​នៅពេល​ដែល​ងូតទឹក​ឱ្យ​ទារក អ្នក​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​?

​នៅពេល​ដែល​ងូតទឹក​ឱ្យ​ទារក អ្នក​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​?

​ការ​ងូតទឹក​ឱ្យ​ទារក​ដែល​តូច​ពិតជា​ពិបាក​ណាស់ ដោយសារ​តែ​វា​មាន​លក្ខណៈ​តូច​ពេក ដូចនេះ​នៅពេល​ដែល​អ្នក​ងូតទឹក​ឱ្យ​ទារក​ដែល​តូច អ្នក​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​ទើប​មិន​ប៉ះពាល់​ដល់​កូន​?

  • ​មុនពេល​ដែល​អ្នក​ងូតទឹក​ឱ្យ​ទារក អ្នក​គួរតែ​ត្រៀម​ខោអាវ និង​ខោ​ទឹកនោម​រួចជាស្រេច បន្ទាប់​មក​តម្រូវ​សីតុណ្ហភាព​បន្ទប់​មក​ត្រឹម​២៤​ដល់​២៦​អង្សា​សេ ទឹក​ដែល​ងូត​ឱ្យ​កូន​ត្រូវ​តែមាន​សីតុណ្ហភាព​ស្រដៀង​នឹង​រាងកាយ​កូន​(៣៧.៥​អង្សា​សេ​) ជាងនេះទៅទៀត អ្នក​មិន​ត្រូវឱ្យ​កូន​ងូតទឹក​ក្រោយពេល​ដែល​ផឹក​ទឹកដោះគោ​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ក្អែរ​ទឹកដោះគោ​ចេញ​មក​បាន ពេល​ដែល​ងូតទឹក​។​
  • ​បន្ទាប់​មក​អ្នក​អាច​ងូតទឹក​ឱ្យ​កូន​ចាប់ពី​ក្បាល រហូត​ដល់​មុខ ទើប​ងូត​ពេញ​ខ្លួន ខ្នង​ក្រោយ ដៃ និង​ជើង​។​
  • ​នៅពេល​ដែល​អ្នក​ងូត​ក្បាល និង​មុខ​ឱ្យ​កូន អ្នក​មិន​ត្រូវ​យក​ទឹក​ចាក់​លើ​មុខ​កូន​ទេ ព្រោះ​ទារក​នៅ​តូច​ណាស់ ដូចនេះ​អ្នក​អាច​យក​បាតដៃ​ខាងឆ្វេង​របស់​អ្នក​ទប់​ក្បាល​របស់​កូន បន្ទាប់មក​យក​មេដៃ និង​ដៃ​កណ្តាល​មក​ទប់​ត្រចៀក​សងខាង​របស់​កូន ដើម្បី​កុំឱ្យ​ចូល​ទឹក រួច​ទើប​យក​កន្សែង​ដែល​ទន់​ជ្រលក់​ទឹក ទើប​ជូត​មុខ​របស់​កូន និង​ត្រចៀក​។​
  • ​នៅពេល​ដែល​ទង​ផ្សិត​របស់​កូន​មិន​ទាន់​ជ្រុះ អ្នក​អាច​ដាក់​កូន​លើ​ដៃ បន្ទាប់មក​យក​កន្សែង​ដែល​ទន់​ជ្រលក់​ទឹក​ជូត​ខ្លួន​កូន​ដោយ​មិន​ត្រូវឱ្យ​ទង​ផ្សិត​កូន​ត្រូវ​ទឹក​ទេ ព្រោះ​កូន​អាច​មាន​ជំងឺឆ្លង​បាន​។​
  • ​ក្រោយពេល​ដែល​អ្នក​ងូតទឹក​ឱ្យ​កូន​រួច អ្នក​ត្រូវ​តែ​ប្រញាប់​យក​កន្សែង​ដែល​ស្ងួត​ទៅ​រុំ​កូន​ឱ្យ​ជិត ដើម្បី​ឱ្យ​កន្សែង​បឺត​យក​ទឹក​ពី​ខ្លួន​កូន រួច​ទើប​ជូត​ត្រចៀក ច្រមុះ និង​ភ្នែក​របស់​កូន​ឱ្យ​ស្អាត​។​

​បញ្ជាក់ ៖ កន្សែង​ដែល​អ្នក​ប្រើ​មក​ងូតទឹក​ឱ្យ​កូន និង​ជូត​ខ្លួន​កូន ត្រូវតែ​ទន់ មិន​ត្រូវ​រឹង​នោះទេ ព្រោះ​វា​ប៉ះពាល់​ដល់​ស្បែក​កូន​ខ្លាំងណាស់ ដោយសារ​តែ​វា​អាចធ្វើឱ្យ​ស្បែក​កូន​របួស​បាន ហើយ​នៅពេល​ដែល​អ្នក​ងូតទឹក​ឱ្យ​កូន មិន​ត្រូវឱ្យ​លើស​ពី​៥​នាទី​ឡើយ​៕
 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។