ពលរដ្ឋ​3​ភូមិ​លើកគ្នា​តវ៉ាមិន​ទទួល​អ្នក​ផ្គត់ផ្គង់អគ្គិសនី​ថ្មី​ជំនួស​អ្នក​ចាស់

ពលរដ្ឋ​3​ភូមិ​លើកគ្នា​តវ៉ាមិន​ទទួល​អ្នក​ផ្គត់ផ្គង់អគ្គិសនី​ថ្មី​ជំនួស​អ្នក​ចាស់

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​មាន​អ្នក​ថ្មី​បម្រុង​នឹង​បណ្តាក់ទុន​អគ្គិសនី​នៅ​ភូមិ​ចំនួន​បី គឺ​ភូមិ​ឫស្សីស្រុក  ភូមិ​ត្នោត​លើ និង​ភូមិ​ត្នោត​ក្រោម ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា រហូត​មាន​បើក​កិច្ចប្រជុំ​ដោះ​ស្រាយ​ជា​បន្ទាន់​នា​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ។ ប្រជាពលរដ្ឋ​ជាង​៥០០​នាក់​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឃុំ​ឫស្សីស្រុក ទាមទារ​ឱ្យ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​អគ្គិសនី​ដោះស្រាយ ។

អ្នកស្រី​អ៊ុំ ស៊ី​លន់ អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​លើ បាន​លើក​ហេតុផល​ថា ដោយសារ​តែ​នៅ​ភូមិ​របស់​គាត់​មិន​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នោះ​ក៏​នាំ​គ្នា​ធ្វើ​លិខិតស្នើ​សុំ​ទៅ​ម្ចាស់​អគ្គិសនី​ឈ្មោះ​ចិត្ត នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី សន្ធរ ដើម្បី​ត​បណ្តាញ​អគ្គិសនី​ចូល​ក្នុងភូមិ​របស់​គាត់ ។

ក្នុង​ពេល​នោះ​ប្រជាពលរដ្ឋ​ភូមិ​ឫស្សី ស្រុក ភូមិ​ត្នោត​លើ ភូមិ​ត្នោត​ក្រោម រាប់រយ​គ្រួសារ​ដាក់​លិខិត​ដើម្បី​ស្នើ​សុំ​ត​បណ្តាញ​អគ្គិសនី នៅ​ក្នុង​ឆ្នាំ​២០១២ ដោយសារ​អគ្គិសនី​របស់​រដ្ឋ​មិន​ទាន់​មាន  ។ ពួក​គាត់​បាន​ប្រើប្រាស់​ភ្លើងអគ្គិស​នី​​របស់​ថៅកែ​ឈ្មោះ​ចិត្ត នៅ​ព្រែក​ដំបូក​។ កាល​ណោះ​ភ្លើង​មាន​តម្លៃ​៣.៥០០​រៀល ។ ក្រោយមក​មាន​ភ្លើង​រដ្ឋ​ចូល​ដល់ ក៏​បាន​តម​ក​ប្រើ​ក្នុង​តម្លៃ​១​គីឡូវ៉ាត់ម៉ោង​១.១៥០​រៀល ។​លុះដល់​ខែតុលា ២០១៥ តម្លៃ​នៅ​ត្រឹម​១.០០០​រៀល ។

ដោយសារ​តែ​តម្លៃ​ថោក​នេះ​ហើយ​ទើប​អ្នក​ភូមិ​នាំ​គ្នា​ប្រើប្រាស់​សម្ភារ​អគ្គិសនី មាន​ឆ្នាំង​ដាំបាយ ឆ្នាំងអ៊ុត ទូរទស្សន៍ និង​ឧបករណ៍ ផ្សេង​ៗ​ទៀត​ជា​ច្រើន ។ ពេល​ខាង​មុខ​តាម​ដំណឹង​ថា ភ្លើងអគ្គិសនី​នឹង​ធ្លាក់​ចុះ​ត្រឹម​៨០០​រៀល អ្នក​ភូមិ ម្នាក់​ៗ​សប្បាយចិត្ត ត្រេកអរ​ណាស់  ។អ្នក​ភូមិ​នាំ​គ្នា​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា  ដោយសារ​តែ​មាន​អ្នក​ថ្មី​បម្រុង​នឹង​បណ្តាក់ទុន​អគ្គិសនី នៅ​ភូមិ​ទាំង​បី​នោះ ។ អ្នក​ភូមិ​ធ្លាប់​ប្រើប្រាស់​អគ្គិសនី​ចាស់​ដែល​អាច​ទទួលយក​បាន ដូច្នេះ​ចង់​បន្ត​ប្រើប្រាស់​អគ្គិសនី​ចាស់​ដដែល ។

តំណាង​ម្ចាស់​អគ្គិសនី​ថ្មី «​យៀ​ក ម៉ី​» លោក ម៉ៅ កក​ឃាង ឲ្យ​ដឹង​ថា រូប​លោក​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅ​តាម​បណ្តា​ឃុំ​ដូច​ជា កំពង់​រាប មហា​ខ្ញូ​ង ព្រែក រំដេង កោះអណ្តែត ព្រែក​តាន​ង់ និង​ឃុំ​ឫស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ។ សកម្មភាព​ការងារ​ធ្វើ​ដោយ​រលូន​នៅ​តាម​បណ្តា​ឃុំ​ផ្សេង​ៗ​មិន​មាន​បញ្ហា​ទេ តែ​ដល់​ភូមិ​ទាំង​បី​នោះ ក្នុង​ឃុំ​ឫស្សីស្រុក ក៏​មាន​បញ្ហា ។ ការ​តវ៉ា​របស់​ពលរដ្ឋ​រាប់រយ​នាក់​នេះ គឺ​អាច​មាន​មេខ្យល់​ញុះញង់​បង្ក​ជា​បញ្ហា ។

ប្រភព​ដដែល​បញ្ជាក់​ថា​ប្រសិនបើ​អគ្គិសនី​ត​បណ្តាញ​ជោគជ័យ ចំពោះ​តម្លៃនឹង​យក​១.០៥០​រៀល ហើយ​នៅ​ឆ្នាំ​២០១៦ នឹង​យក​តម្លៃ​៨០០​រៀល ។ លោក​ឡាយ វ៉េ​ង​ឃាង ហៅ​ចិត្ត ម្ចាស់​អគ្គិសនី​ចាស់​កាន់​អាជ្ញាប័ណ្ណ​លេខ​២០៧ ឲ្យ​ដឹង​ថា​ពលរដ្ឋ​ដាក់​ពាក្យសុំ និង​បាន​ប្រើប្រាស់​អគ្គិសនី​របស់​លោក​តាំងពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ២០១២ មក​ដល់​បច្ចុប្បន្ន ។ ចំណែក​អាជ្ញាប័ណ្ណ​យៀ​ប ម៉ី ជា​ម្ចាស់​អគ្គិសនី ឃុំ​ឫ​ស្រី​ស្រុក ពុំ​មាន​បណ្តាញ​អគ្គិសនី និង​ពុំ​មាន​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​ទេ ហើយ​នៅ​អំឡុង​ខែមេសា ២០១៥ គេ​ចាប់ផ្តើម​រៀប​បណ្តាញ​អគ្គិសនី នៅ​ក្នុងភូមិ​ទាំង​បី​នោះ និង​មាន​បំណង​ឲ្យ​រូប​លោក​ជា​ម្ចាស់​អគ្គិសនី​ចាស់​ដែល​មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​រាល់ថ្ងៃ​រុះរើ​បណ្តាញ​ចេញ ។

ចំពោះ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​នាំ​គ្នា​តវ៉ា​នៅ​សាលាឃុំ​ឫស្សីស្រុក នា​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា លោក​ឡាយ វ៉េ​ង​ឃាង ប​ដិ​សេ​ដ​ថា​មិន​បាន​ទៅ​បំផុសបំផុល​ទេ ជា​សកម្មភាព​កើត​ចេញពី​ទឹកចិត្ត​របស់​អ្នកស្រុក​សុទ្ធសាធ ។ ពួក​គាត់​សុំ​ប្រើប្រាស់​ភ្លើងអគ្គិសនី​ចាស់​របស់​លោក​ដដែល ព្រោះ​បាន​ប្រើប្រាស់​អគ្គិសនី​របស់​លោក​៤​ឆ្នាំ​ហើយ​មិន​ដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​ទេ ។

ដូច្នេះ​អ្វី​ដែល​អតិថិជន​សំណូមពរ​បែប​ណា​នោះ រូប​លោក​នឹង​ខិតខំ​បំពេញ​តាម​បំណង​ឲ្យ​បាន​ប្រើប្រាស់​យូរអង្វែង​ទៅ​មុខ​ទៀត ។ ការ​ទាមទារ​របស់​ពលរដ្ឋ​ជាង​៥០០​នាក់​នោះ​បាន​បញ្ចប់​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក៏​ដូច​ជា​អាជ្ញា​ធរ​មូលដ្ឋាន​សម្រេច​ឲ្យ​ពួក​គាត់​ប្រើប្រាស់​អគ្គិសនី​ចាស់​ដដែល​៕