មន្ត្រី​ប៉េ​អឹម​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចោទថា​គំរាមកំហែង​ពួកគាត់

ដោយ​៖​ភួង ផុន 

​ខេត្តរតនគិរី​៖​ប្រជាពលរដ្ឋ ប្រមាណ​ជា​ជិត ១០​នាក់ ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន ចោទប្រកាន់​មន្ត្រី កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់ ពីបទ​គំរាមកំហែង​ពួកគាត់ បង្កើត​ភាពចលាចល​ក្នុងភូមិ​។ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិការ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ ១ សង្កាត់ កា​ចាញ ក្រុង​បាន​លុង​ខេត្តរតនគិរី នាំគ្នា ៦​នាក់ តំណាងអោយ​ប្រជាពលរដ្ឋ ១០​គ្រួសារ មក​ផ្ទះ​ប្រធានភូមិ ដើម្បី​ប្ដឹង លោក មាស កុសល ជាម​ន្ត្រី កងរាជអាវុធហត្ថ​ខេត្ត ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ថា បង្កអោយមាន​ចលាចល ក្នុងភូមិ ដោយ​ចោទប្រកាន់ ពួកគាត់​ថា បំពុល​ឆ្កែ​លួច​មាន់ បាញ់​ដំបូលផ្ទះ ធ្វើអោយ​បែក​គ្បឿង  ព្រមទាំង​បាញ់កាំភ្លើង​គំរាម​ពួកគាត់​ទៀតផង​។​

   លោក យួ​ស ភន ប្រជាពលរដ្ឋ​មានផ្ទះ​នៅ​ជិត​មន្ត្រី ប៉េអឹម រូបនោះ​បានអោយដឹងថា ពួកគាត់ ចង់អោយ​លោក​ប្រធានភូមិ លោកនាយ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់ និង​លោក​ចៅសង្កាត់ ជួយ​សម្របសម្រួល កុំអោយ​លោក​ប៉េអឹម ចេះតែ​បង្កហេតុ ដូចជា ចោទថា​ប្រជាពលរដ្ឋ​ជិតខាង ក្នុងភូមិ បំពុល​ឆ្កែ​គាត់ លួច​មាន់ លួច​ទា​គាត់ យក​ចំ​ពៀម​បាញ់​បំបែក​ក្បឿង​ដំបូលផ្ទះ​គាត់​។  លោក​ប៉េអឹម​រូបនោះ យក​កាំភ្លើង​បាញ់​នៅក្រោយ​ផ្ទះ ដើម្បី​គំរាម ប្រជាពលរដ្ឋ​ក្នុងភូមិ​ថា​គាត់​មាន​កាំភ្លើង​។​

    ករណី​ខាងលើនេះ​លោក ទុយ ម៉ា​នី ប្រធានភូមិ ១ បាន​បញ្ជាក់ថា សំដី​ប្រជាពលរដ្ឋ​លើកឡើង​ជាការ​ពិត ពីព្រោះ​លោក មន្ត្រី​ប៉េអឹម​រូបនេះ តែងតែ​ប្រព្រឹត្ត​របៀបនេះ​មែន​។​

    ជុំវិញ​ករណីនេះ លោក ទន់ ពៅ  ចៅសង្កាត់​កាចា​ញ់ បានអោយដឹងថា លោក​បានអោយ​នគ​បាល​ប៉ុស្ដិ៍ ហៅ​ភាគី​ទាំងសងខាង ទៅធ្វើ​ការណែនាំ សម្របសម្រួល ជាច្រើនលើក​ច្រើនសា​មក​ហើយ ហើយ​ស្វែងរក​ការពិត នៃ​ការចោទប្រកាន់​គ្នា​ទៅវិញ ទៅមក​ក៏​មិនឃើញ​ដែរ​។ រហូត​ធ្វើ​ពាក្យបណ្ដឹង ដាក់​ទៅ​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ទៀត ក៏​រឿងនេះ​នៅតែ​ដដែល​។​

     ជុំវិញ​បញ្ហា​ចោទប្រកាន់​ខាងលើ លោក មាស កុសល ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ដែល មាន​លំនៅ​ក្នុងភូមិ​ខាងលើ បាន​អះអាងថា អ្នកជិតខាង​ក្នុងភូមិ​មានការ​ឈ្នា​និះ មកលើ​រូបគាត់ ពីព្រោះ​អ្នក​ក្នុងភូមិ​រកស៊ី​ឌុប​ឈើ កាលណា​មាន​សមត្ថកិច្ច​ចុះបង្ក្រាប គេ​ចោទ​គាត់​ថា​ជា​អ្នករាយការណ៍ អ្នករស់នៅ​ជិត​ផ្ទះ​គាត់ បើក​អោយគេ​លេងបៀរ ដើម្បី​យក​តុង ពេល​មាន​សមត្ថកិច្ច​ចុះបង្ក្រាប ក៏​គេ​ខឹង​ថា​គាត់​អ្នករាយការណ៍​។ ហើយ​លួច​បាញ់​ដំបូលផ្ទះ​គាត់ ធ្វើអោយ​បែក​ក្បឿង​អស់​ជាច្រើន​កន្លែង ហើយ​ព្យាយាម​លួច​បាញ់​និង​ចំ​ពាម ជា​រៀងរាល់ថ្ងៃ​។​

​គួរ​បញ្ជាក់ថា រឿង​រាវ​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​នេះ ជា​បញ្ហា​ចំរូងចំរាស់ ជាច្រើន​ឆ្នាំ​មកហើយ អាជ្ញាធរ​មូលដ្ឋាន​រក​ការពិត​នៅតែ​មិនឃើញ​។ បាន​ត្រឹម អោយ​ភាគី​ទាំងសង្ខាង​ស្ប​ត់​ស្បែរ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​រឿងនេះ​នៅតែ​ជា​បញ្ហា​ដដែល​ជា​ដដែល​។ ក៏ប៉ុន្តែ​មាន​ពាក្យ​ខ្លះ​បាន​លើកឡើងថា មិនដែល​ប្រជាពលរដ្ឋ មាន​ចំ​ពាម ទៅ​បាញ់​ផ្ទះ​ប៉េអឹម មាន​កាំភ្លើង​នោះទេ​៕ 

មន្ត្រី​ប៉េ​អឹម​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចោទថា​គំរាមកំហែង​ពួកគាត់
មន្ត្រី​ប៉េ​អឹម​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចោទថា​គំរាមកំហែង​ពួកគាត់
មន្ត្រី​ប៉េ​អឹម​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចោទថា​គំរាមកំហែង​ពួកគាត់