ទំនិញគេចពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ខេត្តសៀមរាប ស្ថាប័ន​ណា​ជា​អ្នកទទួលខុសត្រូវ​?

​នៅក្នុង​ខេត្តសៀមរាប ការចែក​ចាយ​ទំនិញគេចពន្ធ​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ឈ្មួញ​ខិលខូច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​ច្រកទ្វារ គយ​ចល័ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។ កាលពី​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​ទីតាំង​ស្តុក​ទំនិញ​ដ៏​ធំ​មួយកន្លែង​បន្ទាប់ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​តាម​ច្រក​ប៉ោយប៉ែត យកមក​ស្តុក​ក្នុង​ឃ្លាំង​នៅមុខ​អតីត​សាលាខេត្ត​ចាស់​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា មេ​គយ​ច្រក​ប៉ោយប៉ែត មេ​គយ​ខេត្តសៀមរាប និង​គយ​ចល័ត ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា នៅក្នុង​ការបង្ក្រាប​ឃ្លាំង​ស្តុក​ទំនិញគេចពន្ធ​នៅក្នុង​សង្កាត់​ស្វាយដង្គំ​នោះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​ក្រុង​សៀមរាប ហើយ​មានការ​រកឃើញ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​។ ម្ចាស់​ទីតាំង​ស្តុក​ទំនិញ​នោះ​មានឈ្មោះ មួ ជូរ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ នៅពេល​ឆែកឆេរ​ក្នុង​ឃ្លាំង​សមត្ថកិច្ច​រកឃើញ​ទំនិញ​ជាច្រើន​តោន មាន​រហូតដល់​ទៅ​២៨៩០​មុខ​។ ប្រសិនបើ​មានការ​បង់ពន្ធ​ត្រឹមត្រូវ​គឺ​រដ្ឋ​អាច​ប្រមូល​ពន្ធ​បាន​យ៉ាងច្រើន​យកទៅ​បម្រើ​សេចក្ដីត្រូវការ​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ម្ចាស់​ទីតាំង​ស្តុក​ទំនិញគេចពន្ធ​ឈ្មោះ មួ ជូរ បាន​ឲ្យ​ដឹងថា​ទំនិញ​ទាំងនោះ​ខ្លួន​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​មានការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​រួចរាល់​ផងដែរ​។ នេះ​ជាការ​ដោះសា​របស់​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រ​ល​ប៉ោយប៉ែត ហើយ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​មាត់ច្រក មន្ត្រី​គយ​ចល័ត និង​មន្ត្រី​គយ​ខេត្តសៀមរាប​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទៅលើ​សមត្ថកិច្ច​ដែលជា​ប់​ពាក់ព័ន្ធ​អំពើពុករលួយ​តាមច្បាប់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​ជាមួយ​ឈ្មួញ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​ទៀត​៕

sresm-1sresmsresm-2