ILO៖ កម្ពុជា​នាំ​ចេញ​សម្លៀកបំពាក់​និង​ស្បែក​ជើង​កើន​ឡើង​ជាង​ឆ្នាំ​មុន

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ នេះ វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា នៅតែ​បន្ត​រក្សា​ក្នុង​កំណើន​រឹងមាំ។ ទន្ទឹម​គ្នា​នេះ ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​កើន​ឡើង​បាន ១២,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៤។

អង្គការ​អន្តរជាតិ​ខាង​ការងារ ឲ្យ​ដឹង​ថា ពាក់​កណ្ដាល​ឆ្នាំ​២០១៥​នេះ ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​កើន​ដល់ ៣​ប៊ី​លាន​ដុល្លារ ដែល​មាន​កំណើន​រហូត ១២,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៤ កន្លង​ទៅ។

​ការ​លើក​ឡើង​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ នៅ​ពេល​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​របាយការណ៍​ស្ដីពី​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ វិស័យ​កាត់ដេរ​នៅ​កម្ពុជា នៅ​តែ​បន្ត​ក្នុង​កំណើន​រឹងមាំ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​កម្ពុជា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ មាន​រោងចក្រ ៦៥៥ ដែល​បាន​ចុះ​បញ្ជី បាន​ផ្ដល់​ការងារ​ដល់​កម្មករ​និយោជិត​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់ ក្នុង​នោះ ៨៦​ភាគរយ​ជា​ស្ត្រី។

ជាមួយ​គ្នា​នេះ​ទៀត រោងចក្រ​ថ្មី​ចំនួន ៣០​រោងចក្រ ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ដំណើរការ​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ ហើយ​តម្លៃ​វិនិយោគ​មាន​ចំនួន ១៥២​លាន​ដុល្លារ។ ជាង​នេះ​ទៀត ក្នុង​រយៈពេល​ពាក់​កណ្ដាល​ឆ្នាំ​នេះ រោងចក្រ​ទាំង​នោះ​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា ប្រមាណ​ជាង ៤២​ពាន់​កន្លែង​ផង​ដែរ។

​កាល​ពី​ខែ​តុលា កន្លង​ទៅ ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ និង​ផលិត​ស្បែកជើង​ពី ១២៨​ដុល្លារ ទៅ ១៤០​ដុល្លារ ដែល​នឹង​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា កោត​សរសើរ​របាយការណ៍​នេះ ព្រោះ​វា​បង្ហាញ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​កម្ពុជា មិន​បង្ក​ផល​ប៉ះពាល់​ដូច​ដែល​ក្រុម​និយោជក​ធ្លាប់​បាន​អះអាង​កន្លង​មក​នោះ​ឡើយ។ ជាង​នេះ​ទៀត លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ និង​តំណាង​រោងចក្រ ត្រូវតែ​ពន្លឿន​ដោះស្រាយ​អត្ថប្រយោជន៍​របស់​កម្មករ ដូចជា​សុវត្ថិភាព​ការងារ ប្រាក់​ថ្លៃ​បាយ ការ​ធ្វើដំណើរ រួម​នឹង​អត្ថប្រយោជន៍​ជាច្រើន​ទៀត។

លោក ប៉ាវ ស៊ីណា៖ «និយោជក​តែង​លើក​ចំណុច​ការ​ដំឡើង​ប្រាក់​ឈ្នួល​ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ​រោងចក្រ​បាន​បិទ​ទ្វារ និង​រក​លេស​ផ្សេងៗ​ដើម្បី​បង្អាក់​សកម្មភាព​ទាមទារ​របស់​កម្មករ និង​សហជីព ដូច្នេះ​របាយការណ៍​គឺ​ភាព​ល្អ​ប្រសើរ​ដែល​បង្ហាញ​ថា វិស័យ​កាត​ដេរ​កម្ពុជា នៅ​មាន​ភាព​រឹងមាំ​ប្រក្រតី​ធម្មតា»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​និយោជក លោក វ៉ាន់ ស៊ូអៀង និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​ឆ្លើយ​តប​លើ​របាយការណ៍​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​បង្ហាញ​ដែរ​ថា ដៃគូ​នាំ​ចេញ​សំលៀក​បំពាក់ និង​ស្បែកជើង​ធំ​បំផុត​របស់​កម្ពុជា គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

ក្នុង​ឆ្នាំ​២០១៤ សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សភាព​អឺរ៉ុប នាំ​មុខ​គេ បាន​កើន​ឡើង​ជាង ២៧​ភាគរយ ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក បាន​ថយ​ចុះ ៦​ភាគរយ។

ជាង​ទៀត​សហភាព​អឺរ៉ុប បាន​ក្លាយ​ជា​គោលដៅ​ធំ​បំផុត​សម្រាប់​ការ​នាំ​ចេញ​សំលៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា ដែល​បាន​ស្រូប​យក ៤២​ភាគរយ នៃ​បរិមាណ​នាំ​ចេញ​សរុប។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ថា ទោះ​បី​ជា​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កើន​ជាង​ឆ្នាំ​មុន​ក៏ដោយ ក៏​សមាសភាព​ក្នុង​វិស័យ​ទាំង​មូល​នៅ​តែ​មាន​ទំហំ​តូច​នៅ​ឡើយ និង​ទាមទារ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឲ្យ​កាន់​តែ​រីកចម្រើន​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។