​ក្រោយ​​​ពី​​​​​​​​​មាន​​​ការ​​​ផ្ទុះ​​​ជំងឺ​​​អេដស៍​​​ ជន​​​រងគ្រោះ​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​អនាគត​​​

ឃុំ​​​រកា ខេត្ត​​​បាត់​​​ដំបង-សោម សារុន​​​​​​ ​​​មិន​​​បាន​​​ធ្វើ​​​ការ​​​​​​ចាប់​​​តាំង​​​ពី​​​​​​ធ្វើ​​​តេស្ត​​​ឈាម​​​ថា​​​មាន​​​​​​​​​​​​មេរោគ​​​អេដស៍​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន។

​ចិញ្ចឹម​​​​​​ក្មួយ​​​ស្រី​​​​​​វ័យ​​​ក្មេង​​​​​​នៅ​​​ឯ​​​ផ្ទះ​​​ម្តាយ​​​​​​​​​នាង​​​នៅ​​​ឃុំ​​​រកា​​​កាល​​​ពី​​​សប្តាហ៍​​​មុន ស្ត្រី​​​មាន​​​វ័យ​​​៣៧​​​ឆ្នាំ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ការ​​​ខ្លាច​​​គេ​​​មើល​​​ងាយ​​​ធ្វើ​​​​​ឲ្យ​​​អ្នក​​​ស្រី​​​​​​មិន​​​ហ៊ាន​​​​​​ដើរ​​​​​លក់​​​ចេក​​​ចៀន​​​​តាម​​​​​​ផ្លូវ​​​ក្រួស​​​ក្រហម​​​​​​ក្នុង​​​ភូមិ​​​នេះ ​​​ដូច​​​​​​ដែល​​​អ្នក​​​ស្រី​​​​​​ធ្លាប់​​​​​​ដើរ​​​លក់​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​មក​​​ហើយ​​​ទេ ព្រោះ​​​តែ​​​មាន​​​ជំងឺ​​​នេះ។

​​​​​​​​​​​​​​​​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​​​​និយាយ​​​ថា “ខ្ញុំ​​​ខ្លាច​​​គេ​​​រើស​​​អើង​​​ ព្រោះ​​​ខ្ញុំ​​​​​​ផ្ទុក​​​​​​​​​អេដស៍​​​។ ឥឡូវ​​​​​​ខ្ញុំ​​​ឈប់​​​ធ្វើ​​​និង​​​លក់​​​ចេក​​​ចៀន​​​ទៀត​​​ហើយ ព្រោះ​​​ខ្ញុំ​​​​​​បារម្ភ​​​ថា​​​អ្នក​​​ភូមិ​​​​​​មិន​​​ហ៊ាន​​​ហូប​​​​​​ចេក​​​ចៀន​​​​​​ខ្ញុំ​​​ទេ។ គេ​​​គិត​​​ថា​​​គេ​​​នឹង​​​ឆ្លង​​​រោគ”។​​​​​​

​នាង សារុន​​​ បាន​​​និយាយ​​​ថា ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​អ្នក​​​ស្រី​​​​​​​​​គឺ​​​ដោយ​​​សារ​​​តែ​​​​​​​​​ឃើញ​​​អ្នក​​​លក់​​​ចំណី​​​អាហារ​​​ផ្សេង​​​ទៀត​​​​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ក្នុង​​​ភូមិ​​​នេះ។​​​

អ្នក​​​ភូមិ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​មាន​​​​​​ស្ត្រី​​​ម្នាក់​​​បាន​​​​​​លក់​​​ប្រហុក ប៉ុន្តែ​​​​​​ក្រោយ​​​ពី​​​គាត់​​​ឆ្លង​​​​​​ជំងឺ​​​អេដស៍​​​ អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​​​​​​​ក៏​​​ឈប់​​​ទិញ​​​​​​ប្រហុក​​​គាត់​​​ដែរ”។​​​​​​

មិន​​​មាន​​​លទ្ធ​​​ភាព​​​​​​ចិញ្ចឹម​​​ខ្លួន​​​ឯង​​​បាន នាង សារុន ដែល​​​មិន​​​ទាន់​​​មាន​​​ប្តី​​​នៅ​​​ឡើយ​​​ និយាយ​​​ថា​​​នាង​​​ពឹង​​​លើ​​​​​​ចំណូល​​​តិច​​​តួច​​​ស្តួច​​​ស្តើង​​​​​​របស់​​​​​​ប្អូន​​​​​​ស្រី​​​នាង​​​​​​ដើ​​​ម្បី​​​គ្រាន់​​​តែ​​​មួយរស់ៗ។​​​

នាង សារុន បាន​​​និយាយ​​​ថា “ឥឡូវ​​​ខ្ញុំ​​​គ្រាន់​​​តែ​​​នៅ​​​ផ្ទះ​​​ ហើយ​​​ធ្វើ​​​ការ​​​ងារ​​​ផ្ទះ​​​​​​ប៉ុណ្ណោះ។ ប្អូន​​​ស្រី​​​​​​នាង​​​​​​បាន​​​​​​ធ្វើ​​​តេស្ត​​​ឈាម​​​ថា​​​មាន​​​​​​មេរោគ​​​អេដស៍​​​​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន។ ការ​​​ផ្ទុះ​​​ជំងឺ​​​បាន​​​ធ្វើ​​​ឲ្យ​​​ឃុំ​​​នេះ​​​ស្ងាត់​​​ជ្រងំ ដែល​​​មាន​​​ចម្ងាយ​​​តែ​​​ពីរ​​​បី​​​គីឡូ​​​ម៉ែត្រ​​​ប៉ុណ្ណោះ​​​​​​ភាគ​​​ខាង​​​កើត​​​​​​នៃ​​​​​​​​​ទី​​​រួម​​​ខេត្ត។​​​​​​

អាជ្ញាធរ​​​បាន​​​បន្ទោស​​​ការផ្ទុះ​​​មេរោគនេះ​​​ទៅ​​​លើ​​​លោក​​​ ញ៉ែម ជ្រិម ជាពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ប៉ុន្តែ មាន​​​ប្រជាប្រិយភាព​​​ក្នុង​​​ភូមិ​​​ ដែលតែង​​​តែ​​​ចាក់ថ្នាំ​​​និង​​​ព្យួរ​​​សេរ៉ូម​​​ដល់​​​ផ្ទះ​​​អ្នកភូមិ​​​នៅ​​​ឃុំ​​​រកា។

មន្ត្រី​​​ប៉ូលិស​​​និង​​​តុលាការ​​​និយាយថា លោក​​​ ជ្រិន ដែល​​​សវនាការ​​​របស់លោក​​​ពីបទ​​​ឃាតកម្ម​​​មាន​​​ស្ថាន​​​ទម្ងន់ទោស​​​ ការចម្លង​​​មេរោគ​​​អេដស៍​​​ដោយ​​​ចេតនា​​​ និង​​​បើក​​​ការព្យាបាល​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​បាន​​​បញ្ចប់​​​កាលពី​​​សប្តាហ៍មុន​​​ ហើយ​​​សាលក្រម​​​នឹង​​​ប្រកាស​​​នៅដើម​​​ខែក្រោយ​​​នេះ​​​ បាន​​ខក​​​ខាន​​​មិន​​​ដូរ​​​សឺរ៉ាំង​​​ពេល​​​ចាក់ថ្នាំ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ឆ្លង​​​ជំងឺ​​​ពីម្នាក់​​​ទៅ​​​ម្នាក់​​។​​​

ចាត់តាំង​​​ពី​​​មាន​​​ការ​​​ផ្ទុះ​​​ជំងឺ​​​នេះដំបូង​​​ក្នុង​​​ខែ​​​ធ្នូ មាន​​​អ្នកភូមិ​​​បាន​​​ឆ្លង​​​ជំងឺ​​​នេះ​​​១០នាក់​​​ ភាគច្រើន​​​ចាស់​​​ជរា​​​បាន​​​ស្លាប់​​។ លោក ប៊ី បេងស៊ នាយក​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​ បាន​​​និយាយថា លទ្ធផល​​​ធ្វើ​​​តេស្ត​​​ជាវិជ្ជមាន​​​ថ្មីៗ​​​បំផុត​​​នៃ​​​វីរុសនេះ​​​ បាន​​​កើត​​​ឡើង​​​ពីរសប្តាហ៍មុន​​​ប៉ុណ្ណោះ​​​។

ឥឡូវ​​​រយៈពេល​​​១០ខែ​​​ ចាប់តាំងពី​​​ការ​​​រាល​​​ដាល​​​ជំងឺ​​​ដំបូង​​​ អ្នកភូមិ​​​ដែលធ្វើ​​​តេស្ត​​​ថាមានជំងឺ​​​នេះ​​​នៅឃុំ​​​រកា​​​ និយាយថា ក្នុងពេល​​​ដែល​​​ការ​​​ភ័យ​​​តក់ស្លុត​​​ដំបូង​​​ព្រោះ​​​ឮថា ពួកគេ​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍បាន​​​ស្ងប់​​​ស្ងាត់​​​ ហើយ​​​ពួកគេ​​​ចាប់​​​ផ្តើម​​​លេប​​​ថ្នាំ​​​ពន្យារ​​​ ពួកគេ​​​នៅ​​​តែ​​​ប្រឈម​​​នឹង​​​ភាព​​​លំបាក​​​ជាច្រើន​​​។

លោក ហាន ស្រី មាន​​​អាយុ​​​៤៦​​​ឆ្នាំ​​​ មាន​​​កូន​​​បីនាក់​​​ គឺពីរនាក់​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ បាន​​​និយាយ​​​ថា គាត់​​​និង​​​គ្រួសារ​​​គាត់​​​ត្រូវគេ​​​រើសអើង​​​ដោយ​​​សារ​​​តែ​​​ផ្ទុក​​​មេរោគ​​​នេះ​​​។

លោក ស្រី បាន​​​និយាយថា “អ្នកស្រុក​​​ផ្សេង​​​រើសអើង​​​យើង​​​។ ពេល​​​គេឮថា យើង​​​មក​​​ពី​​​ភូមិ​​​រកា ពួកគេ​​​ខ្លាច​​​យើង​​​”។

អ្នកភូមិ​​​រូបនេះ​​​បាន​​​និយាយថា “ឧទាហរណ៍​​​ ពេល​​​ខ្ញុំ​​​ទៅមន្ទីរពេទ្យ​​​ខេត្ត​​​ដើម្បី​​​ព្យាបាល​​​កូន​​​ខ្ញុំ​​​ អ្នកដទៃ​​​នឹង​​​មិន​​​មក​​​ក្បែរ​​​យើង​​​ទេ​​​ ពេល​​​ណា​​​គេ​​​ឮថា យើង​​​មក​​​ពី​​​រកា”។​​​​​​​​​​

ទោះជា​​​មាន​​​ការប្រឈម​​​មុខ​​​ទាំងនេះ​​​ក៏ដោយ​​​ ក៏អ្នកភូមិ​​​រូបនេះ​​​និយាយថា បញ្ហា​​​ចម្បង​​​បំផុត​​​ដែល​​​ប្រឈមមុខ​​​គ្រួសាររបស់​​​គាត់​​​ គឺ​​​ការ​​​រក​​​វិធី​​​បន្ត​​​ចិញ្ចឹម​​​ជីវិត​​​។

​​លោក ស្រី​​​ បាន​​​និយាយថា “បញ្ហា​​​ធំ​​​គឺថា ខ្ញុំ​​​មិន​​​អាច​​​ធ្វើការ​​​ធ្ងន់​​​បាន​​​ទេ​​​ឥឡូវនេះ​​​”។ អតីត​​​កសិករ​​​រូប​​​នេះ​​​បាន​​​បញ្ជាក់​​​ថា គាត់​​​មាន​​​អារម្មណ៍​​​ទន់​​​ខ្សោយ​​​ល្ហិតល្ហៃ​​​ជាច្រើន​​​ខែ​​​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​លេប​​​ថ្នាំ​​​ពន្យារ​​​។

លោក ស្រី បាន​​​និយាយបន្ថែម​​​ថា គាត់​​​និង​​​គ្រួសារ​​​គាត់​​​ឥឡូវនេះ​​​ពឹង​​​ផ្អែក​​​លើ​​​មាន់​​​​​​ទា​​​​​​ដែល​​​នៅ​​​សេស​​​សល់​​​ និង​​​ជំនួយ​​​ជា​​​អង្ក​​​ម្តង​​​ម្កាល​​​ពី​​​មន្ត្រី​​​រដ្ឋាភិបាល ​​​និងអង្គការ​​​ផ្តល់​​​ជំនួយ​​​នានា​​​។

លោក ស្រី បាន​​​និយាយ​​​ថា “ខ្ញុំ​​​​​​​​​ចិញ្ចឹម​​​ជ្រូក​​​ខ្លះ​​​នៅផ្ទះ​​​ ហើយ​​​ជួន​​​កាល​​​ក្រុម​​​ផ្តល់​​​ជំនួយ​​​មនុស្សធម៌​​​ និង​​​អ្នកនយោបាយ​​​ឧបត្ថម្ភ​​​ជាអង្ក​​​ និង​​​ម្ហូបអាហារ​​​ផ្សេងៗ​​​ទៀត​​​ ដូច្នេះ​​​ខ្ញុំ​​​អាច​​​បន្ត​​​រស់នៅ​​​។ ប៉ុន្តែ ខ្ញុំ​​​ព្រួយ​​​ថា រដ្ឋាភិបាល​​​នឹង​​​មិន​​​ផ្តល់​​​លុយកាក់​​​ ឬ​​​របស់​​​របរ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​ជួយ​​​យើង​​​ជានិច្ចទេ”។

​​អង្គុយ​​​ជុំវិញ​​​តុ​​​មួយ​​​នៅខាង​​​ក្រៅ​​​ការិយាល័យ​​​ព្រះពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ ជាអង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ក្នុង​​​ស្រុក​​​ លោក លឿម ឡម អាយុ​​​៥២​​​ឆ្នាំ បាន​​​និយាយថា ទោះបី​​​ជា​​​គាត់​​​លែង​​​ឈឺចាប់​​​ពី​​​លេប​​​ថ្នាំ​​​ពន្យារ​​​​​​ ដែល​​​ធ្វើ​​​ឲ្យ​​​គាត់​​​មិន​​​អាច​​​ហូប​​​អាហារ​​​បាន​​​​​​ក៏​​​ដោយ​​​ ក៏គាត់​​​នៅ​​​តែ​​​មាន​​​អារម្មណ៍​​​ឈឺ​​​ និង​​​ខ្សោយ​​​។

លោក ឡម បាន​​​និយាយ​​​ថា “កាលពី​​​មុន ខ្ញុំ​​​អាច​​​ទៅ​​​ស្រែ​​​ស្ទួង​​​ស្រូវ ហើយ​​​ទៅស្ទឹង​​​ដើម្បី​​​ស្ទួច​​​ត្រី​​​ ប៉ុន្តែ ពេល​​​នេះ​​​ខ្ញុំ​​​មិន​​​ទៅ​​​បាន​​​ទេ​​​។ ខ្ញុំ​​​មិន​​​មាន​​​កម្លាំង​​​គ្រប់​​​គ្រាន់​​​ទេ​​​”។

​​ដោយ​​​មាន​​​ការ​​​ឧបត្ថម្ភ​​​ពី​​​អង្គការ​​​ព្រះពុទ្ធសាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ លោក ឡម បាន​​​និយាយថា លោក​​​អាច​​​រក​​​លុយកាក់​​​បាន​​​ខ្លះ​​​ដោយ​​​ជួយ​​​ធ្វើការ​​​ស្ម័គ្រចិត្ត​​​ឲ្យ​​​អង្គការ​​​នេះ ​​​ហើយ​​​បណ្តុះ​​​ផ្សិត​​​នៅក្រោយ​​​ការិយាល័យអង្គការ ដោយ​​​រក​​​ចំណូល​​​បាន​​​៤៥​​​ដុល្លារ​​​ក្នុង​​​មួយខែ​​។ ប៉ុន្តែ គាត់​​​បាន​​​និយាយ​​​ថា វា​​​មិន​​​ទាន់​​​គ្រប់គ្រាន់​​​នៅឡើយ​​​ទេ​​​។​​​

លោក ឡម បាន​​​និយាយថា “ខ្ញុំ​​​សូម​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយយើង​​​បង្កើត​​​មុខ​​​របរ​​​ និង​​​ផ្តល់​​​កញ្ចប់​​​លុយ​​​ខ្លះៗ​​​ដល់​​​យើង​​​។ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មិន​​​ជួយ​​​អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ទេ អ្នកភូមិ​​​មិន​​​អាច​​​រស់​​​បាន​​​ឡើយ”។

ប៉ុន្តែ មិន​​​មែន​​​អ្នក​​​ភូមិ​​​ទាំង​​​អស់​​​សុទ្ធតែ​​​យល់​​​ថា ការ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​របស់​​​គេ​​​រារាំង​​​ពួកគេ​​​ពីការ​​​ធ្វើ​​​ការងារ​​​ទេ​​​។

cam-photo-roka-800x574អង្គុយ​​​ព័ទ្ធជុំវិញ​​​ដោយ​​​សមាជិក​​​គ្រួសារ​​​របស់គាត់​​​ គឺ​​​មាន​​​១៨​​​នាក់​​​​​​​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅឯផ្ទះ​​​ឈើ​​​តូច​​​មួយ​​​របស់​​​គាត់​​​ លោកយាយ​​​ ឆាយ យ៉ាវ អាយុ៧៨ បាន​​​មាន​​​ប្រសាសន៍​​​ថា សាច់​​​ញាតិ​​​របស់​​​គាត់​​​នៅ​​​តែ​​​ប្រឹង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ ទោះបី​ផ្ទុក​​​មេរោគ​​​អេដស៍​​​ក៏ដោយ។​​​​​​

មាន​​​ការ​​​យល់​​​ស្រប​​​ពីសាច់​​​ញាតិ​​​របស់​​​គាត់ លោកយាយ​​​ យ៉ាវ ដែល​​​ចៅ​​​ស្រី​​​​​​អាយុ​​​ប្រាំពីរ​​​ខែ​​​របស់​​​គាត់​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺអេដស៍​​​កាលពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ បាន​​​មាន​​​មន្ទិល​​​​​​សង្ស័យ​​​ចំពោះ​​​ការ​​​អះអាង​​​របស់​​​អ្នក​​​ជិត​​​ខាង​​​របស់​​​គាត់​​​ដែល​​​ថា ពួកគេ​​​ខ្សោយ​​​ពេក​​​មិន​​​អាច​​​ធ្វើ​​​ការ​​​ដាំដុះ​​​បាន​​​។

លោក​​​យាយ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ប្រហែល​​​គេ​​​ចង់​​​បាន​​​លុយកាក់​​​ពីរដ្ឋាភិបាល​​​ ឬ​​​អង្គការ​​​ផ្តល់​​​ជំនួយ​​​ដោយ​​​និយាយ​​​ថា ពួកគេ​​​ខ្សោយពេក​​​មិន​​​អាច​​​ធ្វើ​​​ការ​​​កើត​​​។ យើង​​​បន្ត​​​ធ្វើ​​​ស្រែ​​​ដូច​​​មុន​​​អ៊ីចឹង​​​ តើ​​​យើង​​​អាច​​​រស់​​​បាន​​​ទេ បើ​​​យើង​​​មិន​​​ធ្វើ​​​ស្រែ”។

លោក ជួប សុខ​​​​​​ចំរើន នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា ជា​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​បង្ការ​​​មេរោគអេដស៍ ដែល​​​ផ្តល់​​​​​​មូលនិធិ​​​​​​ដល់​​​អង្គការ​​​ពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ បាន​​​និយាយ​​​ថា គេ​​​យល់​​​ថា​​​អ្នក​​​ភូមិ​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​​​​ការ​​​វិល​​​ត្រឡប់​​​ទៅ​​​រក​​​ជីវិត​​​ធម្មតា​​​វិញ។​​​​​​​​​​​​

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក សុខចំរើន​​​ បាន​​​និយាយ​​​ថា​​​​​​បញ្ហា​​​ទំនង​​​ជា​​​ផ្អែក​​​លើ​​​ការ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​ចិត្ត​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ឆ្លង​​​​​​មេរោគ​​​អេដស៍ ជាជាង​​​ការ​​​ស្តែង​​​ចេញ​​​ផ្នែក​​​រាង​​​កាយ។

លោក សុខចំរើន​​​ បាន​​​និយាយ​​​ថា “ករណី​​​ឃុំ​​​រកា​​​ គឺ​​​ពិត​​​ជា​​​​​​ស្ថានភាព​​​ខុស​​​គ្នា ដែល​​​ក្រុម​​​គ្រួសារ​​​មួយ​​​មាន​​​ឆ្លង​​​ពីរ​​​ឬ​​​បី​​​នាក់​​​។​​​​​​ រឿង​​​នេះ​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​ជួប​​​បញ្ហា​​​លំបាក។ គេ​​​​​​មិន​​​មាន​​​ទឹក​​​ចិត្ត​​​ គេ​​​មិន​​​មាន​​​​​​​​​សង្ឃឹម​​​​​​​​​​​​​​​ដោយសារ​​​តែ​​​មាន​​​ជំងឺ​​​នេះ”។​​​​​​​​​​​​​​​​​​

លោក​​​នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា បាន​​​និយាយ​​​ថា​​​ក្នុង​​​ពេល​​​ដែល​​​ការ​​​ប្រឹង​​​ប្រែង​​​​​​ផ្តល់​​​ការ​​​ពិគ្រោះ​​​​​​​​​ផ្នែក​​​ផ្លូវ​​​ចិត្ត​​​​​​ដោយ​​​អង្គ​​​ការ​​​ពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ រួម​​​មាន​​​​​​ការ​​​នាំ​​​អ្នក​​​ដែល​​​ឆ្លង​​​​​មេរោគ​​​អេដស៍​​​​​​​​​ពី​​​តំបន់​​​ផ្សេងៗ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​​​​មក​​​និយាយ​​​រៀប​​​រាប់​​​ពី​​​បទ​​​ពិសោធ​​​ផ្ទាល់​​​ខ្លួន​​​​​​ដើម្បី​​​ប្រាប់​​​​​​អ្នកភូមិ​​​រកា​​​ គឺ​​​បាន​​​ជួយ​​​កាត់​​​បន្ថយ​​​អារម្មណ៍​​​ឈឺ​​​ចាប់​​​​​​របស់​​​អ្នក​​​ឆ្លង​​​មេរោគ​​​អេដស៍ តែ​​​បញ្ហា​​​នៅ​​​តែ​​​មាន​​​នៅ​​​ឡើយ។​​​

នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា បាន​​​និយាយ​​​ថា “ស្ថានភាព​​​គឺ​​​ខុស​​​គ្នា។ នេះ​​​ជា​​​ហេតុ​​​ដែល​​​អ្នក​​​ខ្លះ​​​​​​មិន​​​អាច​​​ធ្វើ​​​ស្រែ​​​បាន​​​ពេញ​​​ដៃ​​​ពេញ​​​ជើង​​​ ពួកគេ​​​មិន​​​អាច​​​រក​​​ចំណូល​​​បាន ព្រោះ​​​ពួកគេ​​​ព្រួបារម្ភ​​​អំពី​​​ជំងឺ​​​នេះ”។​​​ លោក​​​​​​បាន​​​និយាយ​​​ថា ភាពអាម៉ាស់​​​ដែល​​​អ្នក​​​ភូមិ​​​ប្រឈម​​​មុខ​​​ក៏​​​បាន​​​រួម​​​ចំណែក​​​​​​​​​​​​ក្នុង​​​​​​ការ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​ចិត្ត។

លោក ទា ផល្លា អនុប្រធាន​​​មជ្ឈមណ្ឌល​​​ជាតិប្រយុទ្ធនឹង​​​ជំងឺអេដស៍ សើស្បែក​​​ និង​​​កាមរោគ បាន​​​និយាយថា លោកជឿជាក់​​​ថា កិច្ច​​​ប្រឹងប្រែងរបស់​​​​​​រដ្ឋាភិបាល​​​និង​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​ដើម្បី​​​កាត់​​​បន្ថយ​​​ភាព​​​ខ្មាស់អៀន​​​បាន​​​ទទួល​​​ជោគជ័យ។

លោកវេជ្ជបណ្ឌិត​​​ ផល្លា បាន​​​និយាយថា “ទាក់ទង​​​នឹង​​​ភាព​​​អាម៉ាស់​​​ និងការរើសអើង​​​ ខ្ញុំគិត​​​ថា យើង​​​បាន​​​ធ្វើ​​​ច្រើន​​​រួច​​​មកហើយ​​​ ដើម្បី​​​ប្រយុទ្ធប្រឆាំង​​​នឹង​​​រឿងនេះ”។​​​​​​​​​​

លោកវេជ្ជបណ្ឌិត ផល្លា បាន​​​និយាយ​​​បន្ថែមថា “យើង​​​ធ្វើការ​​​ជាមួយ​​​សាលា​​​ យើង​​​ធ្វើ​​​ការ​​​ជាមួយ​​​អាជ្ញាធរ​​​មូលដ្ឋាន យើង​​​ធ្វើ​​​ការ​​​ជាមួយ​​​អ្នកភូមិ​​។ ពេលណា​​​យើង​​​ជួបប្រទះ​​​ភាព​​​អាម៉ាស់ និង​​​ការ​​​រើសអើង​​​ យើង​​​ត្រូវ​​​ចាត់វិធានការ​​​…. ហើយ​​​មាន​​​ដំណោះស្រាយ។ ឥឡូវនេះ ពលរដ្ឋ​​​យល់​​​ច្បាស់​​​  លោកដឹង​​​ហើយ​​​ គឺ​​​ថា ការ​​​ហូប​​​អាហារ​​​ជាមួយគ្នា​​​ ការលេង​​​ជាមួយ​​​គ្នា​​​ មិន​​​ឆ្លង​​​មេរោគ​​​អេដស៍ទេ​​​”។

លោកវេជ្ជបណ្ឌិត ផល្លា បានមាន​​​ប្រសាសន៍​​​បន្ថែមថា ក្នុងពេល​​​ដែល​​​រដ្ឋាភិបាល​​​មាន​​​ផែនការ​​​ក្នុង​​​ថវិកា​​​ឆ្នាំ​​​២០១៦ ដើម្បី​​​ជួយ​​​ឃុំរកា​​​ដោយ​​​មាន​​​គម្រោង​​​ជាច្រើន​​​ រួមមាន​​​ អនាម័យ​​​ទឹកស្អាត​​​ ការឧបត្ថម្ភ​​​ផ្នែកសង្គម​​​ និង​​​ការងារ​​​ប្រព័ន្ធ​​​ធារាសាស្ត្រ​​​ បាន​​​ផ្តល់​​​ថវិកា​​​សាងសង់​​​អគារ​​​ពីរជាន់​​​ មាន​​​គ្រែ២០​​​ បន្ថែម​​​ទៅនឹង​​​មណ្ឌល​​​សុខភាពឃុំ​​​ ហើយ​​​ជុសជុល​​​ផ្លូវថ្នល់​​​ទៅដល់​​​ឃុំនោះ​​​ គឺ​​​មាន​​​សារៈសំខាន់​​​ដែល​​​ថា អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅភូមិ​​​រការ​​​មិន​​​ពឹង​​​ផ្អែក​​​លើ​​​ជំនួយ​​។

លោកវេជ្ជបណ្ឌិត ផល្លា បាន​​​និយាយ​​​បន្ថែមថា “បញ្ហា​​​សំខាន់​​​បំផុត​​​ ថាតើ​​​អ្នក​​​​​​​​ឆ្លង​​​មេរោគអេដស៍​​​ឬអត់​​​ទេ គឺ​​​​​​ថា​​​ជាការ​​​តស៊ូ​​​ដើម្បី​​​រស់​​”។ លោកវេជ្ជបណ្ឌិត​​​រូបនេះ​​​បាន​​​បន្ថែម​​​ថា អង្គការ​​​ពុទ្ធសាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ បាន​​​ជួយ​​​បង្កើត​​​ក្រុម​​​ជួយ​​​ខ្លួន​​ឯង​​​ដែល​​​មាន​​​អ្នក​​​ភូមិ​​​រកា​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ចំនួន​​​១៤​​​នាក់​​​ក្នុងការ​​​ផ្តល់​​​ប្រឹក្សា​​​នៅ​​​ក្នុង​​​ឃុំនោះ។​​​

ជាជាង​​​ពឹង​​​ផ្អែក​​​តែ​​​ទៅ​​​លើ​​​ជំនួយ​​​ឧបត្ថម្ភ​​​ លោកវេជ្ជបណ្ឌិត​​​ ផល្លា បាន​​​និយាយបន្ថែមថា “យើង​​​កំពុង​​​កសាង​​​ភាព​​​រឹងមាំ។ ផ្នែក​​​នៃ​​​រឿងនេះ​​​មិនមកពី​​​ខាង​​​ក្រៅទេ ប៉ុន្តែ ចេញ​​​មក​​​ពី​​​ខាង​​​ក្នុង​​​សហគមន៍​​​ នៅក្នុង​​​ប្រជាពលរដ្ឋ​​​ខ្លួនឯង​​​ ដូច្នេះ​​​អ្នកដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​អាច​​​មាន​​​ឥទ្ធិពល​​​លើ​​​អ្នក​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​”។

ត្រឡប់​​​មក​​​ឃុំរកាវិញ នាង សារុន បាន​​​និយាយថា ក្នុង​​​ពេល​​​ដែល​​​​​​នាង​​​និង​​​អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ដទៃ​​​ទៀត ​​​លែង​​​មាន​​​អារម្មណ៍​​​តក់ស្លុត​​​ដូច​​​ដែល​​​ពួកគេ​​​ដឹងថា​​​ឆ្លង​​​មេរោគ​​​អេដសន៍​​​ដំបូងទៀត​​​ហើយ​​​នោះ​​​ តែ​​​ការ​​​ពឹង​​​ផ្អែក​​​លើ​​​ខ្លួនឯង​​​អាច​​​ត្រឹម​​​តែ​​​ដោះស្រាយ​​​បញ្ហា​​​របស់​​​សហគមន៍​​។​​​

អតីតអ្នកលក់​​​ចេកចៀន​​​រូបនេះ​​​បាន​​​និយាយថា “ខ្ញុំច​​​ង់​​​ឲ្យ​​​អង្គការ​​​និង​​​រដ្ឋាភិបាល​​​ជួយ​​​យើង​​​នៅពេល​​​អនាគត​​​ទៀត​​​។ ខ្ញុំ​​​ខ្លាច​​​ថា ប្រសិន​​​បើ​​​គេ​​​មិន​​​ជួយ​​​យើង យើង​​​នឹង​​​ព្រួយ​​​បារម្ភ​​​អំពី​​​សុខភាព​​​របស់​​​យើង​​​​​​”៕​​​រើន

 

 

The post ​ក្រោយ​​​ពី​​​​​​​​​មាន​​​ការ​​​ផ្ទុះ​​​ជំងឺ​​​អេដស៍​​​ ជន​​​រងគ្រោះ​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​អនាគត​​​ appeared first on ខេមបូឌា ដេលី.