បញ្ជូនខ្លួន ជនសង្ស័យ ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយ និងប្រើប្រាស់ថ្នាំញៀន

បាត់ដំបង៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនកាលពីវេលា១៤និង៣០នាទី រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯកក្រុង និងខេត្តបាត់ដំបង។

លោកស៊ាន សុណាល់ ប្រធានស្តីទី នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងនៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯកក្រុង និងខេត្តបាត់ដំបង សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យបាន៣នាក់ មានទី១ ឈ្មោះ ភិន ថារ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ជាមេខ្លោងលក់ចែកចាយថ្នាំញៀន ទី២ ឈ្មោះ គុយ ដាណេ ភេទប្រុស អាយុ ២៧ឆ្នាំ រស់ភូមិខាងលើ ទី៣ ឈ្មោះ សូ ភារិទ្ធ ហៅ ឈ្លី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិខាងលើជាមួយគ្នា។ រួមទាំងវត្ថុតាងម៉ាទឹកកក១ថង់តូច ស្មើនិងទម្ងន់០.២៤ក្រាម និងសម្ភារៈមួយចំនួនទៀត នាំយកមកសាកសួរ។ ជនសង្ស័យនិងបក្ខពួក បានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

បញ្ជូនខ្លួន ជនសង្ស័យ ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយ និងប្រើប្រាស់ថ្នាំញៀន