៩​ខែ​ដើមឆ្នាំ​ទំនិញ​ជិត​៣​លាន​តោន ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

ភ្នំពេញ: ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន ចំនួន ២.៨០៦.៩១៥​តោន កើនឡើង​ចំនួន ៨,៧១​ភាគរយ​បើ​ប្រៀបធៀប​រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៤​។ នេះ​បើតាម​ការ​ឱ្យដឹងពី លោក អ៊ុក សុ​មេធី ប្រធានការិយាល័យ​ស្ថិតិ នៃ​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​លោក អ៊ុក សុ​មេធី បាន​បញ្ជាក់ថា ទំនិញ​ទូទៅ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥ មាន​ចំនួន​១៧៣.០១៧​តោន ថយចុះ ២៧,៨២​ភាគរយ មានដូចជា ដែក ធ្យូងថ្ម ប្រេងឥន្ធនៈ ឡាន​។ ទំនិញ​ជា​កុងតឺន័រ​មាន​ចំនួន ១.៧៦១.១៥២​តោន កើនឡើង ២៧,២៨​ភាគរយ មានដូចជា ទំនិញ​បម្រើឱ្យ​វិស័យ​កាត់ដេរ អេ​ឡិច​ត្រូ​និ​ច គ្រឿងសំណង់​ជាដើម​។ ដោយឡែក​ទំនិញ​នាំ​ចេញពី​ប្រទេស​កម្ពុជា​មា​នស​សម្លៀកបំពាក់ និង​អង្ករ​។ ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​ចំនួន ២៧៩.៩៣៣​តោន កើនឡើង​ចំនួន ៤២,៨៦​ភាគរយ និង​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​រយៈពេល ៩​ខែ មាន​ចំនួន ៧៥៩.២២៨​តោន មានការ​កើនឡើង ៩,៤៦​ភាគរយ​។​

​លោក អ៊ុក សុ​មេធី ឱ្យដឹងទៀតថា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ប្រមាណ​ជា ១០​ភាគរយ នេះ​សបញ្ជាក់​ឱ្យឃើញ​នូវ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កំពុងមាន​សន្ទុះ​កើនឡើង​ជា​លំដាប់ នេះ​ដោយសា​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីក ចម្រើន​ជា​បន្តបន្ទាប់​។​

​ទន្ទឹមនឹងនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពុង​បន្ត​ពង្រីក​សកម្មភាព​លើកដាក់​ទំនិញ ក៏ដូចជា​ការពង្រីក​ផែ​ពហុ​បំណង​ដែលមាន​ជម្រៅ​ទឹក​ជ្រៅ ដើម្បីឱ្យ​នាវា​ធុន​ធំ​ដែល មាន ជម្រៅ​ទឹក ១៣​ម៉ែត្រ អាច​ចូល​ចត​បាន​នៅ​ចុងឆ្នាំ​២០១៧​ខាងមុខនេះ  និង​ជាការ​ប្រកួត ប្រជែង​តម្លៃ​សេវា​ដឹកជញ្ជូន​ផ្លូវទឹក ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​។ បច្ចុប្បន្ននេះ​កំពុងផែ​ក្រុងព្រះសីហនុ​អាច    ឱ្យ​នាវា​ដែលមាន​ជម្រៅ​ទឹក​៩​ម៉ែត្រ ចូល​ចត​បានតែ​ប៉ុណ្ណោះ​។​

​ទន្ទឹមនឹង​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវការ បំពាក់​នូវ​គ្រឿងចក្រ​ធុន​ធំ​លើកដាក់​ទំនិញ​ជាច្រើន​គ្រឿង​បន្ថែមទៀត ដើម្បី​បម្រើ​សេវាកម្ម របស់ខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ កំពង់ផែ​នឹង​នាំចូល​នូវ គ្រឿងចក្រ​ធុន​ធំ សម្រាប់​លើកដាក់​ទំនិញ​ចំនួន​២​គ្រឿង​បន្ថែមទៀត ដែល​បច្ចុប្បន្នកំពង់ ផែ​មាន​គ្រឿងចក្រ​ធុន​ធំ​ចំនួន​២​គ្រឿង​រួចមកហើយ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ក្នុងការ​លើកដាក់​ទំនិញ​។ ក្រៅពីនោះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​ត្រៀម​ពង្រីក ផែ​ដាក់​កុងតឺន័រ បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​នាពេល បច្ចុប្បន្ន និង​ទៅ​អនាគត ក្នុង​ការចូល​រួមការ​ប្រកួត ប្រជែង​ជាមួយ​ប្រទេសជិតខាង និង​ប្រទេស​នៅក្នុង​តំបន់​ផងដែរ​។​

​គួរ​បញ្ជាក់ថា រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៤ ទំនិញ​ឆ្លងកាត់​កំពង់ផែ​មាន​ចំនួន ២.៥៨១.៩៧៣​តោន ក្នុងនោះ​ទំនិញ​ជា​កុងតឺន័រ​មាន​ចំនួន​១.៣៨៣.៦៩៤​តោន និង​ទំនិញ​ទូទៅ​មាន​ចំនួន ២៣៩.៧១៧​តោន និង​មាន​នាវា​ចូល​ចត​ចំនួន ៨២៣​គ្រឿង​៕​

៩​ខែ​ដើមឆ្នាំ​ទំនិញ​ជិត​៣​លាន​តោន ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

៩​ខែ​ដើមឆ្នាំ​ទំនិញ​ជិត​៣​លាន​តោន ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

៩​ខែ​ដើមឆ្នាំ​ទំនិញ​ជិត​៣​លាន​តោន ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​