ជិះ​ម៉ូតូ​បុក​អ្នក​ថ្មើ​រជើង​ដួល ​រថយន្ត​មក​ដល់​កិន​បែកក្បាល​ស្លាប់​

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ស្រា​បៀរ​កិន​បែកក្បាល​ស្លាប់​ជាប់​ក្រោម​រថយន្ត ​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​បុក​អ្នក​ថ្មើរជើង​ដើរ​ឆ្លងផ្លូវ​ ហើយ​ដួលខ្លួន​ឯង​ចូល​ក្រោម​រថយន្ត​ ចំណែក​អ្នក​ដើរ​ក៏រង​របួសធ្ងន់​​​ដែរ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥ ​វិ​ច្ឆិ​កា នៅ​តាម​ផ្លូវជាតិ​លេខ​៥​ខាងត្បូង​សាលា​ខណ្ឌឫស្សីកែវ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។

ជន​រង​គ្រោះ​ដែល​​​ស្លាប់​ឈ្មោះ​ប៊ូ ណា​រិ​ទ្ធ​ ភេទ​ប្រុស ​​​អាយុ​៤៤​ឆ្នាំ​ ​មុខ​របរ​រត់​ម៉ូតូឌុប ​ស្នាក់​នៅ​ផ្ទះ​លេខ​២៨៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​​​ចំណែក​អ្នក​ថ្មើរជើង​រង​របួស​ឈ្មោះ​លាង សុខ​ឃី​ម ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ មាន​លំនៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។

តាម​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​កិន​មនុស្ស​ស្លាប់​ជា​រថយន្ត​ដឹក​ស្រា​បៀរ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​២R៤៨៨១ បើកបរ​ដោយ​ឈ្មោះ​ឆ​ន អ៊ី​ឈុ​ន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​០៣០ ភូមិ​រការ​បាញ់ ឃុំ​វ​ល្លិ៍ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​៕