បង្ក្រាប​ទំនិញគេចពន្ធ​នៅ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា គួរ​វែកមុខ​សមត្ថកិច្ច​ពុករលួយ​ផងដែរ​

​កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រី​តុលាការខេត្ត​ស្វាយរៀង បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះទៅ​ឆែកឆេរ​និង​បង្ក្រាប​ទំនិញគេចពន្ធ​នៅក្នុង​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា​។ ដំបូង​សមត្ថកិច្ច​បាន​ឆែកឆេរ​នៅ​ទីតាំង​ទី​១​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ មាស សាមី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ហើយ​រកឃើញ​បារី​៥៥៥​គេចពន្ធ​ចំនួន​២៥​ប៊ិច​។ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​ទី​២ នៅក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ហើយ​រឹបអូស​បារី​៥៥៥​គេចពន្ធ​ចំនួន​១៨​ប៊ិច​ថែមទៀត​។

​នៅ​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា​ដដែល សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្វាយរៀង ដែលមាន​ការចូលរួម​ពី​មន្ត្រី​តុលាការ​បាន​ទៅ​បង្ក្រាប​ទំនិញគេចពន្ធ​នៅ​ទី​តាំងទី​៣ ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​មេសរ​ថ្ង​ក ស្រុក​ចន្ទ្រា រឹបអូស​បាន​បារី​៥៥៥​គេចពន្ធ​ប្រមាណ​៩​ប៊ិច​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ស្តុក​ទំនិញគេចពន្ធ​ខាងលើ​នោះទេ ហើយ​បាន​ដឹកជញ្ជូន​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាមច្បាប់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​មានការ​វែកមុខ​មន្ត្រី​ពុករលួយ ជាពិសេស​មន្ត្រី​គយ​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ឆ្លងកាត់​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា តាម​អំពើ​ចិត្ត​ផងដែរ​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​នាំ​បារី​៥៥៥​និង​បារី​ហ្សិត​គេចពន្ធ​ឆ្លងកាត់​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា យកទៅលក់​នៅ​ស្រុក​យួន​បាន​ដោយ​រលូន​នាពេល​កន្លងមក គឺ​សមត្ថកិច្ច​គយ​ខេត្តស្វាយរៀង និង​គយ​ចល័ត គឺជា​អ្នកទទួលខុសត្រូវ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​គយ​ពុករលួយ​ក្នុង​ខេត្តស្វាយរៀង​ផងដែរ ដើម្បី​ឲ្យ​ស្របទៅតាម​វិធានការ​កែទម្រង់​ស៊ីជម្រៅ​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​តែងតែ​យក​ត្រាក់ទ័រ​ចូលមក​ដឹក​បារី​ហ្សិត​និង​បារី​៥៥៥​តាម​ច្រករបៀង ហើយ​ចេញ​ទៅវិញ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ ត្រាក់ទ័រ​ដឹក​បារី​គេចពន្ធ​របស់​ជនជាតិ​យួន​ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​ក្នុង​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា យ៉ាង​ពេញបន្ទុក​ដោយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

30លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកគយនិងរដ្ឋាករIMG-20151105-WA0030 IMG-20151105-WA0029 IMG-20151105-WA0027