កម្មករ​​ជាង​២០០​នាក់មក​ពី​រោង​​ចក្រ​ចំនួន​​២​នៅ​ខេត្ត​តាកែវលើក​គ្នា​តវ៉ា​មុខ​ក្រសួង​ការ​ងារ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កម្មករ​ជាង​​២០០​នាក់​មក​ពី​រោង​ចក្រ​ចំនួន​២ជាសាខា​តែ​មួយ​នៅ​ខេត្ត​តាកែវ បាន​លើក​គ្នា​មក​ដល់​មុខ​ក្រសួង​ការ​ងារ​តាំង​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៥ នេះបន្ទាប់​ពី​តវ៉ា​មុខ​រោង​ចក្រ​នៅ​ខេត្ត​តាកែវ​អស់​ជិត​១​សប្តាហ៍​ហើយ​ដោះ​ស្រាយ​ពុំ​ត្រូវ​​រ៉ូវ​គ្នា​។

រោង​ចក្រ​ដែល​ផ្ទុះ​ការ​តវ៉ា​នេះ គឺរោង​ចក្រ​យាន​ដារ៉ុងហ្វុង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អង្គ​ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​​មាន​កម្មករ​​ធ្វើ​ការសរុប​ចំនួន​១.៥០០​នាក់​ បាន​ផ្ទុះ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​៣០ តុលា ២០១៥ ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ចំនួន​១២​ចំណុច​ ដោយ​ឡែក​រោង​ចក្រ​មួយ​ទៀត​មាន​យីហោ​ហុង​សេន​ថេក​ស្តាយ​ មាន​ទី​តាំង​នៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ មាន​កម្មករ​សរុបចំនួន​១.៨០០នាក់​ បាន​ផ្ទុះ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​២៧ តុលា ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​ចំនួន​១៣​ចំណុច​។

ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ពីពេល​ពួក​គេ​ធ្វើ​ការ​តវ៉ា​នៅ​មុខ​រោង​ចក្រ​មាន​ការ​ចូល​រួម​ដោះ​ស្រាយ​ពី​គណៈ​អភិ​បាល​ខណ្ឌ​ផង​ដែរ ដោយពេល​នោះ​ដោះ​ស្រាយ​ត្រូវ​រ៉ូវ​គ្នា​ហើយ តែ​ខាង​រោង​ចក្រ​មិន​យល់​ព្រម​ទើប​ពួក​គេ​លើក​​គ្នា​មក​មុខ​ក្រសួង​ការ​ងារ​តែម្តង​ ៕