ពេល​នេះ ! កម្មករ​រោង​ចក្រ​មក​ពី​ខេត្ត​តាកែវ​​តវ៉ា​មុខ​ក្រសួង​ការ​ងារ​បាន​រំសាយ​ហើយ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣រសៀល ថ្ងៃ​ទី​៦ វិច្ឆិកា នេះ កម្មករ​រោង​ចក្រ​ចំនួន​២ដែល​លើក​គ្នា​មក​ពី​ខេត្ត​តាកែវ​តវ៉ា​មុខ​ក្រសួង​ការ​ងារ​បាន​នាំ​គ្នា​ឡើង​រថយន្ត​ត្រឡប់​ទៅ​​វិញ​ហើយ បន្ទាប់​ពី​គណៈ​កម្មការ​ដោះ​ស្រាយ​វិវាទ​គ្រប់​មុខ​សញ្ញា​របស់​ក្រសួង​ការ​ងារ​បាន​ទទួល​យក​ញត្តិ​ និង​សន្យា​ចុះ​ទៅ​ដោះ​ស្រាយ​ដល់​រោង​ចក្រ។

គួរ​បញ្ជាក់​ថា កម្មករ​ជាង​២០០​នាក់​មក​ពី​រោងចក្រ​ចំនួន​២​ជា​សាខា​តែ​មួយ​នៅ​ខេត្តតាកែវ បាន​លើកគ្នា​មក​ដល់​មុខក្រសួង​ការងារ​តាំងពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៥ នេះ​បន្ទាប់​ពី​តវ៉ា​មុខ​រោងចក្រ​នៅ​ខេត្តតាកែវ​អស់​ជិត​១​ស​ប្តា​ហ៍​ហើយ​ដោះស្រាយ​ពុំ​ត្រូវរ៉ូវ​គ្នា​។

រោងចក្រ​ដែល​ផ្ទុះ​ការ​តវ៉ា​នេះ គឺ​រោងចក្រ​យាន​ដា​រ៉ុ​ង​ហ្វុ​ង ស្ថិត​ក្នុងភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​មាន​កម្មករ​ធ្វើការ​សរុប​ចំនួន​១.៥០០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​តាំងពី​ថ្ងៃ​ទី​៣០ តុលា ២០១៥ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចំនួន​១២​ចំណុច ដោយឡែក​រោងចក្រ​មួយទៀត​មាន​យីហោ​ហុង​សេន​ថេ​ក​ស្តាយ មា​នទី​តាំងនៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ មាន​កម្មករ​សរុប​ចំនួន​១.៨០០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​តាំងពី​ថ្ងៃ​ទី​២៧ តុលា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១៣​ចំណុច​។

ប្រភព​បានឱ្យ​ដឹង​ថា កាលពី​ពេល​ពួក​គេ​ធ្វើការ​តវ៉ា​នៅ​មុខ​រោងចក្រ​មានការ​ចូលរួម​ដោះស្រាយ​ពី​គណៈ​អភិបាល​ខណ្ឌ​ផង​ដែរ ដោយពេល​នោះ​ដោះស្រាយ​ត្រូវរ៉ូវ​គ្នា​ហើយ តែ​ខាង​រោងចក្រ​មិន​យល់ព្រម​ទើប​ពួក​គេ​លើកគ្នា​មក​មុខក្រសួង​ការងារ​តែ​ម្តង ​៕