ស្លាប់​ម្នាក់ របួស​ធ្ងន់​-ស្រាល​៣នាក់​ដោយ​សារ​រន្ទះ​បាញ់​នៅ​ស្រុក​ប្រាសាទ​សំបូរ

ខេត្ត​កំពង់​ធំ​ ៖ ​លោក យ៉េ​ង សា​រ៉េ​ន អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​សំបូរខេត្តកំពង់ធំបាន​​ប្រាប់​ថា​ យ៉ាង​ហោ​ច​ណាស់​បុរស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់ទៀត​របួស​ធ្ងន់​-ស្រាល​​ដោយសារ​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​ កាលពី​រសៀល ​ថ្ងៃ​ទី​០៥ ​វិច្ឆិកា ​២០១៥ នៅ​ចំណុច​ទួល​ពោធិ៍ខាងត្បូង ​ភូមិ​អាត់​ស៊ូ​ចម្ងាយប្រហែល​១.០០០​ម៉ែត្រ​ ខ​ណៈ​​ពេល​​​ពួក​គេ​នាំ​គ្នា​ទៅ​ច្រូតស្រូវ​ពេល​មេឃកំពុង​ភ្លៀង។

ជន​រង​គ្រោះ​ដែល​ស្លាប់ឈ្មោះ ចេ​ង អឿ​ន ភេទ​ប្រុស ​អាយុ​៤៤ឆ្នាំ ប្រពន្ធ​ឈ្មោះ រុន រ៉ា មានកូន​ប្រុស​ស្រី​ចំនួន​៩​នាក់ នៅ​ក្នុង​បន្ទុក រស់នៅ​ក្នុងភូមិ​អាត់​ស៊ូ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ រី​ឯអ្នក​រង​របួស ១-​ឈ្មោះ វិច វ៉ា​ត ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ​​២-​ឈ្មោះ ជាង សា​ម៉​ន ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ និង​​៣-ឈ្មោះ ជួន ជាង ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នក​ស្លាប់​ដែរ​ ។

ក្រោយ​កើត​ហេតុ​ លោក ខៀវ ប៉ា​ង អភិបាលស្រុក​ប្រាសាទ​សំបូ​រ​បាន​ដឹកនាំ​ក្រុមការងារ​នាំ​យក​នូវអំណោយ​របស់​អនុ​សាខា​ស្រុក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សពដើម្បី​ជួយ​សម្រាល និង​ចូលរួម​រំលែក​ទុក្ខ​។ ដំណឹង​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​ឯកឧត្តម ទ្រង់ ព្រមទាំង​សប្បុរសជន សូម​​​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​នេះ​ផង ពួក​គាត់​មាន​ជី​វិភាព​ក្រីក្រ​លំបាក​តោកយ៉ា​ក​ណាស់៕