បក្សកាន់អំណាច ៖ បក្សប្រឆាំងរឿងតូចតាច ពង្រីកឲ្យជារឿងធំ ករណីយកលេស មិនចូលប្រជុំសភា

ភ្នំពេញ ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ថា គណបក្សសង្រ្គោះជាតិ បង្កបញ្ហារឿងតូច ឲ្យក្លាយជាទៅរឿងធំ ហើយបង្កឲ្យ មានបញ្ហាមិនចេះមិនចេះហើយ ក្នុងករណីយកលេស មិនទៅចូលរួមប្រជុំសភា ខ្លាចមិនមានសុវត្ថិភាព។

ការលើកឡើងរបស់អ្នកតំណាងរាស្រ្ត បក្សប្រឆាំងពេលនេះ ក្រោយពីអ្នកតំណាងរាស្រ្ត២នាក់ រងគ្រោះពី ក្រុមបាតុករថ្ងៃទី២៦តុលា ។

ថ្លែងបែបចំអកទៅគណបក្ស សង្រ្គោះជាតិ របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងក្រោយពីតំណាងរាស្រ្ត គណបក្សប្រឆាំងនេះ បានលើកឡើងថា ពហិកាមិនចូលរួមប្រជុំសភា ដរាបណាសុវត្ថិភាពមិនទាន់ ត្រូវបានការពារពេញលេញ។

ប៉ុន្តែសម្តេចស ខេង បានដាក់បទបញ្ជាឲ្យមន្រ្តីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ការពារសុវត្ថិភាពដល់គណបក្សនយោបាយគ្រប់និន្នាការទាំងអស់ ដោយមិនត្រូវរើសអើងឡើយ។

លោក សុខ ឥសាន្ត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា “នេះជាអប្បកិរិយា និងពាក្យសំដីរបស់អ្នកនយោបាយទេ អារឿងតូចមួយហ្នឹងប៉ុនកូនដៃធ្វើឲ្យប៉ុនភ្លៅ និងប៉ុនឈើហ៊ុប ។សភាពការនយោបាយឥឡូវយើងមើល ហើយវាយតម្លៃទៅវាយ៉ាងម៉េច អត់មានបញ្ហាអ្វីសោះហ្នឹង។ បើទៅទីកន្លែងងងឹតម្នាក់ឯងចាំភ័យខ្លាច បើកឡានតាមថ្នល់សោះហ្នឹងភ័យខ្លាចអ្វីទេ”។

លោកបន្តថា ប្រសិនបើជាមានបញ្ហាអសន្តិសុខកើតឡើងដូចគណបក្សប្រឆាំងលើកឡើងមែននោះ មិនមែនផ្សារ សាលារៀន និងទីប្រជុំជននានាបើកដំណើរនោះទេ មុខតែជាបិទអស់ហើយ៕