ចិន​ផ្សព្វផ្សាយ​ប្រាក់​យន់​ដើម្បី​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​នៃ​ធនាគារ​ចិន និង​អ្នក​ពាក់ព័ន្ធ​នៅ​កម្ពុជា បាន​ស្វែង​យល់​អំពី​យុទ្ធសាស្ត្រ  ធ្វើ​យ៉ាងណា​ឱ្យប្រាក់​យន់​របស់​ចិន​អាច​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

លោក យ៉ាង រូ​ហៃ (Yang Ruhai) ប្រធាន​ធនាគារ​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​ស្តី​ពី​ប្រាក់​យន់​របស់​ធនាគារ​ចិន​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ៖ «​ប្រាក់​យន់​បាន​ក្លាយជា​រូបិយប័ណ្ណ​ធំ​ទី​២ នៅ​លើ​ពិភពលោក បន្ទាប់​ពី​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ប្រាក់​យន់​បាន​ដើរតួ​នាទី​ក្នុង​ការ​ទូទាត់​លើ​ការ​វិនិយោគ​ច្រើន​ជាងគេ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ជា​ពិសេស នៅ​ចិនដីគោក និង​ហុងកុង ។ ផ្អែក​លើ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ចិន និង​កម្ពុជា​លើ​គ្រប់​វិស័យ ដូច្នេះ ប្រាក់​យន់​នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​» ។

លោក​បន្ត​ថា ៖ «​ការ​ចង់ឱ្យ​មានការ​ចរាចរ​ប្រាក់​យន់​នៅ​កម្ពុជា​នេះ មិនមែន​ជា​ការ​ប្រកួតប្រជែង​ជាមួយ​ប្រាក់​ដុល្លារ​របស់​អា​មេ​រិ​ក​ទេ បុ​៉​ន្តែ​ចង់ឱ្យ​ប្រាក់​យន់​មាន​វត្តមាន​ដូច​រូបិយប័ណ្ណ​ប្រទេស​ផ្សេង​ៗ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​» ។

លោកស្រី នាវ ច័ន្ទ​ថា​ណា អគ្គទេសាភិបាល​រង​នៃ​ធនាគារជាតិ​កម្ពុជា មាន​ប្រសាសន៍​ថា​៖ «​ការ​ចរាចរ​ប្រាក់​យន់​ជា​លក្ខណៈ​អន្តរជាតិ​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ខាង​សេដ្ឋកិច្ច​របស់​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក ជា​ពិសេស ប្រទេស​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​វិនិយោគ​លើ​គ្រប់​វិស័យ​ឱ្យ​មានការ​រីក​ចម្រើន​» ។

លោក ប៊ុ​ន មុន្នី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ «​លោក​មិន​ទាន់​មាន​យោបល់​យ៉ាងណា​ទេ ចំពោះ​គម្រោង​របស់​ចិន​ថា នឹង​ចរាចរ​ប្រាក់​យន់​នៅ​លើ​ទីផ្សារ​កម្ពុជា​នេះ ដែល​ចិន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង ។ ជាក់ស្តែង នា​ពេល​ថ្មី​ៗ​នេះ សេដ្ឋកិច្ច​ចិន​បាន​ជាប់​លំដាប់​លេខ​២ នៅ​លើ​ពិភពលោក ។ ចិន​បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ​រូបិយប័ណ្ណ​របស់​ខ្លួន ដើម្បី​ឱ្យ​អន្តរជាតិ​ទទួលស្គាល់​ប្រាក់​យន់​ថា ជា​រូបិយប័ណ្ណ​អន្តរជាតិ​មួយ​ដែរ​» ។

លោក​បន្ថែម​ថា ៖ «​បើ​និយាយ​ពី​ផ្នែក​សេដ្ឋកិច្ច​វិញ ចិន​បាន​ប្រឹងប្រែង​ណាស់​ដែរ ប៉ុន្តែ​កន្លង​មក​សកម្មភាព​អាជីវកម្ម​ដែល​ទាក់ទង​នឹង​ប្រាក់​យន់​នោះ នៅ​មិន​ទាន់​មាន​រូបភាព​នៅឡើយ​ទេ​នៅ​កម្ពុជា ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជំនួយ​ពី​ចិន​យ៉ាងណា​ក៏​ដោយ បុ​៉​ន្តែ​ស្ថានភាព​ទីផ្សារ​ប្រាក់​យន់​នៅ​មាន​ចំណែក​តូច​នៅឡើយ ។ ម្យ៉ាងទៀត ទោះបីជា​ពាណិជ្ជករ​ចិន​មួយ​ចំនួន​មក​ធ្វើការ​នៅ​កម្ពុជា​ក្តី ក៏​កម្ពុជា​មិន​ទាន់​ទទួលស្គាល់​ជា​ផ្លូវការ​ថា ប្រាក់​យន់​ជា​រូបិយប័ណ្ណ​អន្តរជាតិ​ដែរ ដោយ​កម្ពុជា​បាន​ទទួលស្គាល់​ប្រាក់​ដុល្លារ​របស់​អា​មេ​រិ​ក​» ។

លោក​បញ្ជាក់​ថា ៖ «​សម្រាប់​កម្ពុជា ខណៈ​នៅ​ក្រៅប្រទេស តែង​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រសិនជា​ចិន​ចរាចរ​ប្រាក់​យន់​របស់​ខ្លួន​នៅ​កម្ពុជា​នោះ មិន​ទាន់​អាច​សន្និដ្ឋាន​ថា នឹង​មាន​អ្វី​កើតឡើង​ទេ ។ ជាក់ស្តែង ក្នុង​ទីផ្សារ ខ្ញុំ​ជឿ​ថា​នឹង​មានការ​រីក​ចម្រើន ផ្ទុយ​ទៅ​វិញ បើ​ចិន​គ្រាន់តែ ផ្សព្វផ្សាយ​នោះ ក៏​គ្មាន​ការ​រីក​ចម្រើន​ដែរ​» ។ 
ចំណែក​ខាង​ផ្នែក​ឯកជន​វិញ លោក ប៊ុ​ន មុន្នី ឱ្យ​ដឹង​ថា ៖ «​កន្លង​មក ខ្ញុំ​បាន​ខិតខំ​ផ្សព្វផ្សាយ​ប្រាក់​រៀល​របស់​កម្ពុជា ទោះបីជា​គេ​មិន​ទទួលស្គាល់​ជា​រូបិយប័ណ្ណ​អន្តរជាតិ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​ចង់​ពង្រឹង​ប្រាក់​រៀល​ឱ្យ​មានការ​ទទួលស្គាល់​ក្នុងស្រុក​ច្រើន និង​អាច​ប្រើប្រាស់​ជា​ទូទៅ​បាន លើកលែងតែ​ពេល​ទូទាត់​ទំនិញ​ទៅ​បរទេស ឬ​អន្តរជាតិ ។

សម្រាប់​ខ្លួន​ខ្ញុំ នឹង​ខិតខំ​បង្ហាញ​ប្រាក់​រៀល​របស់​ខ្មែរ​យើង​បន្ត​ទៀត​។ ផ្ទុយ​ទៅ​វិញ ចិន​បាន​មក​ផ្សព្វផ្សាយ​ប្រាក់​យន់​របស់​ខ្លួន​នៅ​កម្ពុជា គឺ​មាន​ភាព​ខុស​គ្នា ព្រោះថា​ចិន​ចង់ឱ្យ​ខ្មែរ​ទទួលស្គាល់​ប្រាក់​យន់​នេះ​បែប​លក្ខណៈ​អន្តរជាតិ​ដើម្បី​ទូទាត់​ទំនិញ ចំណែក​ប្រាក់​រៀល​ខែ្ម​រវិ​ញ​ផ្សព្វផ្សាយ​បាន​ត្រឹមតែ​ក្នុងស្រុក​ប៉ុណ្ណោះ​» ។

ចំណែក​លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ប្រើប្រាស់​ប្រាក់​យន់​លើ​ទីផ្សារ​ក្នុង​តំបន់​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ពី​ចិន​បាន​មែន ប៉ុន្តែ​ការ​ទទួលយក​នូវ​ប្រាក់​យន់​ក្នុង​អាជីវកម្ម​អាច​នឹង​កំណត់​សេដ្ឋកិច្ច​ក្នុង​តំបន់ ។ ខ្ញុំ​គិត​ថា ការ​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​ប្រាក់​យន់​នេះ គឺ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​តាម​រយៈ​ធនា គារ ។ នេះ​ជា​ការ​សម្រួល និង​ធ្វើ​ឱ្យ​មាន​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ រដ្ឋាភិបាល​ចិន​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ផ្សេង​ទៀត​ដូច​ជា រុ​ស្ស៊ី ជប៉ុន និង​ប្រេ​ស៊ី​ល ។​ល​។ ក្នុង​គោលបំណង​ដូច​គ្នា​ដែរ ហើយ​ក៏​ចង់ឱ្យ IMF ដាក់​បញ្ចូល​ប្រាក់​យន់​ជា​រូបិយប័ណ្ណ​អន្តរជាតិ​ដូច​ប្រាក់​ដុល្លារ​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ដែរ​» ។

លោក​បន្ថែម​ថា ៖ «​វា​នឹង​មានការ​យល់​ច្រឡំ​សម្រាប់​ពលរដ្ឋ​កម្ពុជា បើសិនជា​ប្រាក់​យន់​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។ ប្រសិនជា​ដូច្នេះ​មែន កម្ពុជា​នឹង​មាន​សេដ្ឋកិច្ច​ដំបូង​គេ ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ផ្សេង​គ្នា (​ប្រាក់​រៀល ដុល្លារ និង​យន់​) ហើយនឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បាត់បង់​ជំនឿ​លើ​ការ​ប្រើប្រាស់​ប្រាក់​រៀល​របស់​ខ្លួន ។ ម្យ៉ាងទៀត ពលរដ្ឋ​កម្ពុជា​អាច​នឹង​ឈប់​ត្រូវការ​គណនី​ធនាគារ​ជា​ប្រាក់​រៀល​បន្ត​ទៀត​ហើយ និង​អាច​ទិញ​ទុក​នៅ​ក្នុង​ស្រោមខ្នើយ​ម្ដងទៀត​»  ៕