វៀតណាម​នឹង​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​ជីវ​ប្រេងឥន្ធនៈ ខណៈ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​តាម​និន្នាការ​ពិភពលោក

ប្រទេស​វៀតណាម ៖ អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម លោក Do Thang Hai ថ្លែង​ថា ៖ «​ការិយាល័យ​ទំនាក់ទំនង​កិច្ចការរដ្ឋ ត្រូវ​តែ​ធានា​ឲ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​ជីវ​ប្រេងឥន្ធនៈ​កម្រិត E5 សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​លក់​ចេញ​នៅ​ទូ​ទាំង​ប្រទេស ចាប់ពី​ដំណាច់ខែ​វិច្ឆិកា តទៅ​» ។

លោក​អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បន្ត​ថា ៖ «​ការិយាល័យ​រដ្ឋ​គួរតែ​គាំទ្រ​នូវ​គោលនយោបាយ​នានា​ដើម្បី​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ជួញដូរ​សាំង​ឲ្យ​លក់​សាំង E5 ។ ប្រភេទ​សាំង E5 មាន​ជាតិ​អេតាណុល​៥% និង​សាំង​៩៥% ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ក្នុង​ទី​សាធារណៈ​ពី​គុណប្រយោជន៍​នៃ​ជីវ​ប្រេង ឥន្ធនៈ​» ។

នាយកដ្ឋាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្រោម​ចំណុះ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បង្ហាញ​ថា ៖ «​វៀតណាម​មាន​រោងចក្រ​ផលិត​អេតាណុល​ចំនួន​៧ ក្នុង​នោះ​មាន​៤​រោងចក្រ បាន​ផលិត​សារជាតិ​នេះ​ប្រកបដោយ​គុណភាព​តាម​ស្តង់ដា ដើម្បី​កែ​ច្នៃ​ទៅ​ជា​សាំង E5» ។

រោងចក្រ​ទាំង​៤ មាន​សមត្ថភាព​ផលិត​អេតាណុល​សរុប​ចំនួន​៣១៨.០០០​តោន ហើយ​កែ​ច្នៃ​ជា​សាំង E5 បាន​៤,៧៨​លាន​តោន ។ ជាង​នេះ​ទៀត រោងចក្រ​៣ ត្រូវការ​វិនិយោគ​បន្ថែម​ដើម្បី​ផលិត​អេតាណុល​ដែល​មានគុណ​ភាព​ស្តង់ដា​ខ្ពស់​សម្រាប់​កែ​ច្នៃ​ជីវ​ប្រេងឥន្ធនៈ ។

រហូត​មក​ដល់​ពេល​នេះ សាំង E5 ត្រូវ​បាន​ដាក់​លក់​នៅ​៧​ខេត្ត​-​ក្រុង រួម​មាន ហាណូយ Da Nang, Can Tho និង​ហូ​ជី​មិ​ញ ក្រៅពី​នេះ​មាន Quang Nam, Quang Ngai និង Ba Ria Vung Tau ។ ផលិតផល​នេះ​នឹង​ចាប់ផ្តើម​លក់​នៅ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​៣១ វិច្ឆិកា តទៅ ។

ប្រជាជាតិ​មួយ​នេះ​មាន​ក្រុមហ៊ុន​ផលិត និង​កែ​ច្នៃ​សាំង E5 ចំនួន​៣ រួម​មាន Viet Nam National Oil & Gas Group (PetroVietnam), Vietnam National Petroleum Group (Petrolimex) និង PetroVietnam Oil Corporation (PV Oil) ។

Petrolimex មាន​គម្រោង​ពង្រីក​ប្រព័ន្ធ​លក់រាយ​ប្រេង E5 នៅ​គ្រប់​ស្ថានីយ​សាំង​របស់​ខ្លួន​ទាំងអស់​ទូ​ទាំង​ប្រទេស ។ នៅ​ចុងឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ស្នើ​បណ្តា​ក្រុមហ៊ុន​សាខា​របស់​ខ្លួន​ឱ្យ​រាយការណ៍​ពី​កាលបរិច្ឆេទ​ជាក់លាក់​ស្តី​ពី​ការ​លក់ E5 ក្នុង​ប្រព័ន្ធ​ចែកចាយ​ក្រុមហ៊ុន ។

ខណៈនោះ​ដែរ PetroVietnam មាន​ស្ថានីយ​លក់រាយ​សាំង E5 ចំនួន​៣៥៩​កន្លែង​ក្នុង​ខេត្ត​-​ក្រុង​ចំនួន​៥២ ទូ​ទាំង​ប្រទេស ។ ក្រុមហ៊ុន​កែ​ច្នៃ​បាន​ទិន្នផល E5 សរុប​៨០.០០០​ម៉ែត្រ​គីប​នៃ​សាំង​ក្នុង​មួយ​ឆ្នាំ ដែល​បាន​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ប្រព័ន្ធ​ចែកចាយ​របស់​ខ្លួន ។

នៅ​ចុងឆ្នាំ​២០១៥ ស្ថានីយ​សាំង​របស់ PetroVietnam ក្នុង​ខេត្ត​-​ក្រុង​ចំនួន​៨ នឹង​ដាក់​លក់​តែ​សាំង E5 ប៉ុណ្ណោះ ។ ម្យ៉ាងទៀត ក្រុមហ៊ុន​នឹង​លក់​ផលិតផល​ជីវ​ប្រេងឥន្ធនៈ​បន្ថែម​ទៀត​ក្នុង​រង្វង់​៩០% តាម​ស្ថានីយ​សាំង​របស់​ខ្លួន​ក្នុង​បណ្តា​ខេត្ត​-​ក្រុង​ដែល​សេសសល់​ចុងឆ្នាំ​២០១៦ ។

តម្លៃ​ប្រេងឥន្ធនៈ​នៅ​វៀតណាម​ធ្លាក់​ថ្លៃ​តាម​និន្នាការ​ពិភពលោកក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម (MOIT) ឲ្យ​ដឹង​ថា តម្លៃ​សាំង​លក់រាយ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៧៧០​ដុ​ង ឬ​ស្មើនឹង​១៧.២៣០  ដុ​ង (៧៦​សែន​ដុល្លារ​) ក្នុង​មួយ​លី​ត្រ ។

ចំពោះ​តម្លៃ​ជីវ​ប្រេងឥន្ធនៈ E5 RON 92 ក៏​បាន​ធ្លាក់​ចុះ​៨៨១​ដុ​ង​ផង​ដែរ ឬ​លក់​ចេញ​១៦.៧៣៧​ដុ​ង (៧៤​សែន​ដុល្លារ​) ក្នុង​មួយ​លី​ត្រ ខណៈ​តម្លៃ​ប្រេង​ម៉ា​ហ្សូ​ត​ធ្លាក់​ថ្លៃ​៤៣០​ដុ​ង ឬ​លក់​ចេញ​១៣.៥១០​ដុ​ង (៦០​សែន​ដុល្លារ​) ក្នុង​មួយ​លី​ត្រ ។

តម្លៃ​ប្រេងកាត​បាន​ធ្លាក់​ចុះ​៤៨០​ដុ​ង​ក្នុង​មួយ​លី​ត្រ ឬ​លក់​ចេញ​១២.៥២៣​ដុ​ង (៥៥​សែន​ដុល្លារ​) ខណៈ​ម៉ា​ហ្សូ​ត​ធ្លាក់​៣១៦​ដុ​ង​ក្នុង​មួយ​គីឡូ ឬ​លក់​ចេញ​៩.៥៧១​ដុ​ង (៤៣​សែន​ដុល្លារ​) ។

ជាង​នេះ​ទៀត ក្រសួង MoIT និង​ក្រសួង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រសួង​បាន​ពិភាក្សា​រួច​ហើយ​ក្នុង​ការ​ប្រើប្រាស់​មូលនិធិ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​តម្លៃ​សាំង​ក្នុង​កម្រិត​៣០០​ដុ​ង​ក្នុង​មួយ​លី​ត្រ ។ ចំណែក​ពន្ធ និង​ថ្លៃ​សេវា​ផ្សេង​ៗ​នៃ​ផលិតផល​នៅ​តែ​មិន​ប្រែប្រួល​ដដែល ។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នេះ​អាច​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​លើ​ទីផ្សារ​ពិភពលោក ។

តម្លៃ​សាំង A92 ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​ជាង​ពី​រស​ប្តា​ហ៍​មុន​នេះ គឺ​ចាប់ពី​៦២,៤៣​ដុល្លារ មក​៥៨,១១​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។ តម្លៃ​ប្រេង​ម៉ា​ហ្សូ​ត និង​ប្រេងកាត ក៏​មាន​និន្នាការ​ធ្លាក់​ចុះ​ផង​ដែរ ។

ស្ថិតិ​របស់ MoIT បង្ហាញ​ថា តម្លៃ​សាំង​បាន​ធ្លាក់​ចុះ​ចំនួន​៩​លើក និង​កើនឡើង​៦​លើក រហូត​មក​ដល់​ពេល​នេះ ។
កាលពី​ថ្ងៃ​ទី​១៩ តុលា តម្លៃ​លក់រាយ​សម្រាប់​សាំង RON 92 បាន​ធ្លាក់​ចុះ​១៣៦​ដុ​ង ឬ​លក់​ចេញ​១៨.០០៣​ដុ​ង (៨០​សែន​ដុល្លារ​) ក្នុង​មួយ​លី​ត្រ ៕