មិត្តភាពជាមួយក្រុមអាហ្រ្វិក នៅយប់នេះកម្ពុជា អាចបាត់សមាជិកសំខាន់ៗច្រើន

ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ នឹង​​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​កីឡាករ​​​អាហ្វ្រិក​​ប្រកប​អាជីព​បាល់​ទាត់​នៅ​កម្ពុជា( African All Star ) ​នៅពហុកីឡដ្ឋាន​ជាតិ​ នា​​យប់​​ម៉ោង​ ៦:៣០​នាទី​ថ្ងៃ​សុ​ក្រ​នេះ ដើម្បី​កម្តៅ​ដាច់​ដុំ​លើក​ចុង​ក្រោយ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជម្រុះ​ពាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី ជា​មួយ​ក្រុម​អាហ្វហ្គានីស្ថាន នា​ថ្ងៃទី​១២ ខែវិច្ឆិកា ខាង​មុខ។
2
​​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​​នេះ សមាជិកសំខាន់ៗ​មក​ពី​ក្លិប​​បឹង​កេតអង្គរ រួម​មាន​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, ហុង ផេង, សុខ សុវណ្ណ, រស់ សំអឿន និង​អ្នក​ចាំ​ទី ស៊ូ យ៉ាទី និង​សមាជិក​៣​នាក់​ទៀត​មក​ពី​ក្លិប​ណាហ្គាវើល មាន គួច សុកុម្ភៈ សុខ រិទ្ធី និង ញឹម សុវណ្ណារ៉ា អាច​នឹង​មិន​ត្រូវ​បាន​ដាក់​ឲ្យ​លេង​នោះ​ទេ ព្រោះអ្នក​ទាំង​នេះ ត្រូវ​ត្រៀម​ខ្លួន​ប្រកួត នៅ​ពេល​​បឹង​កេតអង្គរ ​ធ្វើ​ការ​ប្រកួត​​ខ្វែង​ជើង​ទី​២​ជាមួយ​ក្រុម​​ណាហ្គាវើល នៅ​ល្ងាច​ថ្ងៃ​សៅរ៍។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​​​​ការ​ប្រកួត​មិត្ត​ភាព​ ​មិន​មាន​ការ​លក់​សំបុត្រ​សម្រាប់​អ្នក​ចូល​ទស្សនា​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​​លើក​នេះ កម្ពុជា នៅ​សល់​សមាជិក​ជា​ច្រើន​ទៀត មក​ពី​ក្លិប​ស្វាយ​រៀង ភ្នំពេញ​ក្រោន អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រសួង​ការពារជាតិ ដើម្បី​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង African All Star នៅ​ថ្ងៃ​សុក្រ​នេះ។
1
កីឡាករ​ក្មេងៗ ប្រមាណ​៦នាក់ ​ដែល​ត្រូវ​បានកោះ​ហៅ​ឲ្យ​ចូល​​ប្រមូល​ផ្តុំ​​លើក​នេះ អាច​នឹង​ត្រូវ​ដាក់ឲ្យ​​​លេង​ច្រើន ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នេះ។ នេះ​បើ​តាម​​ការ​បង្ហើប​ឲ្យ​ដឹង​របស់​លោក Lee Tae Hoon គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​​ក្នុង​សន្និសីទ​កាសែត ស្តីពី​ការ​ប្រកួត​មិត្ត​ភាព​​កម្ពុជា ជាមួយក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ កន្លង​មកមក។

​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េខាង​ត្បូង​រូប​នេះ​បាន​និយាយ​ថា៖​«​ការ​ប្រមូល​ផ្តុំ​លើក​នេះ យើង​មាន​ចែក​ជា​២​ក្រុម គឺ​ទី​១ ត្រៀ​ម​ការ​ប្រកួត​ World Cup នឹង​មួយ​ក្រុម​ទៀត ត្រៀម​ការ​ចេញ​ទៅ​ប្រកួត​ពាន​មួយ​ទៀត​នៅ​ចិត្ត​ ហេតុ​នេះ​ការ​ប្រកួត​ជាមួយ​ប្រ៊ុយណេ យើង​ត្រូវដាក់​កីឡាករ​សំខាន់ៗ ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​ជម្រុះ World Cup ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន រីឯ​ក្រុម​ក្មេងៗ យើងនឹង​ដាក់​ឲ្យ​លេង​ក្នុង​ការ​ប្រកួត​មិត្ត​ភាព នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា(ថ្ងៃ​សុក្រ​នេះ) ដើម្បី​ឲ្យ​ពួក​គេបាន​ដក​ស្រង​បច្ចេក​ទេស និង​ពង្រឹង​សមត្ថ​ភាព»៕