​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​សាង​សង់រោង​ឆ្មាំ​ចំនួន ២​ខ្នង នៅលើ​ភ្នំ​គូលែន​ដើម្បី​ពង្រឹង​ការងារ​អភិរក្ស​

ភ្នំពេញ:
​ភ្នំ​គូលែន គឺ​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដែល​កំពុង​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី​សំណាក់​ទេសចរ​ជាតិ​និង​អន្តរជាតិ​។ ទន្ទឹមនឹងនេះ ដើម្បី​បញ្ជៀ​ស​នូវ​ផល ប៉ះពាល់​ជា​អតិបរមា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​យកចិត្ត ទុកដាក់​យ៉ាងខ្លាំង ចំពោះ​ការអភិរក្ស​ប្រាសាទ​និង​បុរាណ​នានា​ដែលមាន​នៅលើ​រមណីយដ្ឋាន​ភ្នំ​គូលែន​នេះ ធ្វើយ៉ាងណា​ឲ្យ​ការអភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០១៥ លោក ឈាន រដ្ឋា ប្រធាន​នាយកដ្ឋាន​ស្តីទី របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​មន្ត្រី បុគ្គលិក​ក្រោម​ឱវាទ​ទៅ​សិក្សា​រក​ទីតាំង​ចំនួន ០២​កន្លែង ដើម្បី​ធ្វើការ​សាងសង់​រោង​ឆ្មាំ​ចំនួន ០២​ខ្នង បន្ថែមទៀត នៅលើ​ភ្នំ​គូលែន សម្រាប់​ឲ្យ​បុគ្គលិក​បច្ចេកទេស និង​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​បំពេញការងារ ក៏ដូចជា​ដើម្បី​ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​កិច្ចប្រជុំ ICC អង្គរ លើក​ទី ២៤ នា​ថ្ងៃទី​៤ និង​ទី ៥ ខែមិថុនា​ឆ្នាំ ២០១៥ កន្លងទៅ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ធើ្វ​ការពង្រឹង​ផ្នែក​ធនធានមនុស្ស និង​ធនធាន​សម្ភារៈ ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ​នេះ ប្រកបដោយ​ជោគជ័យ​។ ជា​លទ្ធផល​ក្រុមការងារ​រកបាន​ទីតាំង​ចំនួន ២​ក​នែ្ល​ង ដែលមាន​លក្ខខណ្ឌ​សមស្រប​អាច​សាង​សង់រោង​ឆ្មាំ​ទាំង ២​ខ្នង បាន គឺ​នៅ​តំបន់​ការពារ​ប្រាសាទរោង​ចិន និង នៅ​តំបន់​ការពារ​ស្រះ​ដំរី​។​

​សូមបញ្ជាក់ថា កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សាង​សង់រោង​ឆ្មាំ​ចំនួន ០១​ខ្នង និង​បង្គន់​អនាម័យ​សម្រាប់​ភ្ញៀវទេសចរ​ចំនួន ១​ខ្នង រួចហើយ នៅក្នុង​តំបន់​ព្រះអង្គ​ធំ ត្រង់​វាល​ស្តេច​គម្លង់​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អង្គការ ADF កំណត់​តំបន់​និង​បោះ​បង្គោលព្រំ​ការពារ​ប្រាសាទ​និង​បុរាណ​ដ្ឋា​ន លើ​ភ្នំ​គូលែន​បាន​ចំនួន ៥​តំបន់ និង​បាន​ដាំ​កូនឈើ​ចំនួន ៥០០០​ដើម នៅ​តំបន់​ការពារ​ប្រាសាទ​អ្នកតា​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ដាក់​បុគ្គលិក​ប​ចេ្ច​ក​ទេស ផែ្ន​ក​បុរាណវិទ្យា​ចំនួន​៣​នាក់ និង​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​ចំនួន ៤៨​នាក់ ឲ្យ​បំពេញការងារ​នៅ​ទីនោះ​ផងដែរ​៕​