ច​ន ច័ន្ទ​លក្ខិណា ព្រម​សារ​ភាព​ថា​ ​សុំ​​ចុះ​​ចាញ់​ហើយ​​

Sanofi

តារា​សម្តែង​ចាស់វស្សា​ល្បីល្បាញ​ឆ្លង​ទសវត្សរ៍ និង ជា​មេម៉ាយ​ក្តៅ​ស្រួល​ដែល​ត្រៀម​នឹង​ចូល​រោងការ​ជា​លើក​​ទី​ពីរ​ជាមួយ​សេដ្ឋី​ប្រាក់​លាន​វ័យក្មេង​នាពេល​ឆាប់ៗ​ខាងមុខនេះ ច​ន ច័ន្ទ​លក្ខិណា បានចេញ​ជា​សារ​ខកចិត្ត ហើយ​សុំ​ចុះចាញ់​គ្រប់យ៉ាង ហាក់ដូចជា​ខឹងសម្បា​នឹង​នរណាម្នាក់​យ៉ាងខ្លាំង​។​

​ថ្មីៗ​នេះ ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​សារ​រ៉ាយរ៉ាប់​ពី​អារម្មណ៍​មួរ​ហ្មង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា«មនុស្ស​ដែល​ចាញ់​គ្រប់យ៉ាង​។ ខ្ញុំ​សុំ​និយាយថា​ខ្ញុំ​សុំ​ចុះ​ចាញ់ហើយ ហើយក៏​ឆ្អែត​បំផុត ឆ្អែត​ឡើង​ក្អួត​ចេញមក​វិញ ដើម្បី​សិល្បៈ​វប្បធម៌​ជាតិ​ខ្ញុំ​ត្រូវ​មនុស្ស​មួយ​ប្រទេស ជេរ និង រិះគន់​យ៉ាង​អាម៉ាស់ តែ​ខ្ញុំ​ទទួលយកបាន​ទាំងអស់​ឱ្យតែ​សិល្បៈ​ខ្មែរ​មាន​ដង្ហើម តែ​អ្វីៗ​គឺ​ខុស​ទាំងអស់ ហើយ​ក្លាយជា​ជន​ដែល​ស្គាល់​តែ​ការខុស​ព្រោះ​ខ្ញុំ​មិនចេះ​ធ្វើជា​មនុស្ស​អាត្មានិយម មិនចេះ​ស្តោះ​ហើយ​លេប មិន​ចំណុះ​គេ មិនចេះ​យកមុខយកមាត់ ពី​ពេលនេះ​ទៅ​គឺ​សុំ​ធ្វើជា​មនុស្ស​អាត្មានិយម និង​លែង​ជឿជាក់​គ្រប់​វិស័យ ព្រោះ​វា​គ្មាន​ជំនឿ​ទៀត​ទេ អ្នកធ្វើ​គឺ​ខ្ញុំ អ្នក​ស្រែក​គឺ​គេ អ្នក​បាន​ផល​គឺ​ឈ្មួញ ហើយ​សូមមេត្តា​ឈប់​យក​ខ្ញុំ​ទៅប្រើ​ប្រាស់​ទៀត​ទៅ​ខ្ញុំ​សុំ​ធ្វើជា​អ្នកសិល្បៈ​ដែល​មិនមាន​សតិសម្បជញ្ញៈ​វិញ​ល្អ​ជាង គឺ ឆ្អែត​គ្រប់យ៉ាង​»​។​បើតាម​អារម្មណ៍​តានតឹង​របស់ ច​ន ច័ន្ទ​លក្ខិណា នៅពេលនេះ គឺ​ច្បាស់​ណាស់​ថា នាង​កំពុង​ឆ្អែតឆ្អន់​នឹង​បញ្ហា​វប្បធម៌​បរទេស ដែល​កំពុងតែ​វាយ​សម្រុក​យ៉ាងខ្លាំង​មកលើ​ទៅ​ទីផ្សារ​កម្ពុជា ក្នុងនោះ​មានដូចជា​ការ​ចរាចរ​រឿង​ភាគ​ថៃ​នៅតាម​បណ្តា​ទូរទស្សន៍​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​ជាដើម​។

ដែល​កន្លងមក​គឺ​នាង​តែងតែ​ចេញមុខ​យ៉ាងសកម្ម​ទាមទារ​ឱ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​មេត្តា​ចាត់វិធានការ​លើ​បញ្ហា​នេះ​។ ហើយ​ជាការ​ឆ្លើយតប ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​២៥ ខែកញ្ញា បានសម្រេច​បិទ​ការចាក់ផ្សាយ​ភាពយន្ត​បរទេស​នៅតាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដើម្បី​ចូលរួម​លើកស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​ភាពយន្ត​ខ្មែរ​។ ហើយ​វិធានការ​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ តទៅ​ដោយ ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់ ត្រូវតែ​ចាក់ផ្សាយ​វណ្ណ​កម្ម​ខ្មែរ ដូចជា​ខ្សែភាពយន្ត វីដេអូ​ខ្មែរ តន្ត្រី​សម័យបុរាណ កម្មវិធី​កម្សាន្ត​ផ្សេងៗ និង កម្មវិធី​កីឡា ជាដើម​។​ក្រោយពី​មាន​សេចក្តីសម្រេច​បិទ​ការចាក់ផ្សាយ​ភាពយន្ត​បរទេស​នៅតាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​ក្នុងប្រទេស​កម្ពុជា នៅក្នុង​ចន្លោះ​ម៉ោង​មាស​រួចមក បានធ្វើឱ្យ លក្ខិណា មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​នាង​បាន​ព្រលយ​ពាក្យ​ថា «​បើ​សេចក្តីសម្រេច​របស់​ក្រសួង​ព័ត៌មាន​ហាម​បញ្ចាំងភាពយន្ត​បរទេស​មុន​ម៉ោង ៩ យប់ គ្មាន​ប្រសិទ្ធភាព​នាង​ឈប់​ឈឺឆ្អាល​ហើយ​»​។​មកទល់ពេលនេះ គេ​នៅតែ​ឃើញ​ភាពយន្ត​បរទេស​នៅតែ​បន្ត​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​មួយចំនួន​ដដែល ដែល​នេះ​ជាហេតុ​ធ្វើឱ្យ ច​ន ច័ន្ទ​លក្ខិណា មានការ​ខកចិត្ត ហើយក៏​បង្ហូរ​អារម្មណ៍​តាមរយៈ​សំណេរ​នេះ​ចេញមក​តែម្តង​៕ភូមិន្ទ​
​ 

Related