទ្ធិពលទៅ លើរបបពាណិជ្ជកម្ម និងផលិតកម្មសត្វ។

ជារួមសេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វនេះពិតជានឹងរួមចំណែកផ្តល់នូវអត្ថប្រយោជន៍ជាច្រើនមានជាអាទិ៍៖
១- ធ្វើទំនើបកម្ម និងភាពទាន់សម័យ ការពារសុខភាពមនុស្ស សត្វ សុខុមាលភាពសត្វ និងការពារបរិស្ថាន បង្ការទប់ស្កាត់ និងលុបបំបាត់ជម្ងឺឆ្លងសត្វ ការពារសុខភាពសាធារណសម្រួលពាណិជ្ជកម្មសត្វ និងផលិតផលសត្វប្រកបដោយប្រសិទ្ធភាព។
២- បម្រើឲ្យការនាំចេញ នាំចូល នាំឆ្លងកាត់ និងចរាចរក្នុងស្រុកនូវសត្វ និងផលិតសត្វ ចំណីសត្វ និងបសុឱសថប្រព្រឹត្តទៅដោយរលូន និងស្របតាមបទដ្ឋានអន្តរជាតិ ពិសេសកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ ឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសុខភាពសត្វពិភពលោក OIE ។
៣- លើកកម្ពស់ការចិញ្ចឹមសត្វ ដើម្បីធានានូវការផ្គត់ផ្គង់ផលិតផលសត្វប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ទីផ្សារក្នុងស្រុក និងជម្រុញការនាំចេញ។
៤- ការពារធនធានសត្វ និងពូជសត្វរបស់ជាតិ ក៏ដូចជាការបង្កាត់ពូជតាមបែបវិទ្យាសាស្រ្តទំនើប ដើម្បីបង្កើនសក្តានុពលផលិតកម្មនិងការប្រកួតប្រជែង។
៥- ពង្រឹងភាពជាដៃគូរវាងផ្នែកឯកជន ផ្នែកសាធារណៈ និងការវិនិយោគឧស្សាហកម្មចិញ្ចឹមសត្វ៕