រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​គាំទ្រ​ឲ្យ ហុង​គ្រី បើក​ស្ថាន​តំណាង​ពាណិជ្ជកម្ម ជាតិ​ហុង​គ្រី ពង្រីក​ទំហំ​ពាណិជ្ជកម្ម​

ភ្នំពេញ: ឆ្លើយតប​នឹង​សំណើ​របស់លោក Csaba ORY ឯកអគ្គរដ្ឋទូត​ហុង​គ្រី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ផែន​ការបើក​ស្ថាន​តំណាង ពាណិជ្ជកម្ម​ជាតិ​ហុង​គ្រី នៅ​កម្ពុជា ដើម្បី​ពង្រីក​ទំនាក់ទំនង សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​កិច្ច​សម្រួល​ការវិនិយោគ សម្រាប់​ប្រទេស​ទាំងពីរ​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គាំទ្រ​ចំពោះ​កិច្ចការ​នេះ ដែល​នឹង​ជួយ​ឲ្យ​ធុរជន និង​វិនិយោគិន ហុង​គ្រី សំឡឹងមើល​វិស័យ សម្រាប់​ការវិនិយោគ ប្រកបដោយ​សក្កា​នុព​ល នៅ​កម្ពុជា និង​ជួយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​។

​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឆ្លើយតប​ចំពោះ​សំណើ​នេះ ខណៈពេល​លោក បានទទួល​ជួប​ជាមួយ លោក Csaba ORY ឯកអគ្គរដ្ឋទូត​ហុង​គ្រី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Tibor BALOGHDI អគ្គ​កុងស៊ុល​ស្ថានទូត នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ។​

​លោក​ឯកអគ្គរដ្ឋទូត​ហុង​គ្រី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការកោត សរសើរចំពោះ​ទំនាក់ទំនង កន្លងមក និង​កំពុង​បន្ត រវាង​កម្ពុជា និង​ហុង​គ្រី និង​បាន​ស្នើសុំ​អនុសាសន៍​ពី លោក​ទេសរដ្ឋមន្ត្រី ទាក់ទង​នឹង​ផែនការ​បើក ស្ថាន​តំណាង​ពាណិជ្ជកម្ម ជាតិ​ហុង​គ្រី (Hungarian National Trading House) នៅ​កម្ពុជា ដើម្បី​ពង្រីក​ទំនាក់ទំនង សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​កិច្ច​សម្រួល​ការវិនិយោគ សម្រាប់​ប្រទេស​ទាំងពីរ​។

​លោក​ទូត ក៏បាន​គូសបញ្ជាក់ ពី​វិស័យ​ប្រកបដោយ សក្កា​នុព​ល​មួយចំនួន របស់ខ្លួន ដូចជា វិស័យ​ឧស្សាហកម្ម វិស័យ​រដ្ឋបាល​សាធារណៈ វិស័យ​សណ្ឋាគារ និង​ទេសចរណ៍ ដែលជា​វិស័យ ដែល​អាច​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាង​ហុង​គ្រី និង​កម្ពុជា​។​

​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ និង​ការគាំទ្រ​ចំពោះ ការបើក​ស្ថាន​តំណាង​ពាណិជ្ជកម្ម ជាតិ​ហុង​គ្រី នៅ​កម្ពុជា ដែល​នឹង​ជួយ​ឲ្យ​ធុរជន និង​វិនិយោគិន ហុង​គ្រី សំឡឹងមើល​វិស័យ សម្រាប់​ការវិនិយោគ ប្រកបដោយ​សក្កា​នុព​ល នៅ​កម្ពុជា និង​ជួយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ​។

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត ចែករំលែក​ព័ត៌មាន​លម្អិត ស្តីពី​ទម្រង់​នៃ​ស្ថាន​តំណាង​ពាណិជ្ជកម្ម ដែល​គ្រោង​នឹង​បង្កើត ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ឲ្យ​ក្រសួង អាច​ផ្តល់ជំនួយ បាន​សមស្រប​ដល់ ការបង្កើត​ស្ថាន​តំណាង​ពាណិជ្ជ​កម្មនេះ​៕V/S

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​គាំទ្រ​ឲ្យ ហុង​គ្រី បើក​ស្ថាន​តំណាង​ពាណិជ្ជកម្ម ជាតិ​ហុង​គ្រី ពង្រីក​ទំហំ​ពាណិជ្ជកម្ម​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​គាំទ្រ​ឲ្យ ហុង​គ្រី បើក​ស្ថាន​តំណាង​ពាណិជ្ជកម្ម ជាតិ​ហុង​គ្រី ពង្រីក​ទំហំ​ពាណិជ្ជកម្ម​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​គាំទ្រ​ឲ្យ ហុង​គ្រី បើក​ស្ថាន​តំណាង​ពាណិជ្ជកម្ម ជាតិ​ហុង​គ្រី ពង្រីក​ទំហំ​ពាណិជ្ជកម្ម​