ប្រធាន​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ទទួល​បាន​ពានរង្វាន់​ជា​សហគ្រិន​វ័យក្មេង ប្រចាំឆ្នាំ​2015

រាជធានី​ភ្នំពេញ ៖ មូលនិធិ Takeda ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​ប្រកាស​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ប្រចាំឆ្នាំ​២០១៥ កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ដែល​មាន​អ្នក​ដាក់​ពាក្យ​ចូលរួម​ចំនួន​៤១​រូប មក​ពី​១៨​ប្រទេស ។ ក្នុង​នោះ​សហគ្រិន​វ័យក្មេង​កម្ពុជា​១​រូប ក៏​ទទួល​បាន​ពានរង្វាន់​ជា​សហគ្រិន​វ័យក្មេង​ប្រចាំឆ្នាំ​២០១៥ នេះ​ដែរ ។

លោក សុង សា​រ៉​ន ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ដែល​ជា​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​របស់​កម្ពុជា ទទួល​បាន​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ប្រចាំឆ្នាំ​២០១៥ នៅ​ក្នុង​គម្រោង «​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សម្រាប់​កសិករ​៣.៥០០​នាក់​នៅ​ប្រទេស​កម្ពុជា​» ។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​មូលនិធិ Takeda ឲ្យ​ដឹង​ថា កម្ពុជា​សល់​ស្រូវ​ច្រើន​លើស​ពី​តម្រូវការ ប៉ុន្តែ​នៅ​មាន​កង្វះខាត​ខាង​រោង​ម៉ាស៊ីនកិនស្រូវ​ទំនើប ។ ចំណែក​ស្រូវ​ដែល​នៅ​សល់​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​។ ការ​នាំ​ចេញ​អង្ករ​ដែល​មានគុណ​ភាព​ខ្ពស់ គឺ​ចាំបាច់​បំផុត​ត្រូវ​រួម​បញ្ចូល​ការ​ប្រមូល ការ​ស្ដុក​ទុក និង​ការ​ចម្រាញ់​អង្ករ ។ ដោយ​មើលឃើញ​បែប​នេះ លោក សុង សា​រ៉​ន ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​ទិញ​ម៉ាស៊ីនកិនស្រូវ​ទំនើប​មក​ដំឡើង ហើយ​ចាប់ផ្ដើម​ណែនាំ​អំពី​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ផលិត​អង្ករ​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​នាំ​ចេញ ។

អេ​ម​រុ រាយ​ស៍ គឺជា​ក្រុមហ៊ុននាំចេញ​អង្ករ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុននាំចេញ​អង្ករ​ធំ​ពីរ​នៅ​កម្ពុជា ។ ក្រុមហ៊ុន​នេះ​មាន​លទ្ធភាព​កិនស្រូវ​ចំនួន​១០០.០០០​តោន ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​១០.០០០​នាក់ ដោយ​សហការ​លើ​វិស័យ​កសិកម្ម ដើម្បី​ធានា​ឲ្យ​មាន​និរន្ដរភាព​ក្នុង​ការ​ផ្គត់ផ្គង់​អង្ករ​បាន​យូរអង្វែង ។ កិច្ចសន្យា​នេះ ក៏​បាន​រួមចំណែក​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ​ផង​ដែរ ។

ទ្រព្យសកម្ម និង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ​បាន​កើនឡើង​ពី​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ទៅ​ដល់​៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្រុមហ៊ុន​បាន​នាំ​អង្ករ​ចេញ​ចំនួន​៥​ម៉ឺន​តោន ក្នុង​តម្លៃ​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ដោយ​មើលឃើញ​ពី​ការ​រីក​ចម្រើន​នៃ​ដំណើរ​របស់​ក្រុមហ៊ុន​នេះ មូលនិធិ Takeda បាន​វាយតម្លៃ​ខ្ពស់​ទៅ​លើ​ការ​ចូលរួម​របស់​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ក្នុង​ការ​ពង្រីក​ការ​នាំ​ចេញ​អង្ករ តាម​រយៈ​ការ​ផ្តល់​នូវ​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​តម្លៃបន្ថែម​អង្ករ បូក​រួម​ទាំង​អង្ករ​សិរី​រា​ង្គ និង​ណែនាំ​អំពី​កសិកម្ម​តាម​កិច្ចសន្យា ដែល​ចូលរួម​ចំណែក​ដល់​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​របស់​កសិករ ។

ពានរង្វាន់​នេះ បើ​តាម​លោក សុង សា​រ៉​ន បញ្ជាក់​ថា លោក​នឹង​ទៅ​ទទួល​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៦ ខាង​មុខ ៕