​មហាវិថី​សហព័ន្ធរុស្ស៊ី ក្លាយជា​បេន​ឈប់​ហៅ​ម៉ូយ យ៉ាង​អនាធិបតេយ្យ គ្មាន​សមត្ថកិច្ច​ណា​អើពើ​

ភ្នំពេញ​: បើ​ក្រឡេកមើល​តាម​មហាវិថី សហព័ន្ធរុស្ស៊ី ចាប់ពី​គល់ស្ពាន​អាកាស​៧​មករា រហូតដល់​មុខ​វត្ត​ទឹកថ្លា ត្រូវបាន​ក្រុម​រថយន្តឈ្នួល យក​ធ្វើជា​កន្លែង​ឈប់​ចាប់​ម៉ូយ យ៉ាង​អានាធិបតេយ្យ តាំងពី​ព្រលឹម​ទល់​ព្រលប់ ដោយ​គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​អើពើ ឬ​មាន​វិធានការ​អ្វី​ឡើយ ។​

​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី បាន​រិះគន់​ត្រង់ៗ​ថា សមត្ថកិច្ច​ចរាចរណ៍ និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ច្បាស់​ជា​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ក្រុម​រថយន្តឈ្នួល​អស់នេះ មិន​ខាន បើ​មិន​ដូច្នេះ​ទេ គ្មាន​រថយន្តឈ្នួល​ណា អាច​ឈប់​នៅ​ច​ញ្ចើ​ម​ផ្លូវ ចាប់​ម៉ូយ​បាន យ៉ាង​អនាធិបតេយ្យ​បែបនេះ​ទេ ។​

​ប្រជាពលរដ្ឋ បាន​រិះគន់​ទៀតថា មហាវិថី​សហព័ន្ធរុស្ស៊ី​នេះ ជា​ផ្លូវ​ដែល​ភ្ញៀវ​អន្តរជាតិ ជិះ​កាត់​ច្រើនជាងគេ ព្រោះ​ជា​ផ្លូវ​ពី​ព្រលានយន្តហោះ ជិះ​ចូលមក​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​អាជ្ញាធរ បែរជា​ធ្វើ​មិនដឹង ឬក៏​យ៉ាងណាទេ បានជា​បណ្តែតបណ្តោយ ឲ្យ​ក្រុម​រថយន្តឈ្នួល ឈប់​ចាប់​ម៉ូយ រត់​ចុះ​រត់ឡើង រញ៉េរញ៉ៃ តាំងពី​ព្រលឹម ទល់​ព្រលប់​បែបនេះ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ទីក្រុង​អស់ ។​

​ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​លោក​លី សា​វេត អភិបាលខណ្ឌ​សែន​សុខ និង​លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ  មេត្តាជួយ​លុបបំបាត់ ភាព​រញ៉េរញ៉ៃ ដែល​តែងតែ​កើតមាន ពី​ការឈប់​រថយន្ត​ចាប់​ម៉ូយ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​នេះ​ផង ព្រោះ​ផ្លូវ​នេះ ជា​ផ្លូវ​ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​ឆ្លងកាត់​ច្រើនណាស់ ណាមួយ​ជា​មុខមាត់ នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា យើង​ផងដែរ​។ ណាមួយ​ការចាប់ និង​ហៅ​ម៉ូយ នៅតាម​បណ្តា​យ​ផ្លូវ​សហព័ន្ធ​រុស្សី​នេះ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរ ជា​រៀងរាល់ថ្ងៃ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ថែម​ទៀតផង​។​

​ហេតុនេះ គួរតែ​លោក​អភិបាលខណ្ឌ​សែន​សុខ និង​លោក​អធិការ​ខណ្ឌ​សែន​សុខ ចាត់វិធានការ និង​លុបបំបាត់​ឲ្យ​អស់ នូវ​ភាពអនាធិបតេយ្យ ចាប់ពី​គល់ស្ពាន​អាកាស ៧​មករា រហូតដល់​មុខ​វត្ត​ទឹកថ្លា ទៅលើ​ក្រុម​រថយន្តឈ្នួល ដែល​បាន​យក​មហាវិថី​សហព័ន្ធ​រុស្សី​ធ្វើ ជា​កន្លែង​ឈប់​ចាប់​ម៉ូយ យកទៅ​ធ្វើ​ការអប់រំ និង​ផាកពិន័យ​ឲ្យ​ធ្ងន់ធ្ងរ ជាពិសេស​ប៉ូលិសចរាចរ និង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ ដែល​ទទួល​យកលុយ ជា​ថ្នូរ​នឹង​ការឈប់​ហៅ និង​ចាប់​ម៉ូយ​តាមផ្លូវ ពី​ក្រុម​អ្នក​រថយន្តឈ្នួល​ទាំងនោះ យកទៅ​ពិន័យ ឬ​បញ្ឈ​ជើង​ទុកជា​មេរៀន សម្រាប់​អ្នក​ក្រោយៗ កុំ​ឲ្យ​យក​គំរូ​តាម ដែល​ធ្វើ​ឲ្យ​បាត់បង់ នូវ​ភាពថ្លៃថ្នូរ ដល់​ស្ថាប័ន​សមត្ថកិច្ច ផងដែរ​។​

​នេះ​បើតាម​អ្នករត់​តាក់ស៊ី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ព្រលយ​ឲ្យ​ដឹងថា ការដែល​ពួកគាត់ អាច​រកស៊ី​នៅតាម​មហាវិថី​នេះ​បាន គឺ​ពួកគាត់​ត្រូវ​បង់​ឲ្យ​ខាង​ប៉ូលិសចរាចរ ដែល​ឈរជើង នៅ​គោលដៅ​នេះ ៥​ពាន់​រៀល និង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ ៥​ពាន់​រៀល ទើប​អាច​ឈប់​ចាប់​ម៉ូយ តាមផ្លូវ​នេះ​បាន មិនមែន​ឈប់​ចាប់​ម៉ូយ​ស្រួលៗ​នោះទេ ៕V

​មហាវិថី​សហព័ន្ធរុស្ស៊ី ក្លាយជា​បេន​ឈប់​ហៅ​ម៉ូយ យ៉ាង​អនាធិបតេយ្យ គ្មាន​សមត្ថកិច្ច​ណា​អើពើ​