ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ក្រសែ​ភ្នែក​ទស្សនិកជន


ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ក្រសែ​ភ្នែក​ទស្សនិកជន

គិត​ត្រឹម​បច្ចុប្បន្ន ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក ចំនួន​ជិត ២០​ស្ថានីយ កំពុង​ដំណើរ​ការ​ផ្សព្វផ្សាយ​មាតិកា​ព័ត៌មាន​របស់​ខ្លួន។ តាម​ការ​សាក​សួរ​ទស្សនិកជន មាន​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន​៣-៤ ប៉ុណ្ណោះ​កំពុង​មាន​ប្រជាប្រិយ​លើ​សក្ដានុពល​រៀង​ខ្លួន​ក្នុង​ផ្នត់​គំនិត​របស់​ពួក​គេ ក្នុង​នោះ​មាន ហង្សមាស ស៊ីធីអិន PNN បាយ័ន និង​អាស៊ី​អាគ្នេយ៍​ជា​ដើម។ តើ​ស្ថានីយទូរទស្សន៍​មួយ​ៗ មាន​អ្វី​ជា​សក្ដានុពល​រៀង​ខ្លួន?

 

ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ក្រសែ​ភ្នែក​ទស្សនិកជន

 

 រូប​តំណាង

 

១.ស៊ីធីអិន និង​បុត្រ​សម្ព័ន្ធ(MyTV, CNC)៖ តាម​ការ​យល់​ឃើញ​របស់​ទស្សនិកជន ទូរទស្សន៍​ដែល​មាន​វ័យ​ដំណើរ​ការ​ជាង ១០​ឆ្នាំ​មួយ​នេះ បាន​និង​កំពុង​នាំ​មុខ​លើ​កម្មវិធី​កម្សាន្ត​ក្នុង​ស្រុក ក្នុង​នោះ​មាន​ទាំង​កម្មវិធី​ផ្សាយ​ផ្ទាល់ និង​ថត​ទុក វាយ​ផ្ដាច់​លើ​ស្ថានីយ​ទូរទស្សន៍​ផ្សេង​ៗ។ មនុស្ស​៨នាក់ ក្នុង​ចំណោម​១០​នាក់ យល់​ឃើញ​ស្រប​គ្នា​ថា កម្មវិធី​កម្សាន្ត​របស់ CTN ដែល​បាន និង​កំពុង​មាន​ប្រជាប្រិយភាព គឺ​មាន “មន្ត​ស្នេហ៍​សំនៀង” “រាត្រី​កម្សាន្ត” “តន្ត្រី​ថ្ងៃ​អាទិត្យ” “CTN ​ប៉ុស្តិ៍ ២១” “សំណើច​តាម​ភូមិ” “ពេញ​ចិត្ត​អត់” វគ្គ​១ និង​វគ្គ​២​ជា​ដើម។

 

២.ហង្សមាស៖ វិល​មក​ហង្សមាស​វិញ ក្រុម​មនុស្ស​ដដែល​យល់​ថា ទូរទស្សន៍​នេះ​មាន​រូបភាព​ច្បាស់​ជាង​គេ និង​កំពុង​នាំ​មុខ​គេ​ឆ្ងាយ​លើ​កម្មវិធី​ពីរ​ផ្នែក​គឺ ទី​១​ព័ត៌មាន​ពេល​ព្រឹក​ដែល​មាន​លោក មាស រិទ្ធី ទូច សុខៈ ជា​ដើម​កំពុង​កាន់​ការ។ ក្រៅ​ពី​នេះ អ្វី​ដែល​កាន់​តែ​លេច​ធ្លោ​ដាច់​គេ​មួយ​ទៀត គឺ​ហង្សមាស កើន​ប្រជាប្រិយ​តាម​រយៈ​កម្មវិធី​ទិញ​សិទ្ធិ​ពី​បរទេស​មាន​ដូច​ជា The Voice Cambodia, Cambodia Got Talent និង​កម្មវិធី Cambodian Idol ដែល​ទើប​នឹង​បញ្ចប់​ថ្មី​ៗ​ជា​ដើម។ មូលហេតុ​នេះ ហង្សមាស នៅ​បន្ត​ទិញ​សិទ្ធិ​កម្មវិធី​ល្បី​ៗ​លំដាប់​ពិភព​លោក​ដែល​នឹង​បង្ហាញ​ខ្លួន​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។

 

៣.PNN ៖ ទូរទស្សន៍​កូន​ពៅ​គេ​គិត​ត្រឹម​ចុង​ឆ្នាំ ២០១៥​នេះ ត្បិត​ទើប​បង្ហាញ​ខ្លួន​មែន ប៉ុន្តែ PNN បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ទូទៅ​លើ​កិត្តិនាម​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ៨០% នៃ​ក្រុម​មនុស្ស​ខាង​លើ បាន​ប្រាប់​ថា ពួក​គេ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​លើ​ទូរទស្សន៍​មួយ​នេះ ដោយ​សារ​វិសាល​ភាព​នៃ​ការ​ផ្សព្វផ្សាយ(ការ​ប្រើប្រាស់​កញ្ចប់​ថវិកា)ពី​ខ្លួន​គេ​ទៅ​កាន់​ទស្សនិកជន​តាម​រូបភាព​ជា​ច្រើន។

 

មួយ​វិញ​ទៀត ពួក​គេ​ចាប់​អារម្មណ៍​នឹង​ការ​ដែល PNN ទាញ​យក​បុគ្គលិក​មាន​កេរ្តិ៍​ឈ្មោះ និង​ជំនាញ​ៗ​ស្រាប់​ពី​ស្ថាប័ន​ល្បី​ៗ​មួយ​ចំនួន ទៅ​ពូន​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ។ ជា​លទ្ធផល ពួក​គេ​ចាប់​អារម្មណ៍​មាតិកា​ព័ត៌មាន​ស្ទើរ​គ្រប់​ប្រភេទ​របស់​ទូរទស្សន៍​មួយ​នេះ ដែល​លឿន ច្បាស់ និង​មាន​វិជ្ជាជីវៈ។

 

ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ក្រសែ​ភ្នែក​ទស្សនិកជន

 

៤. បាយ័ន៖ មាន​វ័យ​ស្របាល​ៗ​នឹង ស៊ីធីអិន​ដែរ មាន​មាតិកា​ព័ត៌មាន​ល្អ​ៗ​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​ទស្សនិកជន​នា​រយៈ​ចុង​ក្រោយ​នេះ គឺ​មាតិកា​ព័ត៌មាន​កីឡា​ក្នុង​ស្រុក។ ភាគ​ច្រើន​នៃ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​សាកសួរ ពួក​គេ​និយាយ​ថា ទូរទស្សន៍​បាយ័ន ដែល​មាន​បាយ័ន​ព័ត៌មាន  និង ETV មាន​កម្មវិធី​កីឡា​គួរ​អោយ​ចាប់​អារម្មណ៍ ទី​១ គឺ​ការ​ផ្សាយ​ផ្ទាល់​ពី​ការ​ប្រកួត​បាល់​ទាត់​លីក​កម្ពុជា។ ទី​២ កម្មវិធី​ប្រដាល់ ពួក​គេ​យល់​ថា ទូរទស្សន៍​នេះ រើស​កីឡាករ​មក​ផ្គូផ្គង សុទ្ធ​ជា​កីឡាករ​ល្អ​ៗ​ពិសេស​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ។

 

៥.អាស៊ីអាគ្នេយ៍៖ ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​របស់​ទូរទស្សន៍​មួយ​នេះ គឺ​ស្រដៀង​នឹង​ទូរទស្សន៍​បាយ័ន​ដែរ លើ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សប្ដាហ៍។ ក្រុម​មនុស្ស​ខាង​លើ ប្រាប់​ថា ការ​ផ្គូផ្គង​កីឡាករ​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ មិន​ទាន់​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ ប៉ុន្តែ​ដែល​ពួក​គេ​យល់​ថា​ល្អ​នោះ គឺ​មាន​តែ​ទូរទស្សន៍​នេះ​ប៉ុណ្ណោះ ដែល​មាន​កម្មវិធី​ប្រកួត​ប្រដាល់​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដែល​សរុប​មាន​ដល់​ទៅ៥​ពេល​ឯណោះ (ថ្ងៃ​សៅរ៍ ៣ ពេល ព្រឹក-រសៀល-យប់ និង​ថ្ងៃ​អាទិត្យ ២​ពេល​ទៀត ព្រឹក និង​រសៀល)។

 

យោង​តាម​តួលេខ​ពី​ក្រសួង​ព័ត៌មាន មក​ទល់​បច្ចុប្បន្ន កម្ពុជា​មាន​ស្ថានីយ​ទូរទស្សន៍​កំពុង​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ចំនួន ១៥ស្ថានីយ​មាន CTN, CNC, MyTV, Bayon, BTV News, ETV, HM HDTV, RHM HD TV, PNN, SEA TV, TV3, TV5, TV9, APSARA, TVK។ ចំនួន​ប៉ុណ្ណេះ មន្ត្រី​មួយ​រូប​នៅ​ក្រសួង​នេះ បាន​បង្ហើប​ថា ហ្វ្រេកង់​ក្រសួង​សម្រាប់​ទូរទស្សន៍​ប្រព័ន្ធ Analog គឺ​ពេញ​ហើយ មិន​មាន​ចំណែក​សម្រាប់​ទូរទស្សន៍​ថ្មី​ទៀត​ទេ រហូត​ទាល់​តែ​ផ្លាស់​ប្ដូរ​ទៅ​ប្រព័ន្ធ Digital វិញ។

 

ទោះ​យ៉ាង​នេះ​ក្ដី តាម​ព័ត៌មាន​ដែល​លេច​លឺ គឺ​មាន​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ត្រៀម​នឹង​បង្ហាញ​ខ្លួន​ដែរ ក្នុង​នោះ ទូរទស្សន៍​ក្រសួងមហាផ្ទៃ ដែល​គេ​ដឹង​ថា​ជា​ទុន​វិនិយោគ​ធំ​របស់​ចិន ត្រៀម​នឹង​ដំណើរ​ការ​ផ្សព្វផ្សាយ​នៅ​អំឡុង​ឆ្នាំ ២០១៦។ ក្រៅ​ពី​នេះ ផលិតកម្ម​ក្នុង​ស្រុក​ដូច​ជា ថោន ជា​ដើម ក៏​លេច​លឺ​ថា ចង់​ហក់​ទៅ​វិនិយោគ​បើក​ស្ថានីយ​ទូរទស្សន៍​នេះ​ដែរ។

 

មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​ដដែល នៅ​តែ​អះអាង​ថា ហ្វ្រេកង់​របស់​ក្រសួង គឺ​អស់​ហើយ ករណី​ដែល​ទូរទស្សន៍​ប្រព័ន្ធ Analog ថ្មី​អាច​ដំណើរ​បាន មាន​តែ Share ហ្វ្រេកង់​ពី​ទូរទស្សន៍​ផ្សេង​ប៉ុណ្ណោះ។ “បើ​ហ្វ្រេកង់​ក្រសួង​ហ្មង គឺ​អស់​ហើយ បើក​ថ្មី​មាន​តែ Share ហ្វ្រេកង់​ពី​គេ តែ​អាច​មាន​ករណី​ខ្លះ គេ​ទិញ​ហ្វ្រេកង់​ទុក​ដែរ មិន​អីចឹង​ទាល់​តែ​ដូរ​ទៅ Digital តែ​ប្រហែល​ជា​យូរ​ទៀត”។ មន្ត្រី​លាក់​មុខ​ថ្លែង៕

 

អត្ថបទ៖ ទារិកា