តុលា​ការគួរ​វែកមុខ​បុគ្គល​និង​ស្ថាប័ន​ដែល​នៅ​ពីក្រោយ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​និង​តុលា​ការបើក​ការស៊ើបអង្កេត​វែកមុខ​ទៅលើ​បុគ្គល​ឬ​ស្ថាប័ន​ណា ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា ស្ថាប័ន​តុលាការ​គួរតែ​ខិតខំ​ស្វែងរក​ឲ្យ​ឃើញ​នូវ​បុគ្គល​ឬ​ស្ថាប័ន​ណា ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើហិង្សា​នោះ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​។ ដោយហេតុថា តាមរយៈ​បាតុកម្ម​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ មុខមាត់​អ្នកដឹកនាំ​បាតុកម្ម​និង​អ្នក​នៅ​ពីក្រោយ​ខ្នង​បាតុកម្ម ត្រូវបាន​គេ​ស្គាល់​ជា​សាធារណៈ​អស់​ទៅហើយ​។

អ្នកច្បាប់​បម្រើ​ការងារ​នៅក្នុង​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា ចៅក្រម​និង​ព្រះរាជអាជ្ញា​គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​អ្នករៀបចំ​ធ្វើបាតុកម្ម និង​អ្នកដឹកនាំ​បាតុកម្ម​ដែល​បង្ក​អំពើហិង្សា​នោះ យកទៅ​ផ្តន្ទាទោស​។ ការជំរុញ​បែបនេះ​បាន​កើតឡើង​ក្រោយពេល​ជនសង្ស័យ​៣​នាក់ ឈ្មោះ ចាយ សារិទ្ធ រស់នៅ​ខេត្តកណ្ដាល ឈ្មោះ ម៉ៅ ហឿន រស់នៅ​ខេត្តព្រៃវែង និង​ឈ្មោះ សុ​ត វណ្ណ​នី រស់នៅ​ខេត្តកណ្ដាល ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគា​ព្រៃ​ស កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។ ក៏ប៉ុន្តែ​អ្នក​នៅ​ពីក្រោយ​ខ្នង​ពួកគេ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​និង​តុលា​ការបើក​ការស៊ើបអង្កេត​នៅឡើយ​ទេ បើទោះបី​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ ចាយ សារិទ្ធ ត្រូវបាន​គេ​ស្គាល់​ទាំង​ឋានន្តរស័ក្តិ និង​អត្តលេខ​ច្បាស់លាស់​យ៉ាងណាក៏ដោយ​។

ក្រុមអ្នកច្បាប់​ដែល​បម្រើ​ការងារ​ក្នុង​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា ការដែល​ជនដៃដល់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ស្ថាប័នរដ្ឋ​ឬ​កម្លាំងប្រដាប់អាវុធ ហើយ​ចូលរួម​ធ្វើបាតុកម្ម​និង​ប្រើ​អំពើហិង្សា គឺ​ខុសច្បាប់​។ ដូច្នេះ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ក៏ដូចជា​ស្ថាប័ន​តុលាការ ត្រូវ​វែកមុខ​បុគ្គល​និង​ស្ថាប័ន​នៅ​ពីក្រោយ​ខ្នង​ក្រុម​ជនដៃដល់​ទាំងនោះ យកទៅ​ចាត់វិធានការ​តាមច្បាប់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័នរដ្ឋ ឬ​កងកម្លាំងប្រដាប់អាវុធ​តទៅទៀត​។ ការដាក់ទោស​ទៅលើ​ជនដៃដល់​និង​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ គឺជា​ការលុបបំបាត់​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​ផងដែរ​៕

12193420_1930338093858113_8470053762538875139_n11227385_983126571726279_5636229605511607851_n