រាជរដ្ឋាភិបាល​បញ្ឈប់​សិទ្ធិ​ប្រមូល​ចំណូល​លក់​ប័ណ្ណ​ទស្សនា​អង្គរវត្ត​ពី​ក្រុមហ៊ុន​សុខា​អូ​តែ​ល​ របស់​ឧកញ៉ា​ សុខ​ គង់​

​មន្ត្រី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺ​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ នា​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​បញ្ឈប់​សិទ្ធិ​លើ​ការ​ធ្វើ​សេវាកម្ម​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ ពី​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ដោយ​រាជរដ្ឋាភិបាល​ធ្វើការ​គ្រប់គ្រង​ផ្ទាល់​វិញ​ ក្រោម​រូបភាព​សហគ្រាស​សាធារណៈ​ រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​ អាជ្ញាធរ​អប្សរា​ តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធាន​ បាន​ចុះ​កិច្ចសន្យា​សម្បទាន​មួយ​ ដោយ​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ធ្វើ​សេវា​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ ដែល​ក្នុង​នោះ​ចំណូល​ដុល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ ត្រូវ​បង់ពន្ធ​អាករ​លើ​តម្លៃបន្ថែម​(VAT១០%)​ បង្កើត​មូលនិធិ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ (១៥%)​ ដក​ចំណែក​របស់​ក្រុមហ៊ុន​(១៥%)​ ហើយ​សល់​ពី​នោះ​ ត្រូវ​បង់​ចូល​ថវិការដ្ឋ​ ។​

​អសមត្ថភាព​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សេវា​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ដោយ​ផ្ទាល់​ខ្លួនឯង​ ហើយ​បែរជា​ប្រគល់​សិទ្ធិ​ជួល​ឲ្យ​ទៅ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ដែល​គេ​ស្គាល់​ថា​ ជា​ថៅកែ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច​ និង​ថៅកែ​វិនិយោគ​សេវា​ប្រមូល​ចំណូល​នៅ​រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ​រាប់​ឆ្នាំ​នោះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​រិះគន់​នានា​លើក​ឡើង​ថា​ "​មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់​"​ ។​

​តួលេខ​ចំណូល​ដុល​រយៈពេល​៦​ឆ្នាំ​ជាប់ៗ​គ្នា​ បាន​មក​ពី​ការ​ធ្វើ​សេវា​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ជំនួស​អាជ្ញាធរ​អប្សរា​ មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រធាន​នោះ​ មាន​ដូច​តទៅ​ ៖

-​ឆ្នាំ​២០១០​ ចំនួន​ ៣៣.១១៣.៥០០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១១​ ចំនួន​ ៤២.១៨៥.៣០០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១២​ ចំនួន​ ៥១.៣១៩.១៨០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៣​ ចំនួន​ ៥៧.៦៨៧.៦៨០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៤​ ចំនួន​ ៥៩.៣៤២.០០០​ ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៥​ (​រយៈពេល​១០​ខែ​)​ ចំនួន​ ៤៧.៦៨១.០៨០​ ដុល្លារ​អា​មេ​រិ​ក​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នឹង​រង់ចាំ​តាមដាន​មើល​ តើ​ការ​ស្វែងរក​ចំណូល​ និង​ការ​គ្រប់គ្រង​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ គ្រប់គ្រង​ផ្ទាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​រូបភាព​សហគ្រាស​សាធារណៈ​វិញ​នោះ​ មាន​ភាពល្អ​ប្រសើរ​ជាង​ការ​គ្រប់គ្រង​ផ្ទាល់​ដោយ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ដែរ​ឬទេ​ និង​កម្រិត​កើនឡើង​យ៉ាងណា​ ?​ ៕​

រាជរដ្ឋាភិបាល​បញ្ឈប់​សិទ្ធិ​ប្រមូល​ចំណូល​លក់​ប័ណ្ណ​ទស្សនា​អង្គរវត្ត​ពី​ក្រុមហ៊ុន​សុខា​អូ​តែ​ល​ របស់​ឧកញ៉ា​ សុខ​ គង់​