ប្រទះឃើញ​បុរស​ម្នាក់​ដេក​សន្លប់​ស្ដូកស្ដឹង​នៅលើ​ផ្លូវ​ទំនប់​កប់​ស្រូវ​

ភ្នំពេញ: ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដេក​សន្លប់​ស្ដូកស្ដឹង នៅក្បែរ​មាត់ទឹក​លើផ្លូវទំនប់​កប់​ស្រូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ ចំណុច​ផ្លូវ​ទំនប់​កប់​ស្រូវ  នៅ​ក្រុម​៦ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌសែន​សុខ​។ ដែល​គេ​សង្ស័យថា គាត់​ត្រូវ​ថ្នាំ​សណ្ដំ​។​

​បុរស​ម្នាក់នេះ​ពុំ​ត្រូវបាន​គេ​ស្គាល់ អត្ដ​សញ្ញាណ​នៅឡើយ​ទេ​គ្រាន់តែ​ដឹងថា គាត់​មានអាយុ​ជាង​៣០​ឆ្នាំ កម្ពស់​១,៦០ ម៉ែត្រ ពាក់​អាវយឺត​ដៃខ្លី​ស្លៀកខោ​ជើង វែង​និង​មានសម្បុរ​ខ្មៅ​ស្រអែម​។​

​បើតាម​ប្រភពពី​លោក ញាន នន នាយប៉ុស្ដិ៍​នគរបាល​ឃ្មួញ​បាន​ឲ្យ​ដឹងថា នៅវេលាម៉ោង​ខាងលើ​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​បានឃើញ​បុរសខាងលើ​កំពុង​ដេក​សន្លប់​ស្ដូកស្ដឹង​នៅ មាត់ទឹក​លើផ្លូវ​ទំនប់​កប់​ស្រូវ​ហើយ​ត្រូវប្រជាពលរដ្ឋ​ទាំងនោះ​ស្មានតែ​ស្លាប់​បាត់ទៅហើយ ។ ពេលនោះ​លោក​បាន​ចុះទៅពិនិត្យឃើញ​បុរស​ខាងលើ​នៅមាន​ដង្ហើម លោក​ក៏​ទាក់ទង​ហៅ​រថយន្ដ​សាមុយដឹកយក​ទៅ​មន្ទីរពេទ្យបង្អែក​អន្លង់​ក្ងាន​ដើម្បី​ជួយសង្គ្រោះ​ជីវិត ៕

ប្រទះឃើញ​បុរស​ម្នាក់​ដេក​សន្លប់​ស្ដូកស្ដឹង​នៅលើ​ផ្លូវ​ទំនប់​កប់​ស្រូវ​